នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលចុះផ្សាយបន្តដោយសារព័ត៌មាន New York Post។
ឆ្នាំទៅមិញ WHO ចាយលុយ ៧១លានដុល្លារលើការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ៦១លានដុល្លារលើជំងឺគ្រុនចាញ់ និង ៥៩លានដុល្លារ លើជំងឺរបេង។ ប៉ុន្តែ ទោះយ៉ាងណា អង្គការពិភពលោកមួយនេះ លៃថវិកាដល់ទៅ ៤៥០លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីប្រយុទ្ធជំងឺគ្រុនស្វិតដៃជើង។
អគ្គនាយិការបស់ WHO វេជ្ជបណ្ឌិត Margaret Chan ក្នុងមួយឆ្នាំ ចាយថវិកា ៣សែន ៧ម៉ឺនដុល្លារលើការធ្វើដំណើរ ហើយថ្មីៗនេះ ក្នុងដំណើរទៅប្រទេសហ្គីនៀ អ្នកស្រីស្នាក់នៅសណ្ឋាគារដែលចំណាយមួយយប់ ដល់ទៅ ១ពាន់ដុល្លារ។
ប្រទេសនានាជាសមាជិកអង្គការសហប្រជាជាតិ បង់វិភាគទានដល់អង្គការសុខភាពពិភពលោក មួយឆ្នាំៗ ២ប៊ីលាន (២ពាន់លាន) ដុល្លារ ក្នុងនោះសហរដ្ឋអាមេរិក គឺជាអ្នកផ្ដល់វិភាគទានច្រើនជាងគេបំផុត។
អង្គការសុខភាពពិភពលោក ថ្លែងការពារខ្លួនថា ការចំណាយច្រើននេះ គឺមកពីចរិតការងាររបស់ WHO តម្រូវឲ្យមានការធ្វើដំណើរញឹកញាប់ និងថា ខ្លួនបានកាត់បន្ថយចំណាយធ្វើដំណើរ ១៤ភាគរយ កាលពីឆ្នាំទៅមិញ។
របាយការណ៍របស់ទីភ្នាក់ងារ AP បន្តថា អង្គការជំនួយមនុស្សធម៌ដទៃទៀត ចាយថវិកាលើការធ្វើដំណើររបស់បុគ្គលិកត្បិតត្បៀតជាង WHO ឆ្ងាយណាស់។ តួយ៉ាង អង្គការ UNICEF ចាយតែ ១៤០លានដុល្លារ ក្នុងមួយឆ្នាំ លើការធ្វើដំណើរ ខណៈដែលខ្លួនមានបុគ្គលិកច្រើនជាង WHO ដល់ទៅ ២ដង។
អង្គការ គ្រូពេទ្យគ្មានព្រំដែន ហាមដាច់ខាតមិនឲ្យបុគ្គលិកជិះយន្តហោះថ្នាក់សេដ្ឋី (business class) និងចំណាយតែ ៤៣លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ការធ្វើដំណើរ ខណៈដែលអង្គការមួយនេះមានបុគ្គលិកច្រើនជាង WHO ដល់ទៅ ៥ដងឯណោះ៕