តម្លៃដែលក្រុមហ៊ុន Microsoft ទិញវីឌីអូហ្គេមនេះ ជាតម្លៃមួយដែលខ្ពស់បំផុតមិនធ្លាប់មាន ហើយវាបានក្លាយជាចម្ងល់ជាច្រើន ជុំវិញការទិញយកក្រុមហ៊ុនវីឌីអូហ្គេមដែលមានតម្លៃដ៏សន្ធឹកសន្ធាប់បែបនេះ ក្នុងគ្រាដែលប្រទេសក្រីក្រជាច្រើនកំពុងជួបឧបសគ្គ ក្នុងការរៀបចំបំណុលឡើងវិញ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាភាពក្រីក្រផងដែរនោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ថ្លែងនៅក្នុងកម្មវិធីតាមអនឡាញមួយរបស់វិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ លោក ដេវីត ម៉ាលផាស ប្រធានធនាគារពិភពលោក បាននិយាយថា ដើមទុនកាន់តែច្រើនគួរតែត្រូវហូរចូលប្រទេសក្រីក្រ ប៉ុន្តែផ្ទុយទៅវិញ លំហូរទាំងនោះ ត្រូវបានរំខានដោយគោលនយោបាយរូបិយវត្ថុងាយស្រួលខុសពីធម្មតានៅក្នុងប្រទេសអភិវឌ្ឍន៍ទៅវិញ។
ប្រធានធនាគារពិភពលោក លើកឡើងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ទំហំនៃកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតវីដេអូហ្គម Activision Blizzard ដោយក្រុមហ៊ុន Microsoft ខណៈការផ្ដល់ជំនួយពីប្រទេសអ្នកមាន ទៅឲ្យសមាគមអភិវឌ្ឍន៍អន្តរជាតិសម្រាប់ជួយប្រទេសក្រីក្រ ក៏មានការថយចុះជាង ២៣ពាន់លានដុល្លារអាមេរិកពីអ្វីដែលបានសន្យាកាលពីខែធ្នូឆ្នាំ២០២១ផងដែរ។ជុំវិញបញ្ហានេះ លោក ដេវីត ម៉ាលផាស បានដាក់ជាសំនួរថា តើនេះជាដំណើរការនៃការកំណត់យុទ្ធសាស្ត្រវិនិយោគដើមទុនដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Microsoft មែនទេ? ខណៈ លំហូរមូលធនដ៏ច្រើននេះនឹងទៅកាន់ទីផ្សារមូលបត្របំណុល។ ប្រធានធនាគារពិភពលោក បានបញ្ជាក់ទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចណាស់ ដែលអាចមានលទ្ធភាពទទួលបានហិរញ្ញប្បទានមូលបុត្របំណុលនេះ ខណៈពេលដែលដើមទុនជាច្រើននៅតែមាននៅក្នុងបណ្តាប្រទេសជឿនលឿនប៉ុណ្ណោះ ជាពិសេសនៅក្នុងទ្រព្យសម្បត្តិបម្រុងរបស់ធនាគារកណ្តាល ដែលប្រើសម្រាប់គាំទ្រការទិញមូលបត្របំណុលរយៈពេលវែង។
ទាក់ទិននឹងការលើកឡើងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft មិនបានឆ្លើយតបភ្លាមៗចំពោះការធ្វើអត្ថាធិប្បាយរបស់ប្រធានធនាគារពិភពលោករូបនេះទេ។
សូមជម្រាបថា ការវិលត្រឡប់ទៅរកការវិនិយោគសកលធម្មតាឡើងវិញ គឺចាំបាច់ដើម្បីនាំមកនូវសមត្ថភាពហិរញ្ញប្បទានបន្ថែមទៀត ដល់អាជីវកម្មខ្នាតតូចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយដើម្បីដោះស្រាយលំហូរជនភៀសខ្លួន កង្វះអាហារូបត្ថម្ភដែលកំពុងកើតឡើង និងមានជាបន្តបន្ទាប់ នោះគឺត្រូវតែមានប្រាក់កាន់តែច្រើន និងសាច់ប្រាក់ទាំងនោះ ត្រូវមានលំហូរចូលទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍កាន់ច្រើនដូចគ្នាដែរ៕