លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលធ្វើតម្លៃសត្វរស់ធ្លាក់ថ្លៃ តែតម្លៃសាច់ដាក់លក់នៅលើទីផ្សារនៅស្ថិតក្នុងកម្រិតមួយខ្ពស់ គឺដោយសារការវាយលុយរបស់សាច់បង្កកនាំចូលពីបរទេសបានទាញទម្លាក់បរិមាណលក់របស់អាជីវករ ដែលបង្ខំឱ្យអាជីវករមួយចំនួនត្រូវបង្ខំលក់ក្នុងតម្លៃមួយខ្ពស់ដដែល ដើម្បីរក្សាប្រាក់ចំណេញ ឬទប់ការចំណាយរបស់ពួកគេ។ ក្រោយការលក់របស់អាជីវករនៅតាមផ្សារមានការធ្លាក់ចុះ បានជំរុញឱ្យឈ្មួញដែលជាអ្នកដើរទិញសត្វរស់ពីប្រជាពលរដ្ឋនៅតាមខេត្តនានា បានទម្លាក់តម្លៃទៅតាមនឹងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងជាអ្នកទិញគោម្នាក់នៅខេត្តត្បូងឃ្មុំបានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យតម្លៃគោរស់នៅកម្ពុជា មានការធ្លាក់ចុះអាចបណ្តាលមកពីការធ្លាក់ចុះបរិមាណលក់សាច់នៅលើទីផ្សារ ដោយសារការវាយលុកពីសាច់បង្កកនាំចូលពីបរទេស។ ម្យ៉ាងវិញទៀត ដោយសារនៅតំបន់ខ្លះមានអ្នកកាប់សាច់គោលក់ដោយខ្លួនឯងច្រើន ដែលធ្វើឱ្យការលក់មានប្រកួតប្រជែងខ្ពស់ ហើយកត្តានេះបានធ្វើឱ្យការលក់របស់ពួកគេមានធ្លាក់ចុះ ដែលជំរុញឱ្យពួកគេត្រូវទិញគោរស់ចូលក្នុងតម្លៃទាប។ ពាក់ព័ន្ធតម្លៃសាច់លក់នៅលើទីផ្សារនៅតែស្ថិតក្នុងកម្រិតខ្ពស់ ត្រូវបានលោក ហ៊ត លាង អះអាងថា អាចដោយសារអាជីវករមួយចំនួនចង់បានប្រាក់ចំណេញខ្ពស់។ បើតាមការគូសបញ្ជាក់របស់ឈ្មួញរូបនេះ បច្ចុប្បន្នសត្វគោរស់អាចបានក្នុងតម្លៃចន្លោះពី៧ពាន់រៀលទៅ១ម៉ឺនរៀលក្នុង១គីឡូក្រាមទៅតាមប្រភេទគោនីមួយៗ។
បើតាមការគូសបញ្ជាក់របស់លោក ស៊្រុន ពៅ ការចិញ្ចឹមសត្វនៅកម្ពុជា ហាក់មានការរើបឡើងវិញ ពោលគឺក្នុងចំណោមអ្នកចិញ្ចឹមខ្នាតតូចប្រមាណ៨០% ដែលបានផ្អាកការចិញ្ចឹមក្នុងអំឡុងពេលសាច់ជ្រូកធ្លាក់ថ្លៃខ្លាំងមានប្រមាណ៣០% បានត្រឡប់មកចិញ្ចឹមឡើងវិញ ក្រោយតម្លៃសត្វរស់មានការកើនឡើង បន្ទាប់ពីអាជ្ញាធរបិទមិនឱ្យមានការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងពីក្រៅប្រទេស។ ប៉ុន្តែបច្ចុប្បន្នតម្លៃសត្វរស់នៅកម្ពុជា ហាក់ធ្លាក់ចុះបន្តិចវិញ ដែលវាកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា៕