អតិផរណារបស់ចិនឆ្នាំ២០២៣

តើស្ថានភាពអតិផរណារបស់ចិនឆ្នាំ២០២៣នឹងមានទាប ឬខ្ពស់ជាងបណ្ដាប្រទេសសេដ្ឋកិច្ចធំៗឯទៀត?


អតិផរណារបស់ប្រទេសចិនស្ថិតនៅកម្រិតអត្រា២%ក្នុងឆ្នាំ២០២២ ដែលវាជាចំនួនក្រោមកម្រិតដែលធ្លាប់បានគ្រោងទុកពីមុនមក ថានឹងឡើងដល់ទៅប្រហែល៣% ខណៈដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងត្រឹម ១,៨%ប៉ុណ្ណោះកាលពីខែធ្នូឆ្នាំទៅមិញ។ ដោយឡែកសម្រាប់សន្ទស្សន៍តម្លៃអ្នកផលិត (PPI) ជាតម្លៃដែលអ្នកលក់បោះដុំទៅទិញពីរោងចក្រផ្ទាល់ បានកើនឡើង៤,១%កាលពីឆ្នាំ២០២២។
ចិននៅតែជឿជាក់លើភាពវិជ្ជមាននៃសេដ្ឋកិច្ចទោះបើកប្រទេសឡើងវិញក៏ដោយ

ទោះយ៉ាងណា ទាំងនេះ ជាសន្ទស្សន៍មួយទាបណាស់ បើគេធៀបនឹងប្រទេសក្បាលម៉ាស៊ីនសេដ្ឋកិច្ចនានា ខណៈដែលបច្ចុប្បន្នប្រទេសទាំងនោះ ជួបប្រទះអតិផរណាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន​ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា អតិផរណារបស់ប្រទេសចិននៅតែស្ថិត​ក្នុងកម្រិតមធ្យមកាលពីខែធ្នូឆ្នាំមុន ជាមួយនឹងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ កើនឡើងពី១,៦%កាលពីខែវិច្ឆិកា ដល់ទៅ ១,៨%នៅខែធ្នូ ឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២២ អតិផរណា​នៅក្នុងប្រទេសចិនមាន​កម្រិត ២% ដែលវាស្ថិតក្រោមកម្រិតដែលធ្លាប់បានគ្រោងទុកថា នឹងមាននៅក្នុងរង្វង់ប្រហែល៣%។ ចំណែកសន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះ០,៧%នៅក្នុងខែធ្នូ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះអស់១,៣%នៅក្នុងខែវិច្ឆិកា។ នៅពេញមួយឆ្នាំ២០២២ សន្ទស្សន៍តម្លៃ​អ្នក​ផលិតរបស់ចិន​បានកើនឡើង៤,១%។ ទាំនេះជាសញ្ញាមួយបញ្ជាក់ថា ការសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ១៩ របស់ប្រជាជនចិនកំពុងចាប់ផ្តើមដាក់សម្ពាធលើតម្លៃនៃផលិតផលហើយ។ សេដ្ឋវិទូក្នុងស្រុកអះអាងថា អតិផរណានៅប្រទេសចិនមិន​អាចមានទំហំធំដូចប្រទេស​មួយចំនួន ដែលខ្លះមានដល់ទៅជិត២ខ្ទង់នោះទេ បើទោះបីជា​ចិនទើបតែបើកប្រទេសឡើងវិញ ដែលជំរុញឱ្យមានតម្រូវការប្រើប្រាស់ច្រើនក៏ដោយ។ ទោះយ៉ាងណាអាជ្ញាធរចិនកំពុងយកចិត្តទុកដាក់ ចាត់វិធានការការពារមេរោគឆ្លង ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព។

សូមជម្រាបផងដែរថា កាលពីខែធ្នូតម្លៃម្ហូបអាហារ​នៅក្នុងប្រទេសចិន​បានកើនឡើង ៤,៨% ធៀបនឹងកំណើន ៣,៧% នៅក្នុងខែវិច្ឆិកា ខណៈដែលតម្លៃ​ទំនិញមិនមែនម្ហូបអាហារបានកើនឡើង ១,១%ប៉ុណ្ណោះ កាលពីខែធ្នូ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នេះ គឺនៅមានស្ថិរភាព និងស្ថិតនៅកម្រិតទាបនៅឡើយ ហើយសេដ្ឋកិច្ចចិននៅតែដំណើរការទៅមុខ ជាមួយនឹងសក្តានុពលរបស់វា ដូចនេះអតិផរណា​មិនមែនជាឧបសគ្គរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបន្ដបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ នៅឆ្នាំនេះឡើយ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


អត្រាអតិផរណាខែធ្នូរបស់អាមេរិកបង្ហាញតួលេខថយចុះ ប៉ុន្តែទីផ្សារការងារនៅតែតូចចង្អៀត

របាយការណ៍អតិផរណានៅអាមេរិកសម្រាប់ខែធ្នូកន្លងទៅថ្មីៗនេះ បានបង្ហាញពីតួលេខធ្លាក់ចុះបន្តិចហើយ ដែលវាជាការស្រុតចុះលើកដំបូងហើយក្នុងប៉ុន្មានខែរ…

Airbus Express របស់វិរៈ ប៊ុនថាំ មានពីភ្នំពេញទៅ សៀមរាបហើយ

ការធ្វើដំណើរទិសដៅថ្មីភ្នំពេញ-សៀមរៀប របស់ Air Bus Express នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ ចំណាយត្រឹមតែ ៥ ម៉ោង ប៉ុណ្ណោះ ថែមទាំងមានផ្តល់ជូននូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ