រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ថៃ លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា នៅមួយរយៈចុងក្រោយនេះតម្លៃដូងប្រេងស្រស់នៅថៃ បានហក់ឡើង ដោយសារការផ្គត់ផ្គង់មានការធ្លាក់ចុះ ដែលជំរុញឱ្យនាយកដ្ឋានពាណិជ្ជកម្មចាត់វិធានការហាមឃាត់លើការនាំចេញប្រេងដូងជាបន្ទាន់ ដើម្បីធានាការប្រើប្រាស់ក្នុងប្រជាពលរដ្ឋក្នុងស្រុក។
បន្ថែមលើនេះ នាយកដ្ឋាននេះ ក៏អាចនឹងកំណត់តម្លៃប្រេងដូងដប ឬកាត់បន្ថយការប្រើប្រេងដូងក្នុងការផលិតចំហេះ ដើម្បីទុកសម្រាប់ប្រើប្រាស់ឱ្យបានកាន់តែច្រើនផងដែរ។ សមាគមពាណិជ្ជកម្មលក់ដុំ និងរាយរបស់ថៃ បានរាយការណ៍ថា តម្លៃប្រេងដូងដបបានកើនឡើងពី០,២៥ដុល្លារក្នុងមួយលីត្រឡើងដល់ជិត១,៥ដុល្លារក្នុងមួយលីត្រ។
ការកើនឡើងតម្លៃប្រេងដូងនេះ គឺបន្ទាប់ពីតម្លៃដូងប្រេងស្រស់បានហក់ឡើងពីប្រមាណ០,២៥ដុល្លារក្នុងមួយគីឡូក្រាមដោយសារវាស្ថិតនៅក្នុងរដូវប្រាំង ដែលជារដូវកាលខ្សត់ខ្សោយ។ ប្រសិនបើតម្លៃប្រេងដូងដបនៅតែបន្តហក់ឡើងខ្ពស់ ក្រសួងអាចនឹងពិចារណាអំពីការនាំចូល ទោះបីជាខ្លួនបាននិយាយថា មិនមានតម្រូវការនៅពេលនេះក៏ដោយ។
ក្រសួងពាណិជ្ជកម្មថៃ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការនៅតាមរោងចក្រផលិតប្រេងឆា និងហាងលក់ដុំ និងរាយ ដើម្បីរក្សាតម្លៃលក់ប្រេងដូងដបមិនឱ្យលើសពីតម្លៃ១.៤៨ដុល្លារក្នុងមួយលីត្រ ហើយក្រសួងក៏អាចស្នើឱ្យកាត់បន្ថយសមាមាត្រនៃប្រេងដូងក្នុងការផលិតចំហេះផងដែរ។
បើតាមនាយកដ្ឋាននេះ បច្ចុប្បន្នប្រទេសថៃ បានស្តុកទុកប្រេងដូងចំនួនប្រហែល២០ម៉ឺនតោន ដែលអាចប្រើគ្រប់គ្រាន់ដល់ខែមករា ឆ្នាំក្រោយ ដែលជាពេលចាប់ផ្តើមរដូវកាលថ្មី។ ហើយនៅឆ្នាំនេះ ប្រទេសថៃ ក៏បាននាំចេញប្រេងដូងឆៅចំនួន៨៥ម៉ឺនតោនផងដែរ ដោយប្រទេសឥណ្ឌា គឺជាទីផ្សារនាំចេញដ៏សំខាន់ បន្ទាប់មកគឺប្រទេសចិន៕
អត្ថបទ៖ សុខ មង្គល