ហេតុអ្វីបានជាប្រទេសកម្ពុជា ដាក់ក្ដីរំពឹងខ្លាំងលើចិនក្នុងការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ?
ថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដូច្នេះ ជាការពិតប្រទេសចិននៅតែជាដៃគូដ៏ធំ និងសំខាន់បំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា សព្វថ្ងៃនេះ ក្នុងចំណោមវិនិយោគិនបរទេសដែលបាននិងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានវិនិយោគិនចិនច្រើនជាងគេរហូតជាង ៤០% ឯណោះ ដែលបានបោះទុនវិនិយោគនៅក្នុងវិស័យសំខាន់ៗ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងឧស្សាហកម្ម ជាដើម។ ដូច្នេះ ការប្រកាសបើកប្រទេសចិនឡើងវិញពីរាជរដ្ឋាភិបាលចិន នឹងធ្វើឲ្យកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការទទួលបានលំហូរទុនវិនិយោគពីចិន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣នេះ។
យ៉ាងណាក៏ដោយ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ទៀតដែរថា តាមការវាយតម្លៃចុងក្រោយនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាព្យាករថា មានត្រឹម ៥,៦% ប៉ុណ្ណោះ ខណៈពីមុនមានការព្យាករថាមានកំណើន ៦,៦% ដោយសារភាពមិនច្បាស់លាស់នៃបញ្ហាសាកល ជាច្រើន ជាពិសេសវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន តែម្ដង។ ការណ៍នេះ នៅតែបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ បើតាមឯកឧត្តម វង្សី វិស្សុត ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥,៦% នៅឆ្នាំ២០២៣នេះ កម្ពុជា នៅតែរំពឹងខ្លាំងលើការងើបឡើងវិញនៃវិស័យទេសចរណ៍ ជាពិសេសវត្តមានរបស់ទេសចរចិន តែម្ដង។ ខណៈ កម្ពុជា បានបង្ហាញការរំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤,៣លាននាក់ និងទេសចរជាតិ ប្រមាណ ១៤លាននាក់ ក្នុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា ប្រទេសចិនក៏ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្ដាប្រទេសជាច្រើនដែលបានចូលមកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យវិនិយោគ ផងដែរ។ ជាក់ស្ដែង នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ។ ក្នុងនោះ វិនិយោគិនចិន បានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមវិនិយោគិនបរទេស ដោយបានក្ដោបយកការវិនិយោគរហូតជាង ៤០% ឯណោះ នៃទុនវិនិយោគសរុបរបស់កម្ពុជា នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ដែលផ្ដល់ឲ្យដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕