អាជីវកម្មខ្នាតតូច

គណៈរដ្ឋមន្ត្រីថៃ អនុម័តកម្មវិធីជំនួយសម្រាប់សម្រួលបញ្ហាបំណុលដល់អាជីវកម្មខ្នាតតូច


គណៈរដ្ឋមន្រ្តីថៃ បានអនុម័តកម្មវិធីជំនួយមួយចំនួនសម្រាប់ជួយសម្រួលបញ្ហាបំណុលដល់អាជីវកម្មខ្នាតតូចក្នុងប្រទេស ស្របពេលដែលមជ្ឈមណ្ឌលសា្រវជ្រាវកសិករ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ ពី៣% មកនៅត្រឹម២,៥% ដោយសារតែផលប៉ះពាល់នៃការថមថយសេដ្ឋកិច្ចសកល ជាពិសេស គឺស្ថានភាពក្នុងប្រទេសចិន។
អាជីវកម្មខ្នាតតូច
ដោយ

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា គណៈរដ្ឋ មន្ត្រីថៃ បានអនុម័តការព្យួរបំណុលសម្រាប់អាជីវកម្មខ្នាតតូច និងដាក់ចេញនូវយន្តការគាំទ្រសម្រាប់កូនបំណុល ដែលជាអាជីវករលក់រាយនានានៅក្នុងប្រទេស។ លោកបានអះអាងថា កម្មវិធីនេះ គឺជាផ្នែកមួយនៃផែនការ ដើម្បីជួយប្រជាជនថៃ ប្រមាណជា១០លាននាក់ ដែលកំពុងជួបបញ្ហាលំបាក។

នៅពេលនេះគេដឹងថា ស្ថានភាពបំណុលរបស់ពលរដ្ឋក្នុងប្រទេសថៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអគ្នេយ៍ កំពុងតែមានបញ្ហា ខណៈដែលស្ថិតិបំណុលគ្រួសារបានកើនឡើងរហូតដល់ទៅជិត៩១% នៃអត្រាផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមចុងត្រីមាសទី២។

លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ក្រៅពីបញ្ហាបំណុល រដ្ឋាភិបាលលោក ក៏កំពុងតែព្យាយាមរក្សាតម្លៃប្រេងម៉ាស៊ូតឱ្យស្ថិតក្នុងកម្រិតប្រហែល៣០បាតប្រមាណជាង៣,៥០០រៀលក្នុងមួយលីត្រ និងការឧបត្ថម្ភធនថ្លៃអគ្គិសនីផងដែរដើម្បីបន្ថយថ្លៃចំណាយជីវភាព។

ស្របពេលដែលរដ្ឋាភិបាលកំពុងតែខិតខំដោះស្រាយបញ្ហាសេដ្ឋកិច្ចបែបនេះ មជ្ឈមណ្ឌលស្រាវជ្រាវកសិករ (Kasikorn Research Center) បានអះអាងថា ដោយសារតែការថមថយសេដ្ឋកិច្ចសកល និងបញ្ហាសេដ្ឋកិច្ចនៅប្រទេសចិន ការព្យាករអំពីកំណើនសេដ្ឋកិច្ចនៅថៃ ត្រូវបានទម្លាក់ពី៣% មកនៅត្រឹម២,៥% ក្នុង២០២៣នេះ។

លោក ប៊ូរិន អាឌុលវឌ្ឍនា ( Burin Adulwattana) នាយកគ្រប់គ្រងមជ្ឈមណ្ឌលស្រាវជ្រាវកសិករបានមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះដែលបានជះផលប៉ះពាល់លើពាណិជ្ជកម្មពិភពលោក និងថៃ។ លោកបានបន្តថា ស្ថានភាពនេះឆ្លុះបញ្ចាំងពីការថយចុះនៃវិស័យផលិតកម្មទូទាំងពិភពលោក ជាពិសេសក្នុងប្រទេសចិន និងអាល្លឺម៉ង់ ដែលសុទ្ធតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ។ លើសពីនេះ ស្ថានភាពសេដ្ឋកិច្ចចិននៅទន់ខ្សោយនៅឡើយ ដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ។ ស្ថានភាពនេះក៏បានជះឥទ្ធិពលដល់ការរំពឹងទុករបស់វិស័យទេសចរណ៍ថៃផងដែរ។

លោកបានបន្ថែមថា ការដែលវិស័យទេសចរណ៍ថៃ មិនទាន់ងើបឡើងវិញពេញលេញគួបផ្សំជាមួយការធ្លាក់ចុះជាបន្តបន្ទាប់ នៃវិស័យផលិតកម្ម និងការកើនឡើងនូវបំណុលគ្រួសារ គឺសុទ្ធតែជាផលអវិជ្ជមាន ដែលមានមកលើសេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហានិភ័យធំៗ៤ ដែលវិស័យអចលនទ្រព្យថៃ ងាយរងគ្រោះនៅឆ្នាំក្រោយ ដែលកម្ពុជាមិនគួរមើលរំលេង

ព័ត៌មាន
ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍មួយបានព្យាករថា មានកត្តាចំនួន៤ អាចនឹងជះផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យអចលនទ្រព្យនៅប្រទេសថៃ ក្នុងឆ្នាំ២០២៤ រ…

តម្រូវការទំនិញចិន សម្រាប់រៀបចំបុណ្យណូអែលក្នុងទីផ្សារអាម៉េរិក និងអឺរ៉ុប ធ្លាក់ចុះខ្លាំង

ព័ត៌មាន
បុណ្យណូអែលមិនទាន់ចាប់ផ្តើមផង ក៏មានសេចក្តីរាយការណ៍ថា ហាងចិនមួយចំនួនដែលលក់ទំនិញសម្រាប់រៀបចំបុណ្យណូអែល បានបិទជាបណ្តើៗហើយ ខណៈដែលតម្រូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ