សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ដ្បិតប្រទេសចិន ពឹងផ្អែកខ្លាំងលើប្រេងនាំចូលពីតំបន់មជ្ឈិមបូព៌ា ប៉ុន្តែចិន មានការត្រៀមខ្លួនបានល្អជាងប្រទេសជាច្រើនផ្សេងទៀតនៅអាស៊ី ទោះបីជាអ៊ីរ៉ង់ បន្តបិទច្រកសមុទ្រ Hormuz រយៈពេលវែងក៏ដោយ ហើយនោះក៏ដោយសារតែចិនបានរៀបចំផែនការអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ ដោយផែនការទាំងនោះរួមមាន៖
ទី១៖ ការពឹងផ្អែកតិចលើប្រេង
ប្រទេសចិនមានយានយន្តអគ្គិសនីច្រើនណាស់ បើធៀបទៅនឹងប្រទេសជាច្រើនក្នុងពិភពលោក ហើយកត្តានេះធ្វើឱ្យចិន កាត់បន្ថយតម្រូវការ និងការនាំចូលប្រេងបានមួយចំនួនធំ។
ទី២៖ ប្រព័ន្ធថាមពលក្នុងស្រុកមានភាពរឹងមាំ
អគ្គិសនីរបស់ប្រទេសចិន ភាគច្រើន បានមកពីធ្យូងថ្ម និងថាមពលកកើតឡើងវិញដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដូចជាថាមពលសូឡា ឬព្រះអាទិត្យ និងខ្យល់ជាដើម។ កត្តានេះធ្វើឱ្យចិនពឹងផ្អែកលើឥន្ធនៈនាំចូលតិចជាងប្រទេសដទៃទៀត។
ទី៣៖ អ្នកផ្គត់ផ្គង់ប្រេងរបស់ចិនមានច្រើន
ខុសពីប្រទេសនានាដូចជាប្រទេសជប៉ុន ជាដើម ប្រទេសចិន ទិញប្រេងពីប្រទេសជាច្រើនផ្សេងៗគ្នា រួមទាំងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡាផងដែរ។ កត្តានេះជួយកាត់បន្ថយហានិភ័យ ប្រសិនបើការផ្គត់ផ្គង់មួយត្រូវបានរំខាន ឬរាំងស្ទះ។
ទី៤៖ ប្រេងបម្រុងដ៏ច្រើនសម្បើម
ប្រទេសចិន បានបង្កើតស្តុកប្រេងបម្រុងយ៉ាងច្រើន ដែលតាមការប៉ាន់ប្រមាណបង្ហាញថា ប្រេងបម្រុងទាំងនេះអាចជំនួសការនាំចូលតាមរយៈច្រកសមុទ្រ Hormuz បានរហូតដល់ទៅ៧ខែឯណោះ។
ទី៥៖ ការកើនឡើងនៃការផលិតប្រេងក្នុងស្រុក និងបំពង់បង្ហូរឧស្ម័ន
ប្រទេសចិន ផលិតប្រេងផ្ទាល់ខ្លួនយ៉ាងច្រើន និងកំពុងបង្កើនការផលិតឧស្ម័ន។ ទន្ទឹមនេះប្រទេសចិន ក៏នាំចូលឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័នពីប្រទេសរុស្ស៊ី អាស៊ីកណ្តាល និងមីយ៉ាន់ម៉ា ដោយកាត់បន្ថយការពឹងផ្អែកលើផ្លូវសមុទ្រ៕
ដោយ: តែម សុខុម