សារព័ត៌មាន Financial Times បានចុះផ្សាយដោយយោងលើឯកសារសម្ងាត់មួយរបស់សេតវិមាន ដែលខ្លួនទទួលបានថា ក្រុមហ៊ុនយក្ស Alibaba របស់កំពូលមហាសេដ្ឋីចិន Jack Ma បានផ្តល់ជំនួយការគាំទ្រផ្នែកបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការយោធាចិន ប្រឆាំងនឹងគោលដៅនានារបស់សហរដ្ឋអាម៉េរិក។ ប៉ុន្តែសារព័ត៌មាននេះ មិនបានបញ្ជាក់ថា ឯកសារសម្ងាត់ចេញផ្សាយតាំងពីពេលណានោះទេ ចំណែកឯសេតវិមាន ក៏មិនបានធ្វើអត្ថាធិប្បាយនោះដែរជុំវិញឯកសារសម្ងាត់នេះ។
ជាការឆ្លើយតបក្រុមហ៊ុនយក្ស Alibaba បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថា វាមិនមែនជាការពិតនោះទេ ហើយថា ការទម្លាយព័ត៌មានសម្ងាត់មិនពិតនេះ គឺជាការប៉ុនប៉ងបំផ្លាញកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានឯកភាពជាមួយមហាយក្សចិន។
គួររំឭកថា លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង ទើបតែបានជួបចរចាដោយផ្ទាល់នៅប្រទេសកូរ៉េខាងត្បូង កាលពីខែមុន ហើយបានព្រមព្រៀងបញ្ចុះពន្ធគយបដិការ និងផ្អាកការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររយៈពេល១២ខែ។ អ្នកវិភាគមួយចំនួននិយាយថា ឯកសារសម្ងាត់របស់សេតវិមាននោះ មានភាពមិនច្បាស់លាស់នោះទេ ហើយបង្កឱ្យមានការចោទសួរថា តើក្រុងវ៉ាស៊ីនតោន មានចេតនាមិនគោរពកិច្ចព្រមព្រៀងនេះ ឬយ៉ាងណា។ ការទម្លាយឯកសារសម្ងាត់របស់សេតវិមាននេះកើតមានឡើង ស្របពេលដែលម៉ូឌែលបច្ចេកវិទ្យា AI ឈ្មោះ Qwen របស់ក្រុមហ៊ុនយក្ស Alibaba កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាអាម៉េរិក៕
ដោយ: តែម សុខុម