ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសគំរាមដំឡើងពន្ធរហូតដល់ទៅ២០% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ និងរហូតដល់៦០%ឡើងទៅលើទំនិញចិន។ ធនាគារអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២នៅលើពិភពលោក បានចាត់ទុកពន្ធគយទាំងនេះថា ជាកត្តាដ៏ចម្បង ដែលនាំមកនូវភាពមិនប្រាកដប្រជាសម្រាប់អាស៊ីនៅឆ្នាំ២០២៥ ខាងមុខនេះ។
ទំហំ នៃផលប៉ះពាល់ នឹងអាស្រ័យទាំងស្រុងលើវិធានការជាក់ស្ដែងរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ហើយតាមការព្យាករ វានឹងជះផលប៉ះពាល់ខ្លាំងទៅលើបណ្ដាសេដ្ឋកិច្ចនៅអាស៊ី ជាពិសេសប្រទេសចិនតែម្ដង ដែលបានផ្គត់ផ្គង់រហូតដល់ទៅ១៦,៥% នៃការនាំចូលសរុបរបស់សហរដ្ឋអាម៉េរិក កាលពីអំឡុងឆ្នាំ២០២២។ ក្រុមអ្នកវិភាគបានព្យាករថា ផលវិបាកដែលបណ្ដាលមកពីការដំឡើងពន្ធគយនេះនឹងបន្តរហូតដល់ឆ្នាំ២០២៦។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា បណ្ដាសេដ្ឋកិច្ចនៅអាស៊ីបូព៌ា ដែលរួមមានប្រទេសចិន ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង កូរ៉េខាងត្បូង និងតៃវ៉ាន់ អាចប្រឈមមុខនឹងកំណើនផលិតផលក្នុងស្រុកសរុបកាន់តែយឺត ដោយសារសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសទាំងនេះមានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយប្រទេសចិន ដែលជាគោលដៅដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក។
ទន្ទឹមនឹងនេះ បណ្ដាប្រទេសនៅអាស៊ីខាងត្បូង ដែលរួមមាន បង់ក្លាដែស ប៊ូតាន ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា និងអាហ្វហ្គានីស្ថាន និងអាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសអាស៊ានទាំង១០ និងទីម័រខាងកើត អាចនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់។
អាស៊ីអាគ្នេយ៍នៅពេលនេះ ត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៧% នៅឆ្នាំ០២៤នេះ ដោយកើនឡើងពីការព្យាករមុននេះក្នុងរង្វង់៤,៥% ហើយនឹងបន្តរក្សាកំណើនក្នុងរង្វង់៤,៧%នៅឆ្នាំ២០២៥។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានដំឡើងការព្យាករកំណើនឆ្នាំ២០២៤ របស់ខ្លួនសម្រាប់ម៉ាឡេស៊ី ក្នុងរង្វង់៥% សិង្ហបុរីក្នុងរង្វង់៣,៥% ថៃ ក្នុងរង្វង់២,៦% និងវៀតណាមក្នុងរង្វង់៦,៤% ខណៈរក្សាការព្យាករកំណើនសម្រាប់ឥណ្ឌូនេស៊ីក្នុងរង្វង់៥% និងហ្វីលីពីន ក្នុងរង្វង់៦%៕
ដោយ: តែម សុខុម