វិបត្តិនៅអាហ្វហ្កានីស្ថាន

ស្ថានទូតចិន និងរុស្សីមិនមានផែនការជម្លៀសពលរដ្ឋខ្លួនចេញពីអាហ្វហ្កានីស្ថានទេ


ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិងកំពុងព្យាយាមជម្លៀសប្រជាជនខ្លួន រួមទាំង បុគ្គលិក និង មន្ត្រីទូតចេញពីប្រទេសអាហ្វហ្គានីស្ថាន ស្ថានទូតចិន និងស្ថានទូតរុស្សីឯណោះវិញ នៅតែបន្តការងារដូចធម្មតា ដោយទូតស្ថានរបស់ចិនបានស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធ ធានាឲ្យបានពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និង ផលប្រយោជន៍របស់ប្រទេសចិនដែលមានក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ឧទ្ធម្ភាគចក្រអាមេរិក ជម្លៀសមន្រ្តីទូតរបស់ខ្លួនចេញពីក្រុងកាប៊ុលរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់វាយដណ្តើមបានរដ្ឋធានីមួយនេះនៅថ្ងៃទី១៦ សីហា ឆ្នាំ២០២១ (រូបភាព៖ AP)

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​គូសបញ្ជាក់​ថា ស្ថានទូត​បាន​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុម​តា​លី​បង់​រួច​ហើយ ដោយ​ស្ថានទូត​ចិន​នឹង​មិន​ជម្លៀស​ចេញ​ទៅ​ណា​នោះ​ទេ ប៉ុន្តែ​ភាគី​ទាំងអស់ ជា​ពិសេស​ក្រុម​តា​លី​បង់​ត្រូវ​ធានា​ឲ្យ​បាន​ពី​សុវត្ថិភាព​នៃ​ពលរដ្ឋ​ចិន ស្ថាប័ន​របស់​ចិន និង ជា​រួម​ប្រយោជន៍​របស់​ប្រ​ទស​ចិន​។ ដោយឡែក ស្ថានទូត​រុ​ស្សី​ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​បាន​អះអាង​ស្រ​ដៀង​គ្នា​នឹង​ចិន​ដែរ​ថា ពួក​គេ​គ្មាន​គម្រោង​ក្នុង​ការ​ជម្លៀស​ពលរដ្ឋ ឬ​មន្ត្រី​ស្ថានទូត​ខ្លួន​ចេញពី​ក្រុង​កា​ប៊ុល​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ទេ​។

ជា​ការ​ឆ្លើយ​តប តាម​រយៈ​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​ធានា​ថា រាល់​ស្ថានទូត និង ស្ថាប័ន​នានា​របស់​ប្រទេស​ជា​មិត្ត​ក្នុង​ទីក្រុង​កា​ប៊ុល នឹង​មាន​សុវត្ថិភាព ស្រប​ពេល​ដែល​ពួក​គេ​វាយ​ដណ្តើម​បាន រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​នេះ​រួច​ទៅ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៦ សីហា​។

គួរ​រំឭក​ថា សហរដ្ឋអាមេរិក​បាន​ចំណាយពេល​អស់ ២០​ឆ្នាំ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន បូក​រួម​ទាំង​ការ​ហ្វឹកហាត់​ផ្នែក​យោធា និង ជំនួយ​សព្វាវុធ​ទំនើប​ៗ​ដល់​វិស័យ​យោធា​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ថ្វី​ត្បិត​ថា កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួល​បានការ​ហ្វឹកហាត់​បែប​នេះ​ក្ដី ក៏​នៅ​តែ​មិន​អាច​ទប់ទល់​ជាមួយ​ក្រុម​តា​លី​បង់​បាន​ដែរ ដោយហេតុ​ថា ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មួយ​នេះ មាន​អំពើ​រពុក​រលួយ លួច​លក់​អាវុធ​ជំនួយ​របស់​អា​មេ​រិ​ក និង ការ​កេងប្រវ័ញ្ច​ប្រាក់ខែ​កូនទាហាន ដែល​កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​យោធា​អា​ហ្វ​ហ្កា​នី​ស្ថាន​មិន​មាន​ភាពរឹងមាំ​ក្នុង​ការ​តតាំង​ជាមួយ​ក្រុម​តា​លី​បង់​បាន​។

សង្គ្រាមនៅអាហ្វហ្កានីស្ថាន (រូបភាព៖ Xinhua)

ក្រោយ​កា​រដក​កងទ័ព​របស់​សហរដ្ឋអាមេរិក​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ពេល​នេះ​សង្គ្រាមរ៉ាំរ៉ៃ​រវាង​ក្រុម​ឧទ្ទាម​តា​លី​បង់ និង រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ត្រូវ​បាន​ក្រុម​តា​លី​បង់​ប្រកាស​បិទ​បញ្ចប់​ហើយ ក្រោយ​ពួក​គេ​វាយ​ដណ្តើម​បាន​រដ្ឋធានី កា​ប៊ុល និង ចូល​គ្រប់គ្រង​វិមាន​ប្រធានាធិបតី​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ ខណៈ​លោក​ប្រធានាធិបតី លោក អះ​រ៉ា​ស​ហ្វ ហ្គា​នី (Ashraf Ghani) បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​បាត់​ស្រមោល​។

ចង់​ដឹង​ទេ ថា​តើ​ក្រោយ​បញ្ចប់សង្គ្រាម​នេះ តើ​ក្រុម​តា​លី​បង់​នឹង​មាន​ផែនការ​រៀបចំ​ដឹកនាំ​ប្រទេស​យ៉ាងដូចម្ដេច?

ក្រុម​តា​លី​បង់​បាន​អះអាង​ថា ក្រោយ​កងទ័ព​បរទេស​ចាក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់ ពួក​គេ​នឹង​រៀបចំ​ប្រទេស​នេះ​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​តាម​បែប​បើកចំហ ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ី​ស្លា​ម​។

យ៉ាងណាមិញ ពួក​គេ​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​ច្រើន​ទេ​ជុំវិញ​បញ្ហា​នេះ ដោយ​គ្រាន់តែ​បាន​និយាយ​ថា ការ​រៀបចំ​ប្រទេស​បែប​ណា​នោះ គឺ​យើង​នឹង​អាច​ដឹង​បាន​ឆាប់​ៗ​ខាង​មុខ​នេះ​បន្ទាប់​ពី​កងទ័ព​បរទេស​បាន​ចាកចេញ​អស់ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ប៉ុន្តែ​ក្រុម​តា​លី​បង់​បាន​សង្កត់ធ្ងន់​ថា នឹង​មិន​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​មានការ​ភិតភ័យ​នោះ​ទេ ដោយ​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន​ដូច​ធម្មតា​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក និង ប្រទេស​សម្ព័ន្ធមិត្ត​ឯទៀត បាន និង​កំពុង​ជម្លៀស​បុគ្គលិក មន្ត្រី​ស្ថានទូត និង ពលរដ្ឋ​របស់​ខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន តាម​រយៈ​ព្រ​លាន​យន្តហោះ​ទីក្រុង​កា​ប៊ុល ដោយ​រដ្ឋបាល​លោក​ចូ បៃ​ឌិន បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​កងទ័ព សរុប ៦.០០០​នាក់​ទៅ​ជួយ​ជម្លៀស​ពលរដ្ឋ​អា​មេ​រិ​ក​ឲ្យ​អស់​ក្នុង​រយៈពេល ៤៨ ម៉ោង គិត​ចាប់តាំងពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​មក​។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ មាន​ប្រទេស​ចំនួន ៦៥ លើកលែងតែ​ចិន និង រុ​ស្សី តាម​រយៈ​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់ រួម​ទាំង​ក្រុម​តា​លី​បង់ សូម​ឲ្យ​គោរព និង​ជួយ​សម្រួល​ដល់​ការ​ចាកចេញ​ប្រកបដោយ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​របស់​ជនបរទេស និង ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ណា ដែល​មាន​បំណង​ចង់​ចាក​ចេញពី​ប្រទេស​មួយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសហហិរញ្ញប្បទានទ្រទ្រង់វិស័យ SME ជំហានទី២ មានទំហំទឹកប្រាក់១០០លានដុល្លារ ត្រូវបានដាក់ឲ្យដំណើរការ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) ជំហានទី២ បន្ទាប់ពីការអនុវត្តគម្រោងសហហិ…

ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅវៀតណាមទទូចឲ្យប្រធានាធិបតីអាមេរិកផ្ដល់វ៉ាក់សាំងឲ្យវៀតណាមឲ្យបានឆាប់

ព័ត៌មាន
ប្រធានក្រុមហ៊ុន និង នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិកដែលរកស៊ីនៅវៀតណាមប្រមាណ៩០ក្រុមហ៊ុន បានទទូចស្នើទៅកាន់ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ