ឥណ្ឌាបង្កើនការទិញប្រេងពីរុស្ស៊ី

ឥណ្ឌាកំពុងពិចារណាបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃកាន់តែទាប


ប្រទេសឥណ្ឌាកំពុងសម្លឹងរកមើលការបង្កើនការនាំចូលប្រេងពីរុស្ស៊ីបន្ថែមទៀត ស្របពេលដែលទីក្រុងម៉ូស្គូកំពុងតែបញ្ចុះតម្លៃប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ឥណ្ឌា។ ប៉ុន្ដែ ទង្វើបែបនេះ គឺផ្ទុយស្រឡះទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបដែលកំពុងហ៊ុមព័ទ្ធការនាំចេញប្រេងឆៅរបស់រុស្ស៊ី ដើម្បីជាផ្នែកមួយក្នុងការកាត់ផ្តាច់ប្រភពចំណូលសម្រាប់សេដ្ឋកិច្ចរបស់វិមានក្រឹមឡាំង ដែលយកទៅឧបត្ថម្ភសម្រាប់ការធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
ឥណ្ឌាកំពុងពិចារណាបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃកាន់តែទាប

នាពេលបច្ចុប្បន្ននេះ ទាំងរោងចក្រចម្រាញ់ប្រេងរបស់រដ្ឋ និង ឯកជននៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបង្កើនការទិញប្រេងឆៅពីរុស្ស៊ី ខណៈដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មកាត់ផ្តាច់ប្រេង និង ការរឹតបន្តឹងពាណិជ្ជកម្មលើទីក្រុងម៉ូស្គូរធ្វើឱ្យវិមានក្រឹមឡាំងទម្លាក់តម្លៃប្រេងរបស់ខ្លួនកាន់តែទាប ដើម្បីធានាបាននៅស្ថិរភាពនៃការនាំចេញ។ បរិមាណប្រេងឆៅរបស់រុស្ស៊ីជាច្រើនបាននាំចេញទៅកាន់ប្រទេសឥណ្ឌា និងចិនកាលពីខែមុន ស្របពេល ពេលដែលតំបន់អឺរ៉ុបបានព្យាយាមកាត់បន្ថយការនាំចូលប្រេងពីទីក្រុងម៉ូស្គូ ហើយបានស្វែងរកប្រេងជំនួសពីប្រទេសអារ៉ាប់រួមវិញ។

គួរកត់សម្គាល់ថា ប្រទេសឥណ្ឌាដែលមានក្រុមហ៊ុនចម្រាញ់ប្រេងឆៅសម្រាប់ផ្គត់ផ្គង់ធំជាងគេទី២របស់អាស៊ីបាននិងកំពុងទទួលបានប្រាក់ចំណេញជាច្រើនលើសលុប ពីការប្រែក្លាយប្រេងឆៅរុស្ស៊ី ដែលមានតម្លៃថោកទៅជាឥន្ធនៈសម្រាប់លក់ក្នុងស្រុក និងនៅក្នុងទីផ្សារនាំចេញទៅកាន់ អឺរ៉ុប និង សហរដ្ឋអាមេរិកផងដែរ។

ឥណ្ឌាបានទិញប្រេងរុស្ស៊ីសរុបជាង ៤០ លានបារ៉ែលនៅចន្លោះចុងខែកុម្ភៈ និង ដើមខែឧសភា ដែលមានការកើនឡើងប្រហែល ២០% ច្រើនជាងលំហូរសម្រាប់រយៈពេលពេញឆ្នាំ ២០២១ទៅទៀត នេះបើយោងតាមការគណនារបស់ Bloomberg ដោយផ្អែកលើទិន្នន័យពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ យោងតាមទិន្នន័យពីក្រុមហ៊ុន ខេភ្លឺ (Kpler) បានឱ្យដឹងថា ប្រទេសឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីសម្រាប់ខែឧសភាក្នុងចំនួនប្រហែល ៧ សែន ៤ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ពោលគឺកើនឡើងជាង ៣ សែន ៤ ពាន់បារ៉ែល បើធៀបនឹងកាលពីឆ្នាំមុន។

បើទោះបីជាការទិញប្រេងឆៅរបស់ឥណ្ឌាមិនខុសច្បាប់ ឬ បំពានទណ្ឌកម្មណាមួយនៃច្បាប់អន្តជាតិក៏ដោយ ក៏ប្រទេសនេះស្ថិតនៅក្រោមសម្ពាធពីរដ្ឋបាលលោក ចូ បៃឌិន និង សហភាពអឺរ៉ុបជាខ្លាំង ដែលចង់ឲ្យប្រទេសនេះ ឈប់ធ្វើអាជីវកម្មជាមួយទីក្រុងម៉ូស្គូ និង កាត់ផ្តាច់ការចូលនាំចូលប្រេង ដើម្បីជាកាត់បន្ថយឥទ្ធិពលនៃប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី។

ទោះយ៉ាងណា ឥណ្ឌាបានអះអាងថា បរិមាណនៃការនាំចូលរបស់ខ្លួនពីរុស្សី គឺមានកម្រិតតិចតួច បើប្រៀបធៀបទៅនឹងការទិញរបស់អឺរ៉ុប ហើយគ្រាន់តែជាផ្នែកតូចមួយនៃការប្រើប្រាស់សរុបរបស់ប្រទេសនេះប៉ុណ្ណោះ។

គួរជម្រាបថា ប្រេងបញ្ចុះតម្លៃរុស្ស៊ីបានបង្កើនជំនួយផ្នែកហិរញ្ញវត្ថុមួយចំនួនធំដល់ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលច្រើនជាង ៨៥% នៃតម្រូវការរបស់ខ្លួន ស្របពេលដែលអតិផរណាកំពុងកើនឡើងដែរ រាប់ចាប់តាំងពីការកើនឡើងនៃតម្លៃស្បៀងអាហាររហូតដល់ប្រេងឥន្ធនៈ។ ក្នុងនោះ លទ្ធភាពទទួលបានប្រេងឆៅតម្លៃថោកពីទីក្រុងម៉ូស្គូកំពុងជំរុញឲ្យមានការកើនឡើងការនាំចូលប្រេងសរុបរបស់ប្រទេសឥណ្ឌា កើនឡើងជិត ១៦% កាលពីខែមេសាកន្លងទៅ បើធៀបទៅនឹងខែមេសាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ ទូតអាមេរិកនៅរុស្ស៊ីប្រាប់ម៉ូស្គូថា កុំឱ្យបិទស្ថានទូតដើម្បីទុកផ្លូវជជែកគ្នាបាន

ព័ត៌មាន
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ បាននិយាយនៅថ្ងៃទី៦មិថុនាថា រុស្ស៊ីមិនគួរបិទស្ថានទូតអាមេរិកទេ បើទោះបីជា មហាអំណាចទាំងពីរកំពុងពា…

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមពីររូបត្រូវបណ្តេញចេញពីបក្សក្រោយរកឃើញបានប្រព្រឹត្តអំពើពុករលួយ

ព័ត៌មាន
គណបក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃចន្ទ ៦ មិថុនា នេះថា រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសវៀតណាម និងអភិបាលទីក្រុងហាណូយត្រូវបានដកចេញពីស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ