អនុសាសន៍នេះបានកើតឡើងមុនពេលដែលបញ្ហាទាំងឡាយនៅឯធនាគារ ស៊ីលីកូន វ៉ល្លី (Silicon Valley) របស់សហរដ្ឋអាមេរិក និងនៅឯធនាគារ ក្រេឌីត ស្វីស (Credit Suisse) របស់ប្រទេសស្វីស បានចោទជាសំណួរ ទាក់ទងនឹងនិយ័តករធនាគារ។
អ្នកជំនាញឯករាជ្យបាននិយាយកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) គួរតែឈប់ពឹងផ្អែកលើរបាយការណ៍រង្វាយតម្លៃសរសេរដោយធនាគារនានា នៅពេលដែលត្រូវកំណត់អំពីលក្ខខណ្ឌដើមទុន ប៉ុន្តែត្រូវធ្វើការវាយតម្លៃលើធនាគារទាំងនោះដោយខ្លួនឯងវិញ។
នេះជាអនុសាសន៍ដ៏គួរឱ្យកត់សំគាល់បំផុតនៅក្នុងរបាយការណ៍នៃការស្រាវជ្រាវមួយ ដែលធនាគារកណ្ដាលអឺរ៉ុបបានឧបត្ថម្ភ ក្នុងគោលបំណងវាយតម្លៃការងារទាក់ទងនឹងការបំពេញភារកិច្ចចម្បងរបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុនៅតំបន់ចាយប្រាក់អឺរ៉ូ។ បើនិយាយឱ្យចំគឺថា តើធនាគារកណ្ដាលអឺរ៉ុបត្រូវកំណត់ឱ្យធនាគារទាំងឡាយមានមូលធនប៉ុន្មាន ដើម្បីឱ្យធនាគារទាំងនោះធន់នឹងការខាតបង់។
ការពិនិត្យឡើងវិញដោយអ្នកស្រាវជ្រាវឯករាជ្យខាងលើនេះ ត្រូវបានផ្សព្វផ្សាយក្នុងខែកញ្ញាឆ្នាំមុន ពោលគឺមុនពេលដែលបញ្ហាទាំងឡាយនៅឯធនាគារ ស៊ីលីកូន វ៉ល្លី (Silicon Valley) របស់សហរដ្ឋអាមេរិក ក៏ដូចជានៅឯធនាគារ ក្រេឌីត ស្វីស (Credit Suisse) របស់ប្រទេសស្វីស បានចោទជាសំណួរ ទាក់ទងនឹងនិយ័តករធនាគារ។ លទ្ធផលនៃការស្រាវជ្រាវនោះបានកើតឡើងជួនគ្នានឹងការអំពាវនាវនាពេលថ្មីៗ ដែលថាឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងជាងមុន។
ធនាគារកណ្ដាលអឺរ៉ុបបាននិងកំពុងច្របាច់បញ្ចូលគ្នា រវាងការវិភាគរបស់ខ្លួននិងរបាយការណ៍សរសេរដោយធនាគារផ្ទាល់ ដើម្បីកំណត់អំពីលក្ខខណ្ឌតម្រូវចំពោះដើមទុនធនាគារ។
ប៉ុន្តែអ្នកជំនាញទាំងប្រាំរូប ដែលសុទ្ធតែជាអតីតអ្នកត្រួតពិនិត្យនៅតាមធនាគារក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក អៀរឡង់ អេស្ប៉ាញ និងកាណាដា បាននិយាយថា វិធីសាស្ត្ររបស់ធនាគារកណ្ដាលអឺរ៉ុបបែបនេះ គឺ"ទន់ជ្រាយខាងផ្នែកបញ្ញត្តិ" ហើយដំណើរការវាយតម្លៃផ្ទៃក្នុងលើភាពសមស្របនៃមូលធន (អាយស៊ីអេអេភី/ICAAP) អនុវត្តដោយធនាគារនានា ជាញឹកញាប់មានភាពល្អៀង ដូច្នេះហើយបានជាគេមិនគួរពឹងផ្អែកលើរបាយការណ៍សរសេរដោយធនាគារផ្ទាល់ទេ។
អ្នកជំនាញបាននិយាយនៅក្នុងរបាយការណ៍របស់ពួកគេថា "ការវាយតម្លៃដោយខ្លួនឯងរបស់ធនាគារតែងតែមានភាពល្អៀង ដែលរឹងរឹតតែមានភាពប្រថុយខ្លាំង នៅពេលដែលដំណើរការវាយតម្លៃផ្ទៃក្នុងលើភាពសមស្របនៃមូលធន (អាយស៊ីអេអេភី/ICAAP) ដើរតួនាទីចម្បងក្នុងការកំណត់អំពីលក្ខខណ្ឌតម្រូវទី២» ក្នុងចំណោមលក្ខខណ្ឌតម្រូវចំនួន ៣ នៅក្រោមច្បាប់ដែលអនុវត្តទូទាំងសាកលលោក ទាក់ទងនឹងដើមទុនចាំបាច់របស់ធនាគារ។
អ្នកស្រាវជ្រាវឯករាជ្យទាំងនោះបានសង្កត់ធ្ងន់ថា៖ "អាយស៊ីអេអេភី (ICAAPs) គួរតែត្រូវបានប្រើជាព័ត៌មានជំនួយ ជាជាងប្រើជាមូលដ្ឋានសម្រាប់ការវិភាគ។"
ពួកគេបានប្រាប់ធនាគារកណ្ដាលអឺរ៉ុបឱ្យផ្លាស់ប្តូរវិធីដែលខ្លួនកំណត់អំពីតម្រូវការដើមទុន ហើយឱ្យផ្តោតលើ"ហានិភ័យជាក់លាក់ដែលទាមទារឱ្យមានការប្រើប្រាស់ដើមទុនបន្ថែម ជាមួយគ្នានឹងការកាត់បន្ថយការពឹងផ្អែកលើ អាស៊ីអេអេភី (ICAAPs) ឱ្យបានច្រើន"។
អ្នកត្រួតពិនិត្យថ្នាក់ខ្ពស់បំផុតនៅធនាគារកណ្ដាលអឺរ៉ុប លោក អ៊ែនឌ្រា អិនរៀ (Andrea Enria) បាននិយាយថា អនុសាសន៍ទាំងនេះបានជួយពង្រឹងគំនិតរបស់គាត់ ដែល"ជឿថាការត្រួតពិនិត្យត្រូវតែមានភាពបត់បែន មានលក្ខណៈស្ថាបនា និងមានការយកចិត្តទុកដាក់ចំពោះហានិភ័យ" ។
អ្នកត្រួតពិនិត្យម្នាក់ទៀតនៅធនាគារកណ្ដាលអឺរ៉ុប លោកស្រី អេលីហ្សាប៊ែត ម៉ាកខូល (Elizabeth McCaul) បានថ្លែងស្វាគមន៍ចំពោះអនុសាសន៍មួយ ដែលស្នើឱ្យប្រើប្រាស់"វិធានការបែបគុណវិស័យ"ឱ្យកាន់តែច្រើនថែមទៀត ជាមួយធនាគារ។ លោកស្រីបាននិយាយទៀតថា វិធានការទាំងនោះអាចរួមបញ្ចូល"ការដាក់កំហិតលើសកម្មភាពអាជីវកម្ម ការទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងក្រុមប្រឹក្សាភិបាលនិងនៅក្នុងការគ្រប់គ្រង ព្រមទាំងការដាក់ទណ្ឌកម្មផ្នែករូបិយវត្ថុផង"។
បណ្ដាធនាគារក្នុងតំបន់អឺរ៉ូបានចាកចេញដោយសុវត្ថិភាព ពីភាពចលាចលនៅក្នុងវិស័យធនាគារកាលពីពេលថ្មីៗនេះ ស្របពេលដែលអ្នកត្រួតពិនិត្យថ្នាក់ខ្ពស់បំផុតរបស់ធនាគារកណ្ដាលអឺរ៉ុប គឺលោក អ៊ែនឌ្រា អិនរៀ បាននិយាយថា ធនាគារនៅអឺរ៉ុបមានភាពរឹងមាំ ហើយសុវត្ថិភាពរបស់ធនាគារក្នុងតំបន់ចាយប្រាក់អឺរ៉ូក៏ដោយសារតែសហភាពអឺរ៉ុបមានបទប្បញ្ញត្តិម៉ឺងម៉ាត់ជាងសហរដ្ឋអាមេរិកដែរ៕