ការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា

ការបញ្ជាទិញបន្ដធ្លាក់ចុះ នឹងបង្ខំឲ្យរោងចក្រកាត់បន្ថយម៉ោងការងាររបស់កម្មករបន្តទៀត ឬយ៉ាងណា?


ការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជាមិនទាន់បង្ហាញសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេនៅឆ្នាំ២០២៣ នេះ ពោលគឺនៅតែបន្តធ្លាក់ចុះដដែល។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំសមាគមស្បែកកម្ពុជា ការបញ្ជាទិញផលិតស្បែកជើងកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ អាចនឹងធ្លាក់ចុះប្រមាណ៣០%បើធៀបនឹងឆមាសទី១កាលពីឆ្នាំមុន។ ការបន្តធ្លាក់ចុះការបញ្ជាទិញនេះ នឹងធ្វើឲ្យរោងចក្រភាគច្រើននៅកម្ពុជាបន្តកាត់បន្ថយម៉ោងការងារ និងព្យួរការងារដល់កម្មករ និយោជិតបន្ថែមទៀត។
ការបញ្ជាទិញបន្ដធ្លាក់ចុះ នឹងបង្ខំឲ្យរោងចក្រកាត់បន្ថយម៉ោងការងាររបស់កម្មករបន្តទៀត ឬយ៉ាងណា?

បើតាមអ្នកជំនាញការកាត់បន្ថយការបន្ថែមម៉ោងការងារនេះ វានឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរបស់កម្មករ និយោជិត ដ្បិតប្រាក់ខែគោលតែមួយមុខទំនងជាមិនអាចឆ្លើយតបនឹងការចំណាយរបស់ពួកគេនោះទេ។

ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះការបញ្ជាទិញផលិតផលស្បែកជើងកម្ពុជាពីទីផ្សារអន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំរូបនេះ ការបញ្ជាទិញផលិតផលស្បែកជើងកម្ពុជាអាចនឹងបន្តធ្លាក់ចុះយ៉ាងតិច៣០%នៅឆមាសទី១ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានលោកឧកញ៉ា លី ឃុនថៃ វាយតម្លៃថា គឺដោយសារធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមប្រទេសបញ្ជាទិញ ស្របពេលវិបត្តិសង្គ្រាមនៅអ៊ុយក្រែនបានជំរុញឲ្យតម្លៃទំនិញប្រើប្រាស់ និងវត្ថុធាតុដើមបម្រើការផលិតស្បែកជើងមានការឡើងថ្លៃខ្ពស់។ មួយវិញទៀត ក្រុមហ៊ុនដែលបានបញ្ជាទិញទំនិញពីកម្ពុជាក្រោយរោងចក្រនៅតាមប្រទេសមួយចំនួនរងការរំខានពីកូវីដ បានបង្វែការបញ្ជាទិញរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះវិញ ក្រោយស្ថានភាពកូវីដ-១៩ មានភាពធូរស្បើយ។

សម្រាប់លោកឧកញ៉ា លី ឃុនថៃ ការធ្លាក់ចុះការបញ្ជាទិញនេះ ចង់មិនចង់វានឹងបង្ខំឲ្យរោងចក្រនៅកម្ពុជានឹងបន្តកាត់បន្ថយការបន្ថែមម៉ោង និងព្យួរការងារដល់កម្មករ និយោជិតដែលផុតកិច្ចសន្យាការងារបន្ថែមទៀត។ ការបន្តចំណាត់ការបែបនេះ ច្បាស់ណាស់វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ និយោជិតក្នុងវិស័យនេះ ដ្បិតថា ប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ស្របពេលការចំណាយមានការកើនឡើងដោយសារតម្លៃទំនិញប្រើប្រាស់មួយចំនួនឡើងថ្លៃខ្ពស់។

ពាក់ព័ន្ធបញ្ហានេះដែរលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានគូសបញ្ជាក់ថា មិនមែនមានតែទីផ្សារស្បែកជើងនោះទេដែលមានទំនោរធ្លាក់ចុះ សូម្បីទីផ្សារវាយនភណ្ឌសម្លៀកបំពាក់ក៏មិនទាន់បង្ហាញសញ្ជាវិជ្ជមាននៃការងើបឡើងវិញការបញ្ជាទិញពីផ្សារអន្តរជាតិនោះទេ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជាពីទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំនេះ នឹងមានស្ថានភាពដូចឆមាសទី២ក្នុងឆ្នាំ២០២២។ ស្ថានភាពបែបនេះ វានឹងជំរុញឲ្យរោងចក្រភាគច្រើននៅកម្ពុជានឹងបន្តកាត់បន្ថយការថែមម៉ោង និងព្យួរការងារដល់កម្មករ និយោជិតមួយចំនួនបន្ថែមទៀត ហើយចង់មិនចង់វានឹងធ្វើឲ្យប៉ះពាល់ការជីវភាពរបស់កម្មករ និយោជិតទាំងនោះ។ ការណ៍នេះវានឹងបង្ខំឲ្យកម្មករនិយោជិតត្រូវរឹតត្បិត និងកាត់បន្ថយការចំណាយប្រចាំថ្លៃ ដើម្បីធ្វើឲ្យមានសមតុល្យជាមួយប្រាក់ចំណូល។

ជុំវិញវិស័យបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារធ្លាប់បានអះអាងកាលពីដើមខែធ្នូឆ្នាំ២០២២ថា សម្រាប់ឆ្នាំ២០២២ វិស័យកាត់ដេរហាក់មិនសូវមានការខុសប្លែកខ្លាំងពីឆ្នាំ២០២១នោះឡើយ ប៉ុន្ដែ នៅឆ្នាំ២០២៣ វិស័យនេះ អាចនឹងស្ថិតក្នុងស្ថានភាពគួរប្រុងប្រយ័ត្ន ដ្បិតការបញ្ជាទិញពីអឺរ៉ុបនឹងថយចុះ។

យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជារំពឹងថា ការបើកប្រទេសឲ្យប្រជាជន និងជនបរទេសអាចធ្វើដំណើរចេញចូលឡើងវិញរបស់ចិនចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វានឹងជួយជំរុញឲ្យទីផ្សារស្បែកជើងកម្ពុជាមានភាពល្អប្រសើរមួយកម្រិតឡើងវិញ ដោយសារចិនជាប្រភពភ្ញៀវទេសចរដ៏ធំរបស់ពិភពលោក និងជាប្រភពវិនិយោគិនដ៏មានសក្តានុពលផងដែរ។ លោកឧកញ៉ាជឿជាក់ថា ចរន្តភ្ញៀវទេសចរ និងវិនិយោគិនជនជាតិចិនចេញទៅធ្វើដំណើរកម្សាន្ត និងស្វែងរកឱកាសវិនិយោគនៅតាមប្រទេសផ្សេងៗរួមទាំងកម្ពុជាកាន់តែច្រើន ក្រោយរាជរដ្ឋាភិបាលប្រទេសនេះបើកទូលាយសម្រាប់ការធ្វើដំណើរអន្តរជាតិឡើងវិញ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆមាសទី១ឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា សម្រេចបានជាង៦ពាន់៦រយលានដុល្លារអាមេរិក កើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចូលដល់ឆមាសទីពីរការបញ្ជាទិញផលិតផលទាំងនេះមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចន្លោះពី៣០%ទៅ៦០%៕




អត្ថបទបន្ទាប់


ផលនេសាទដាយត្រី នៅភ្នំពេញ និងខេត្តកណ្តាល សម្រេចបានជិត ១ពាន់៥រយតោន កើនឡើង ៤០%

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ផលនេសាទដាយតី្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ ចាប់ពីថ្ងៃទី២…

វិបត្តិសេដ្ឋកិច្ចនៅប៉ាគីស្ថាន បង្ខំឲ្យរដ្ឋត្រូវចាត់វិធានការបន្ទាន់ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល

ប្រឈមមុខនឹងវិបត្តិថាមពល និងវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញវិធានការមួយចំនួនដើម្បីសន្សំសំចៃថាមពលប្រើប្រាស់ រួមទាំងការបិទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ