Advertisement
ការព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នឹងនៅតែរឹងមាំក្នុងកំណើន ៧% តែឆ្នាំក្រោយនឹងថមថយ


របាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី ១០ តុលា ឆ្នាំ២០១៩នេះ បានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ថានឹងនៅតែរក្សាបានភាពរឹងមាំ ជាមួយនឹងអត្រាកំណើន ៧% បើទោះបីជាមានការថមថយបន្តិច ពី៧,៥ % កាលពីឆ្នាំ២០១៨ ក៏ដោយ។ ការព្យាកររបស់ធនាគារពិភពលោកនេះ ធ្វើឡើងនៅក្រោយគ្នាបន្តិច នៃការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានព្យាករកំនើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៩ ថាមាន៧% ដូចគ្នាដែរ។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
Advertisement

របាយការណ៍​ធនាគារ​ពិភពលោក បាន​កត់សម្គាល់ថា បន្ទាប់ពី​ទទួលបាន​កំណើនខ្ពស់​ជាងការរំពឹង​ទុក​នៅឆ្នាំ​២០១៨ ដែលមាន​៧,៥% រួចមក កំណើនសេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ២០១៩នេះ​ ត្រូវបាន​ធនាគារ​ពិភពលោក​ព្យាករ​ថា នឹង​ថយសន្ទុះ​មកនៅ​ត្រឹម៧% វិញ ស្របពេលដែល​វិស័យនាំចេញ​នៅរក្សាបាន​ភាពរឹងមាំដែរ ប៉ុន្ដែ​ស្រុតចុះបន្តិច។

រីឯការ​ផ្នែកសំណង់វិញ​នៅតែ​មានសកម្មភាព​មមាញឹកដដែល។ តួយ៉ាង តម្លៃរបស់​គម្រោង​វិនិយោគ​ថ្មី ដែលត្រូវបាន​អនុម័តរួច តាមរយៈ​ការវិនិយោគ​ផ្ទាល់ពីបរទេស  និងមូលនិធិ​ក្នុងស្រុក មានសន្ទុះកើន ក្នុងរយៈពេល ៦ខែ​ដំបូងនៃឆ្នាំ២០១៩នេះ ក្នុងនោះ មានជិត ៤០% នៃការវិនិយោគផ្ទាល់ពីរបរទេស គឺជាលំហូរវិនិយោគ​មកពីប្រទេសចិន។ 

ទាក់ទឹង​នឹង​លទ្ធភាព​នៃការ​បាត់បង់​នូវប្រព័ន្ធ​អនុគ្រោះពន្ធ​អ្វីៗគ្រប់យ៉ាង​លើកលែង​តែអាវុធ EBA វិញ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់​ធនាគារ​ពិភពលោក បាន​លើកឡើងថា ជាការពិត​ EBA គឺផ្ដល់អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការនាំចេញទំនិញ​ពិសេសជំរុញដល់​​សេដ្ឋកិច្ច​របស់កម្ពុជា ប៉ុន្ដែ យើងត្រូវដឹងថា EBA នេះ មិនអាចស្ថិតនៅជាមួយកម្ពុជា​បាន​រហូតទេ វាគ្រាន់តែ​ស្ថិតនៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ប៉ុន្ដែ អ្វីដែល​សំខាន់ គឺកម្ពុជា​ត្រូវ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួនឯង ឈររស់ដោយខ្លួនឯង ដោយមិនត្រូវ​​រស់ពឹង​លើភាពអនុគ្រោះ​ជារៀង​រហូតនោះទេ។

សម្រាប់ឆ្នាំ២០២០ ធនាគារ​ពិភពលោក បានព្យាករថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ​មកនៅ​ត្រឹម​៦,៨% ប៉ុន្ដែ​នេះ មិនទាន់​មាន​ការសិក្សា​ពី​ផលប៉ះពាល់ ឬការបាត់បង់​ប្រយោជន៍​នៃការសម្រេច ព្យួរ EBA នៅឡើយទេ។ លោក លី សូដេត បាន​បញ្ជាក់ថា បើ​ការព្យួរ​EBA ពិតជាកើតឡើងមែន នោះ​ធនាគារ​ពិភពលោក​នឹង​ធ្វើរបាយការណ៍​ថ្មី​មួយទៀត​របស់ខ្លួន​ ដោយ​បង្ហាញពី​ផលប៉ះពាល់​របស់វា​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្ដែ សម្រាប់ឥឡូវនេះ មិនទាន់​មានការប៉ាន់ប្រមាណ​នៅឡើយទេ។ 

ទោះយ៉ាងណា របាយការណ៍​ធនាគារ​ពិភពលោក​កត់សម្គាល់ថា បើសិនជា EBA ពិតជាបាត់បង់មែន បូករួមទាំង​ការធ្លាក់ចុះ​កំហុគ​របស់​សេដ្ឋកិច្ចចិន ដែលកើតឡើង​មកពី​សង្គ្រាមពាណិជ្ជកម្ម នោះវាអាច​នឹងធ្វើឲ្យលទ្ធភាព​នៃកំណើន​សេដ្ឋកិច្ច​កម្ពុជា ទ្រោមខ្លាំង ដ្បិតថា កម្ពុជា​គឺកំពុង​ពឹងផ្អែកខ្លាំង​លើការនាំចេញ​ទៅអឺរ៉ុប ដែលមានចំណែកទីផ្សារ​ប្រមាណ​៤០ភាគរយ​នៃការនាំចេញសរុប និងលំហូរទុនវិនិយោគ​ផ្ទាល់​ និងទេសចរ​ពីប្រទេសចិន។

ដូច្នេះហើយ កម្ពុជា​ចាំបាច់​ត្រូវបង្កើនសមត្ថភាព​របស់ខ្លួន​ក្នុងការប្រកួតប្រជែង​នៅក្រៅប្រទេស តាមរយៈ​ការលើកកម្ពស់ផលិតភា បន្ទាប់ពីប្រាក់បៀវត្សរ៍​អប្បរមា​ត្រូវបានដំឡើង។ ហើយថ្មីៗនេះដែរ អាជ្ញាធរជាតិ​ក៏បាន​ដាក់ចេញ​នូវវិធានការ​មួយចំនួន ដើម្បី​ជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្ម ដោយបន្ទាប់​ថ្លៃចំណាយ​លើការដឹកជញ្ជូន និងគាំពារធុរកិច្ច ដោយកាត់បន្ថយ​ចំនួន​ថ្ងៃឈប់សម្រាកផ្លូវការជាដើម។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់ទៀតថា ការអនុវត្ត​ការងារ​ទាំងនេះ បានជោគជ័យ អមជាមួយ​កិច្ច​ខិតខំថែមទៀត ក្នុងការដោះស្រាយ​បញ្ហាអគ្គិសនី​ដែលមានតម្លៃខ្ពស់ បញ្ហាខ្វះខាតជំនាញ នឹងជួយជំរុញ​​ការវិនិយោគ​ថែមទៀត នៅក្នុងផ្នែកផលិត​កម្ម មានតម្លៃបន្ថែម​កាន់តែ​ខ្ពស់​៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​អាល្លឺម៉ង់ចង់​វិនិយោគ​​រោងចក្រ​​ថាមពល​​ តម្លៃ​១,៨​ពាន់​​លាន​ដុល្លារ នៅ​វៀតណាម

ព័ត៌មាន
ក្រុមហ៊ុន​ឧស្សាហកម្មដ៏​ធំ​មួយ​របស់​អាល្លឺម៉ង់ គឺក្រុមហ៊ុន Siemens កំពុង​សម្លឹង​មើល​ការ​វិនិយោគ​​សាងសង់​រោងចក្រ​ថាមពល​​ដែល​ដើរ​ដោយ...

កាស៊ីណូ​កណ្ដាលរាជធានី​ភ្នំពេញ Nagaworld រកចំណូល​បានជាង ១,២ ពាន់លានដុល្លារ នៅ៩ខែឆ្នាំ ២០១៩

ព័ត៌មាន
ក្រុមហ៊ុន Nagacorp Ltd ដែលទទួលបានសិទ្ធិប្រតិបត្តិការកាស៊ីណូនៅកម្ពុជា បានបង្ហាញពីរបាយការណ៍ចំណូលរបស់ខ្លួនកាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០១៩...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ