សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះតាមរយៈសារជាសំឡេងពិសេសបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើកំណែទម្រង់លើមុខតំណែងរដ្ឋមន្ត្រីប្រភិភូអមនាយករដ្ឋមន្ត្រី ដែលភាគច្រើនត្រូវបានផ្តល់ជូនរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន និងមនុស្សដែលស្និតនឹងរាជរដ្ឋាភិបាល។ តាមរយៈកំណែទម្រង់នេះរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមន្ត្រីកាន់តួនាទីពីរក្នុងពេលតែមួយដូចមុនទៀតនោះទេ ពោលគឺប្រសិនបើមន្ត្រីនោះមានមុខតំណែងជារដ្ឋលេខាធិការ ហើយមានតំណែងបន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺត្រូវជ្រើសរើសមួយក្នុងចំណោមមុខតំណែងទាំងពីរ។ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចលើកលែងចំពោះអគ្គនាយកពន្ធដារ និងពន្ធគយ ដែលអនុញ្ញាតឲ្យបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយផងក្នុងពេលតែមួយ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការលើកលែងនេះ ធ្វើឡើងក្រោមហេតុផលស្ថាប័នទាំងពីរត្រូវធ្វើការផ្ទាល់ជាប្រចាំជាមួយរដ្ឋមន្ត្រីផង និងជាមួយនាយករដ្ឋមន្ត្រីពាក់ព័ន្ធចំណូលថវិកាជាតិផង។
នៅក្នុងសារពិសេសជាង១៥នាទីនោះដែរ នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជាបានប្រាប់មន្ត្រីធ្វើកិច្ចការក្នុងក្របខណ្ឌកិច្ចការនយោបាយ និងមុខងារសាធារណៈតាំងពីរដ្ឋលេខាធិការរហូតចាហ្វាយស្រុកកុំឲ្យមានការព្រួយបារម្ភចំពោះការផ្លាស់ប្តូរតួនាទី ដែលខ្លួនកំពុងកាន់កាប់នាពេលបច្ចុប្បន្ន ពោលគឺរាជរដ្ឋាភិបាលនឹងបន្តរក្សាតំណែងរបស់មន្ត្រីទាំងនោះឲ្យនៅដដែល លើកលែងតែសាម៉ីខ្លួនសុំឈប់ក្រោមហេតុផលណាមួយ និងដល់អាយុត្រូវចូលនិវត្តន៍។ ការចេញមកអះអាងបែបនេះធ្វើឡើងក្រោយសម្តេចតេជោសង្កេតឃើញថា មានមន្ត្រីមួយចំនួនបានបង្ហាញការព្រួយបារម្ភជុំវិញរឿងតួនាទីរបស់ខ្លួននាពេលខាងមុខ បន្ទាប់ពីសម្តេចតេជោរាជរដ្ឋាភិបាលប្រកាសពីការផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំរាជរដ្ឋាភិបាលនិងតាមបណ្តាក្រសួងមួយចំនួន។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់រដ្ឋមន្ត្រីចាស់ៗដែលគ្មានមុខតំណែងក្រោយចប់មុខតំណែងត្រឹមអាណត្តិថ្មីមួយចំនួនត្រូវធ្វើជាសមាជិករដ្ឋសភា រួមទាំងសម្តេចតេជោផងដែរ។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗបានប្រកាសសម្រេចមិនធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧បន្តទៀតនោះទេ ដោយតែងតាំងឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេចជាអ្នកដឹកនាំមុខតំណែងកំពូលមួយនេះបន្ត។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយរបស់សម្តេចជាមួយតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ចង់ឈប់សម្រាក៕