លោកបានដាក់ជីវិតទាំងស្រុងទៅលើមុខជំនួញអចលនទ្រព្យរបស់លោកអស់រយៈពេលជាង ២០ឆ្នាំកន្លងមកហើយ ធ្វើការដោយចិត្តស្មោះស្ម័គ្រ ដោយបេះដូង រហូតប្រែក្លាយជីវិតលោក ពីអ្នកកាសែតក្លាយទៅជាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោមួយនៅប្រទេសកម្ពុជា។
បច្ចុប្បន្ន ឧកញ៉ា ចេង ខេង គឺជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល (CPL) ដ៏ធំជាងគេមួយនៅប្រទេសកម្ពុជា ហើយលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាល របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ។
តើមូលហេតុអ្វីខ្លះបានជាឧកញ៉ា ចេង ខេង ចាប់អារម្មណ៍រកស៊ីនៅក្នុងវិស័យដីធ្លី? ហើយលោកបានបង្កើតគោលការណ៍យុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងបែបនេះ?
ឧកញ៉ា ចេង ខេង បានផ្តល់បទសម្ភាសន៍ពិសេសមួយដល់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស ជុំវិញជីវិតការងារនិងភាពជោគជ័យនៅក្នុងមុខជំនួញអចលនទ្រព្យ។
មុននឹងចាប់ផ្តើមអាជីវកម្មដីធ្លីនេះ ពីមុន លោក ចេង ខេង បានធ្វើជាអ្នកចែកចាយកាសែត អ្នកកាសែត រហូតក្លាយជាចាងហ្វាងកាសែត។ ដោយសារតែលោកមើលឃើញឱកាសរកស៊ីនៅក្នុងវិស័យដីធ្លីល្អ គួបផ្សំនឹងប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ពិសេស លោកមើលឃើញថា អ្នកមានជាច្រើននៅលើពិភពលោក គឺសុទ្ធតែកើតចេញពីការរកស៊ីវិនិយោគនៅក្នុងវិស័យដីធ្លីនេះតែម្តង ទើបធ្វើឲ្យលោក ចេង ខេង សម្រេចចិត្តបោះបង់ចោលការងារជាអាជីពកាសែតប្រចំា ទៅស្រវាចាប់យកជំនួញថ្មី គឺជំនួញដីធ្លី ជាភ្នាក់ងារបម្រើសេវាកម្មអចលនទ្រព្យ។
ចង់រកស៊ីវិស័យអចលនទ្រព្យ តើត្រូវមានមូលដ្ឋានគ្រឹះអ្វីខ្លះ និងធនធានអ្វីខ្លះ?
លោកឧកញ៉ា ចេង ខេង បានអះអាងថា មុខរបរបម្រើសេវាកម្មអចលនទ្រព្យនេះ មិនចាំបាច់ប្រើដើមទុននោះទេ សំខាន់ត្រង់ថា យើងស្រលាញ់ការងារនេះ ធ្វើចេញពីចិត្ត ពីបេះដូង អត់ធ្មត់តស៊ូជាមួយការងារ នោះជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ លោកចង់ប្រាប់ថា មានមនុស្សជាច្រើននាក់មកហើយ ដែលមានលុយរាប់លានដុល្លារ រកស៊ីក្នុងវិស័យនេះទទួលនូវភាពបរាជ័យ។ ដោយសារតែពួកគេទាំងអស់នោះធ្វើតាមគេ ឃើញគេបើកអាជីវកម្មបម្រើសេវាកម្មដីធ្លី ក៏បើកតាមគេ ដោយមិនបានសិក្សាច្បាស់លាស់ ហើយក៏មិនដាក់ចិត្តធ្វើចេញពីបេះដូងពិតប្រាកដដែរ។
កាលពីលោកបើកជំនួញសេវាកម្មអចលនទ្រព្យមួយនេះ លោកគ្មានលុយ គ្មានធនធានមនុស្សគ្រប់គ្រាន់ទេ ប៉ុន្តែដោយសារការស្រលាញ់ពេញចិត្ត និង ការតាំងចិត្តខ្ពស់របស់គាត់ ទើបធ្វើឲ្យលោក ចេង ខេង ទទួលបានជោគជ័យមកដល់ពេលនេះដែរ។
លោកឧកញ៉ា ចេង ខេង ជួបឧបសគ្គអ្វីខ្លះ? ប្រើយុទ្ធសាស្ត្រ ឬរូបមន្តអ្វីខ្លះដើម្បីភាពជោគជ័យ?
ទន្ទឹមនឹងការជោគជ័យនៅក្នុងជំនួញអចលនទ្រព្យនេះ លោកបានជួបឧបសគ្គជាច្រើនជាមួយនឹងការប្រកួតប្រជែងគ្នាគ្រប់រូបភាពដើម្បីដណ្តើមយកទីផ្សារ ក៏ដូចជាអតិថិជន។
“ត្រូវគិតឲ្យធំ ធ្វើឲ្យល្អបំផុត ធ្វើឲ្យអស់លទ្ធភាពដែលយើងចង់បាន”
មុខរបរបម្រើសេវាកម្មអចលនទ្រព្យនេះ លោកថា គឺមានភាពផុយស្រួយណាស់។ យើងធ្វើការជាមួយចិត្តនិងចិត្ត គេចង់បានអី យើងបម្រើទៅតាមសេចក្តីត្រូវការរបស់អតិថិជន ថែរក្សាអតិថិជន កុំឲ្យថ្នាំងថ្នាក់ចិត្ត បម្រើឲ្យមានប្រសិទ្ធភាព។ បើនិយាយរឿងការងាររកស៊ី មុខជំនួញណា ក៏មានការប្រកួតប្រជែងគ្នាដែរ ប៉ុន្តែ មុខជំនួញអចលនទ្រព្យ លោកគិតថា មានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ។ ដោយសារយើងរកស៊ីក្នុងវិស័យនេះ ភាគច្រើនទាក់ទងតែជាមួយអ្នកដែលមានលុយ អ្នកមានមុខមាត់នៅក្នុងសង្គម។ ពួកគាត់ទាំងនោះ ចង់បានអ្វីដែលល្អ មានគុណភាព ដូច្នេះ យើងព្យាយាមអត់ធ្មត់នូវអ្វីៗគ្រប់បែបយ៉ាង ដូច្នេះ យើងត្រូវមានភាពវៃឆ្លាត ធ្វើការឲ្យរហ័ស ធ្វើឲ្យបានទៅតាមការត្រូវការរបស់អតិថិជនរបស់យើង។ នោះយើងនឹងឈ្នះការប្រកួតប្រជែងហើយ។
លោក ចេង ខេង បានប្រកាន់ខ្ជាប់គោលការណ៍ដែលធ្វើលោកជោគជ័យនៅក្នុងមុខជំនួញអចលនទ្រព្យ ជាង២០ឆ្នាំកន្លងមកនេះ ដោយបានរៀបរាប់ថា លោកបានសាកល្បងរូបមន្តរកស៊ីនៅក្នុងវិស័យអចលនទ្រព្យជាច្រើននៅក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
ពីមុនមក លោកចាប់ផ្តើមរកស៊ីនៅក្នុងវិស័យដីធ្លីនេះ គឺគ្មានចេះដឹងអ្វីទាំងអស់ និយាយជារួម គាត់រៀនបណ្តើរ ធ្វើការបណ្តើរ រៀនពីកំហុសមួយទៅកំហុសមួយ ពីបទពិសោធន៍មួយទៅបទពិសោធន៍មួយ ពីអតិថិជនម្នាក់ ទៅអតិថិជនម្នាក់ រហូតដល់លោកអាចបង្កើតគោលការណ៍ និងដាក់ចេញជារូបមន្តមួយចំនួន ដូចជា ធ្វើការងារដោយក្តីស្រលាញ់ ពេញចិត្តនឹងកិច្ចការងារនេះ ពិសេស ធ្វើការដោយបេះដូង។
លោកថា ដើម្បីបង្កើតគោលដៅសម្រេចជោគជ័យ ត្រូវបង្កើតផែនការច្បាស់លាស់ មុននឹងធ្វើអ្វីៗ ត្រូវសិក្សាពីទីតាំងឲ្យលម្អិត បើចង់បានលុយ យើងត្រូវដាក់ផែនការជាក់លាក់ ត្រូវយកឲ្យបានប៉ុន្មានលានដុល្លារក្នុងមួយឆ្នាំ? យើងត្រូវមានទំនាក់ទំនងល្អជាមួយអតិថិជន។ យើងគិតពីគុណភាពបម្រើសេវាកម្មឲ្យល្អ និងប្រសិទ្ធភាពការងារ យើងកុំមើលឃើញលុយជាធំពេក។ យើងត្រូវរៀនពីកំហុសខ្លួនយើង ហើយចេះទទួលការរិះគន់ពីអតិថិជនដើម្បីកែសម្រួលច្នៃប្រឌិត ទើបយើងទទួលជោគជ័យ។
ទ្រឹស្តីរបស់ឧកញ៉ា ចេង ខេង ក្នុងមុខជំនួញក្នុងវិស័យអចលនទ្រព្យ បើនិយាយពីទ្រឹស្តីនៅក្នុងការធ្វើអាជីវកម្មអចលនទ្រព្យវិញ លោក ចេង ខេង ថា ត្រូវគិតឲ្យធំ ធ្វើឲ្យល្អបំផុត ធ្វើឲ្យអស់លទ្ធភាពដែលយើងចង់បាន។ យើងមិនត្រូវគិតតូច ហើយទៅធ្វើកិច្ចការតូច យើងនឹងទទួលបានតូចទៅតាមហ្នឹងដែរ។
“ធ្វើការងារដោយក្តីស្រលាញ់ ពេញចិត្តនឹងកិច្ចការងារនេះ ពិសេស ធ្វើការដោយបេះដូង”
ប៉ុន្តែ បើសិនជាយើងគិតឲ្យបានធំ ទោះបីយើងធ្វើសម្រេចបាន១០ភាគរយ ក៏យើងនៅតែទទួលលទ្ធផលធំជាងអ្នកដែលគិតតូចដែរ។ ទាំងអស់នេះហើយ គឺជា ទ្រឹស្តីរបស់លោក ចេង ខេង តែងតែប្រកាន់ខ្ជាប់ខ្លួន ដើម្បីយកមកធ្វើការអនុវត្តប្រចាំថ្ងៃ។ មិនមែនរកស៊ីគិតតែច្បាមយកមានបានតែឯងនោះទេ លោកតែងតែមានការចែករំលែកគ្នាទៅវិញទៅមក និងចូលរួមជួយអភិវឌ្ឍសង្គមនិងប្រទេសជាតិ តាមរយៈការបរិច្ចាគធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជួយដល់វិស័យសុខាភិបាល និងវិស័យអប់រំ។ ធ្វើបែបនេះគឺដើម្បីឲ្យប្រទេសជាតិយើងមានការរីកចម្រើន។ យើងមិនអាចរីកចម្រើនជោគជ័យបានទេ ប្រសិនបើ ប្រទេសយើងមិនមានស្ថិរភាពនយោបាយ និងការរីកចម្រើនក្នុងសង្គមនោះ ដូច្នេះយើងទាំងអស់គ្នាចាំបាច់ ត្រូវរួមគ្នាជួយ អភិវឌ្ឍសង្គមរបស់យើងឲ្យមានការរីកចម្រើន។
អនុសាសន៍របស់លោកឧកញ៉ាចំពោះអ្នកដែលចង់ទិញដីធ្លីផ្ទះសម្បែងដើម្បីចំណេញ
ជាចុងក្រោយ លោកឧកញ៉ាសូមផ្តាំផ្ញើដល់បងប្អូនដែលកំពុងស្វែងរកទិញដីធ្លីផ្ទះសម្បែងថា បើសិនជាយើងចង់ទិញអចលនទ្រព្យមួយឲ្យបានល្អ បានចំណេញ យើងត្រូវស្រាវជ្រាវឲ្យច្បាស់ ថាតើអចលនទ្រព្យនោះ មានបញ្ហាអ្វីខ្លះ? កំពុងមានជម្លោះអត់? មានប្លង់កម្មសិទ្ធិកាន់អចលនទ្រព្យត្រឹមត្រូវដែរ ឬទេ? យើងត្រូវប្រមើលថា ទៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ តើតំបន់នេះ ឬតំបន់នោះ មានការរីកចម្រើន និងអភិវឌ្ឍ ដែរ ឬទេ?
ម្យ៉ាងវិញទៀត ត្រូវចេះមើលទីតាំងតំបន់នោះ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ប្រព័ន្ធទឹកភ្លើងដែរ ឬទេ? យើងមិនត្រូវទិញដីធ្លីទៅតាមនឹកឃើញបានទេ? បើយើងចេះមើលចំណុចល្អ និងខ្វះខាតទាំងអស់នេះបាន នោះនឹងធ្វើឲ្យយើងទិញទៅ មិនខាតបង់ និងទទួលបានប្រាក់ចំណេញមហាសាល។
ប្រវត្តិសង្ខេប ឧកញ៉ា ចេង ខេង
លោកឧកញ៉ា ចេង ខេង កើតនៅក្នុងគ្រួសារត្រកូលកសិករក្រីក្រ ស្ថិតនៅក្នុងភូមិរលំាងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោកបានចាកចោលស្រុកកំណើតបន្តការសិក្សានៅក្នុងទីក្រុងភ្នំពេញ សិក្សាបណ្តើរ ធ្វើការបណ្តើររហូតបញ្ចប់អនុបណ្ឌិត ផ្នែកគ្រប់គ្រង។ ការងារក្នុងមុខជំនួញក៏ជោគជ័យ ការសិក្សាក៏ជោគជ័យ។ លោកបានបើកក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ ស៊ីភីអិល លីមីតធីត ចាប់តាំងពីឆ្នាំ១៩៩៧។ បច្ចុប្បន្ន ក្រុមហ៊ុនលោកមានបុគ្គលិកចំនួន ១០០នាក់។ លោកឧកញ៉ា ចេង ខេង ទទួលបានគ្រឿងឥស្សរិយយស មេដាយមាស និងសំរិទ្ធ ជាច្រើន ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។ លោកឧកញ៉ា បានរៀបការនិងមានកូនបីនាក់ ប្រុសពីរនាក់ ស្រី១នាក់៕