ប្រធានធនាគារពិភពលោកប្រកាសនឹងលាលែងពីតំណែង

ប្រធានធនាគារពិភពលោក លោក David Malpass ប្រកាសនឹងលាលែងពីតំណែងនៅខែមិថុនាខាងមុខ


ប្រមុខដឹកនាំធនាគារពិភពលោក លោក David Malpass នៅក្នុងវ័យ ៦៦ឆ្នាំ បានប្រកាសនឹងលាលែងពីតំណែងប្រធានធនាគារពិភពលោក នៅចុងខែមិថុនាខាងមុខនេះ។ លោកបានចាត់ទុកការលាលែងនេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់ការផ្លាស់ប្ដូរការដឹកនាំរបស់ធនាគារពិភពលោក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមានឡើងច្រើននៅទូទាំងសកលលោក។ នេះបើយោងតាមព័ត៌មានអន្តរជាតិធំៗដែលបានផ្សាយនៅថ្ងៃទី ១៦ ខែកុម្ភៈ។
ប្រធានធនាគារពិភពលោកប្រកាសនឹងលាលែងពីតំណែងនៅខែមិថុនាខាងមុខ

លោក David Malpass បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានដាក់ជូនទៅកាន់ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក អំពីការសម្រេចចិត្តរបស់លោកយ៉ាងដូច្នេះថា «បន្ទាប់ពីបានគិតយ៉ាងល្អិតល្អន់រួចមក ខ្ញុំបានសម្រេចចិត្តស្វែងរកការប្រឈមថ្មីៗ»។ លោកបន្ថែមថា «នេះគឺជាឱកាសមួយ សម្រាប់ការផ្លាស់ប្ដូរភាពជាអ្នកដឹកនាំដោយរលូត នៅពេលដែលក្រុមធនាគារធ្វើការដើម្បីឆ្លើយតបនឹងការកើនឡើងនៃបញ្ហាប្រឈមជាសកលនោះ»។

ក្នុងការកាន់តំណែងរបស់លោក Malpass នៅធនាគារពិភពលោកដែលមានរយៈពេល ៤ ឆ្នាំមកនេះ គេបានឃើញថា ស្ថាប័នអ្នកផ្ដល់កម្ចីសម្រាប់ការអភិវឌ្ឍដ៏ធំមួយនេះ បាននិងកំពុងជួបប្រឈមមុខនឹងវិបត្តិសកលជាច្រើន ដូចជាជំងឺរាតត្បាតកូវីដ១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាការធ្លាក់ចុះសេដ្ឋកិច្ចអន្តរជាតិផងដែរ។

ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាន "ឆ្លើយតបយ៉ាងឆាប់រហ័ស" នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមទាំងនេះ ជាពិសេសការប្រមូលថវិកាក្នុងចំនួនដ៏ច្រើនលើសលុប ៤៤០ ពាន់លានដុល្លារក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះ។

នៅក្រោមការដឹកនាំរបស់លោក Malpass ក្រុមធនាគារពិភពលោក បានផ្ដល់នូវហិរញ្ញប្បទានទ្វេដងសម្រាប់គម្រោងដោះស្រាយបញ្ហាអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលក្នុងតម្លៃទឹកប្រាក់សរុប ៣២ពាន់លានដុល្លារកាលពីឆ្នាំមុន។

នៅក្នុងលិខិតមួយផ្ញើទៅកាន់បុគ្គលិក ដែលត្រូវបានឃើញដោយសារព័ត៌មាន AFP លោក Malpass បាននិយាយថា ប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ហើយរូបលោកផ្ទាល់មានមោទកភាព ដែលធនាគារពិភពលោកបានបន្ដឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ក្នុងការជួយដល់ប្រទេសទាំងនេះ។

សូមបញ្ជាក់ដែរថា នៅមុនកាន់តំណែងជាប្រធានធនាគារពិភពលោក លោក David Malpass ធ្លាប់បម្រើការនៅក្នុងក្រសួងហិរញ្ញវត្ថុអាមេរិកផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជាបានពង្រីកមុខងារថ្មី “NHAM24 Taxi” ដើម្បីជួយសម្រួលទៅដល់មធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ

ក្រុមហ៊ុន NHAM24 បានដាក់ដំណើការជាផ្លូវការនូវសេវាកម្មហៅមធ្យោបាយធ្វើដំណើររបស់ខ្លួន NHAM24 Taxi នៅថ្ងៃនេះ។ សេវាកម្មថ្មីនេះ (NHAM24 Taxi)…

ជប៉ុនសង្ស័យចិនថា បានបង្ហោះបាឡុងចារកម្ម៣លើកចូលក្នុងទឹកដីរបស់ខ្លួនពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១

រដ្ឋាភិបាលជប៉ុន បានឱ្យដឹងកាលពីថ្ងៃអង្គារទី១៤កុម្ភៈថា វត្ថុហោះមិនស្គាល់អត្តសញ្ញាណចំនួនបីដែលត្រូវបានគេប្រទះឃើញនៅលើទឹកដីខ្លួនក្នុងរយៈពេលបីឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ