យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងត្រូវបានបាញ់ចេញពីតំបន់មួយនៅជិតរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុនក៏បាននិយាយផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិចនៃកោះហុកកៃដូ ប្រហែលមួយម៉ោងបន្ទាប់ពីការបាញ់សាកល្បង។ តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនNHK គេនៅមិនទាន់អាចដឹងអំពីរយៈកម្ពស់ និងចម្ងាយនៃមីស៊ីលនេះនៅឡើយទេ។
គួរជម្រាបថា ការបាញ់មីស៊ីលសាកល្បងនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយផ្សេងទៀតកាលពីយប់ថ្ងៃអាទិត្យ ដោយមីស៊ីលនោះហោះបានចម្ងាយប្រហែល៥៧០គីឡូម៉ែត្រពីតំបន់មួយនៅជិតទីក្រុងព្យុងយ៉ាង ហើយធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ការបាញ់ផ្លោងមីស៊ីលផ្ទួនៗបែបនេះរបស់កូរ៉េខាងជើង គឺក្រោយពេលទីក្រុងព្យុងយ៉ាងបានចេញសារថ្កោលទោសសហរដ្ឋអាម៉េរិកធ្ងន់ៗ ចំពោះការរៀបចំនូវអ្វីដែលខ្លួនហៅថា«ការត្រៀមទុកជាមុននៃសង្គ្រាមនុយក្លេអ៊ែ» បន្ទាប់ពីការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ។
កាលពីចុងសប្តាហ៍មុននេះ កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែ USS Missouri របស់សហរដ្ឋអាម៉េរិក បានមកដល់កំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង ខណៈដែលនាវាមុជទឹកនុយក្លេអ៊ែពីរគ្រឿងផ្សេងទៀតរបស់អាម៉េរិក ក៏បានមកដល់កូរ៉េខាងត្បូងដែរកាលពីខែមុន។
កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់របស់មន្ត្រីអាម៉េរិក និងកូរ៉េខាងត្បូងស្តីពីការប្រើប្រាស់អាវុធយោធាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ស្កាត់ការគំរាមកំហែងយោធារបស់កូរ៉េខាងជើង សហរដ្ឋអាម៉េរិក ក៏បានព្រមានកូរ៉េខាងជើងដែរថា ការវាយប្រហារនុយក្លេអ៊ែណាមួយនឹងនាំទៅដល់ការបញ្ចប់ក្រុងព្យុងយ៉ាង។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបាញ់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ ក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានថ្កោលទោសភាពទំនើងយោធារបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងចំពោះការបង្កើនភាពតានតឹងជាមួយនឹងសមយុទ្ធ ការបង្ហាញសាច់ដុំយោធា និងការធ្វើផែនការសម្រាប់សង្គ្រាមនុយក្លេអ៊ែ។
ការបាញ់សាកល្បងមីស៊ីលប៉ាឡេស្ទីករយៈចម្ងាយឆ្ងាយនេះ កើតឡើងក្រោយក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលប្រភេទដូចគ្នានេះម្តងរួចមកហើយកាលពីខែកក្កដា ដែលអ្នកវិភាគមួយចំនួនបាននិយាយថា គឺជាការបាញ់បង្ហោះដោយជោគជ័យនៃមីស៊ីលរយៈចម្ងាយឆ្ងាយ និងបានហោះលើគន្លងដ៏ខ្ពស់ដល់ទៅរយៈកម្ពស់ជាង៦ពាន់៦រយគីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ៕