
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនដ៏ធំជាងគេមួយនៅក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ដែលត្រូវបានស្ថាប័នអន្តរជាតិ បញ្ជាក់ស្តង់ដារ ISO ទទួលស្គាល់អំពីសមត្ថភាពគ្រប់គ្រងប្រតិបត្តិការស្ដង់ដារអន្តរជាតិ។
តាមការអះអាងរបស់លោក ថេង សូនិច អ្នកគ្រប់គ្រងផ្នែកគុណភាពនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនដែលត្រូវបានវិនិយោគ១០០% ដោយសហគ្រិនខ្មែរមួយនេះ បានទទួលវិញ្ញាបនបត្រអន្តរជាតិ ISO ចំនួន២ គឺ ISO 9001 ដែលបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។

លោក ថេង សូនិច បានលើកឡើងថា កត្តាដែលជំរុញឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ខិតខំអនុវត្តពង្រឹងសមត្ថភាពគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនរហូតទទួលបានការបញ្ជាក់អំពីស្ដង់ដារ ISO ចំនួន ២ នាពេលនេះ គឺជាការគិតគូរប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន និងម៉ាកផលិតផលឱ្យកាន់តែល្បីខ្ទរខ្ទារទាំងនៅក្នុងទីផ្សារក្នុងស្រុក និងតំបន់ ដោយហ៊ានវិនិយោគលើគ្រឿងចក្រខ្នាតធំ និងបច្ចេកវិទ្យាចុងក្រោយបង្អស់។ ការអនុវត្តការងារស្របតាមស្ដង់ដារកំណត់ដោយ ISO នេះទៀតសោត ក៏បានចូលរួមធ្វើឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាពតាមរយៈការកែលម្អដំណើរការដោយឥតឈប់ឈរ, ការបង្កើនការពេញចិត្តរបស់អតិថិជន, ការផ្តល់ទំនុកចិត្តដល់អតិថិជន និងការមានទំនួលខុសត្រូវចំពោះបរិស្ថានសង្គម។

ជាមួយគ្នានេះ លោក ឈីវ ឈីទីង (CHEW CHEE TING) ប្រធានសវនករ នៃស្ដង់ដារអន្តរជាតិ ISO 9001 និង ISO 14001 បានលើកឡើងថា ហេតុផលដែលជំរុញឱ្យក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាំបាច់ត្រូវអនុវត្តស្ដង់ដារអន្តរជាតិ ISO ដោយសារតែវា គឺជាវិធីសាស្ត្រមួយ ដែលក្រុមហ៊ុនទាំងអស់នោះ អាចបង្ហាញអំពីការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍផ្នែកគុណភាព បរិស្ថាន សុវត្ថិភាព និងទិដ្ឋភាពផ្សេងទៀតនៅក្នុងរោងចក្រ។
លោក ឈីវ ឈីទីង បានលើកឡើងយ៉ាងដូច្នេះថា «វិញ្ញាបនបត្រស្ដង់ដារអន្តរជាតិ ISO ជាវិធីសាស្ត្រមួយសម្រាប់ធ្វើឱ្យមានភាពប្រសើរឡើងលើផ្នែកគុណភាព ហើយជាទូទៅ ក្រុមហ៊ុននានាតែងប្រើវាជាមធ្យោបាយមួយគ្រប់គ្រងលើប្រសិទ្ធភាពផលិតកម្មភ្ជាប់ជាមួយការគិតគូរពីបរិស្ថាន និងគុណភាពផលិតផលប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងទាំងនេះ គឺធ្វើយ៉ាងណាសំដៅបំពេញតម្រូវការរបស់អ្នកប្រើប្រាស់តែម្ដង។»

លោកបន្ថែមទៀតថា «សម្រាប់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានទទួលនូវវិញ្ញាប័នបត្រ ISO នេះដែរ ហើយក្រុមហ៊ុននេះ គឺបានបំពេញលក្ខខណ្ឌសព្វគ្រប់ទៅលើការគ្រប់គ្រងខ្សែចង្វាក់ផលិតកម្ម ក៏ដូចជាប្រព័ន្ធគ្រប់គ្រងគុណភាពដែលមានស្រាប់ ដើម្បីធានាថា ផលិតផល ដែលចេញលក់នៅលើទីផ្សារ គឺត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិដែលបានកំណត់។»
វិញ្ញាបនបត្រស្ដង់ដារអន្តរជាតិ ISO គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុននានា ហើយវិញ្ញាប័នបត្រនេះ គឺមានសុពលភាព ៣ឆ្នាំ។ ដើម្បីរក្សាបាននូវការបញ្ជាក់ស្ដង់ដារអន្តរជាតិនេះឱ្យនៅបន្ដ ក្រុមហ៊ុនត្រូវការអ្នកជំនាញផ្នែកសវនកម្ម ISO ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំឆ្នាំទៅលើការអនុវត្តស្ដង់ដារអន្តរជាតិ ISO នៅក្នុងចង្វាក់ផលិតកម្មរបស់ខ្លួន៕


