វិស័យសេដ្ឋកិច្ច

តើហេតុអ្វី ADB បង្កើនការព្យាករសេដ្ឋកិច្ចវៀតណាម ដល់៦,៧%?


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់វៀតណាម នៅឆ្នាំ២០២៥ ដល់៦,៧% និងឆ្នាំ២០២៦ មានក្នុងរង្វង់៦% ទាំងវៀតណាម រងសម្ពាធពន្ធបដិការពីអាម៉េរិកខ្ពស់ជាងបណ្តាប្រទេសមួយចំនួនរួមទាំងកម្ពុជា។ ADB បានអះអាងថា ទោះបីវៀតណាម រងសម្ពាធពន្ធបដិការពីអាម៉េរិក តែសេដ្ឋកិច្ចវៀតណាម នៅតែរក្សាបានភាពធន់ ដោយសារមានការជួយសម្របសម្រួលកាន់តែប្រសើរឡើងរវាងការអនុវត្តពន្ធ និងគោលនយោបាយរូបិយវត្ថុ គួបផ្សំនឹងការកែសម្រួលបទបញ្ញត្តិ និងការសម្របខ្លួននឹងបដិវត្តន៍កម្មឌីជីថល។
វិស័យសេដ្ឋកិច្ច
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានចាត់ទុកវៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅក្នុងតំបន់ ដែលអាចសម្រេចបានកំណើនសេដ្ឋកិច្ចរហូតដល់៦,៧% នៅឆ្នាំ២០២៥ នេះ ដែលជាកម្រិតមួយខ្ពស់ជាងគេនៅក្នុងតំបន់។ ADB បានគូសបញ្ជាក់ថា ការកើនឡើងការនាំចេញមុនពេលការដំឡើងពន្ធរបស់អាម៉េរិក និងគោលនយោបាយកំណែទម្រង់នានារបស់រដ្ឋាភិបាលបានជំរុញឱ្យសេដ្ឋកិច្ចវៀតណាម មានសន្ទុះឡើងខ្លាំងនៅឆមាសទី១ឆ្នាំនេះ។ ប៉ុន្តែក្រោយពន្ធគយបដិការចូលជាធរមាននៅថ្ងៃទី៧ ខែសីហា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះអាចនឹងមានការថមថយមកនៅត្រឹមរង្វង់៦% នៅឆ្នាំ២០២៦។

លោក សាន់តានូ ចក្រាបតធី (Shantanu Chakraborty) នាយកធនាការអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសវៀតណាម បាននិយាយថា ការសម្របសម្រួលកាន់តែប្រសើរឡើងរវាងការអនុវត្តសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុរបស់រដ្ឋាភិបាលបានជួយសម្រួលយ៉ាងច្រើនដល់ការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុរបស់វៀតណាម។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ វៀតណាមជាប្រទេសមួយ ដែលបានធ្វើកំណែទម្រង់បទប្បញ្ញត្តិដ៏ទូលំទូលាយ ដែលបានជួយលើកកម្ពស់ការប្រកួតប្រជែង ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋ ទំនើបកម្មពន្ធ និងការផ្លាស់ប្តូរទៅរកឌីជីថល។

យ៉ាងណាមិញ ក្រុមអ្នកវិភាគ បានចាត់ទុកការដាក់គំនាបពន្ធបដិការលើទំនិញវៀតណាមរបស់អាម៉េរិក ចំនួន២០% និង៤០% លើទំនិញឆ្លងកាត់វាការគំរាមកំហែងមួយដល់ការធ្វើពាណិជ្ជកម្មរបស់វៀតណាម ប៉ុន្តែការធ្វើកំណែទម្រង់ស៊ីជម្រៅជារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលវៀតណាម បានជួយធ្វើឱ្យទីផ្សារវៀតណាម មានលក្ខណៈចម្រុះ មានភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់។

លោក ឃ្វៀន បាហង (Nguyễn Bá Hùng ) អ្នកសេដ្ឋវិទូវៀតណាម នៅធនាគារអភិវឌ្ឍន៍អាស៊ី បានចាត់ទុកការវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម គឺជាកត្តាគន្លឹះក្នុងការរក្សានិរន្តរភាពកំណើន រីឯការធ្វើកំណែទម្រង់ស្ថាប័នស៊ីជម្រៅ បានជួយសម្រួលបរិយាកាសផ្លូវច្បាប់ ធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការទូទាត់ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី 3 ដើម្បីជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធី វិថីហិរញ្ញវត្ថុ រដូវកាលទី 3 ដែលជាយុទ្ធនាកា…

លោក ដូណាល់ ត្រាំ ថា បើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ វាស្មើនឹងការប្រមាថចំពោះសហរដ្ឋអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃទី៣០ ខែកញ្ញា ថា វានឹងក្លាយជាការប្រមាថចំពោះសហរដ្ឋអាម៉េរិក ប្រសិនបើលោកមិនទទួលបានព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ