លោក David Malpass បានបន្តថា៖ «ពីពេលនេះតទៅនឹងមិនមានគម្រោងជំនួយអភិវឌ្ឍថ្មីនោះទេ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយយើងនឹងនៅចាំតាមដានស្ថានការណ៍បន្ថែមទៀត ប៉ុន្តែយើងនៅតែបន្តអនុវត្តគម្រោងចាស់ៗពីមុនមករបស់យើងដល់ប្រទេសមួយនេះដដែល»។
World Bank កាលពីឆ្នាំ២០២០ ទើបបានផ្តល់ប្រាក់កម្ចីរួមជាមួយ ជំនួយឥតសំណងសរុបជាទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារអាមេរិកដល់ភូមា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
គួរកត់សម្គាល់ដែរថា បច្ចុប្បន្នមានប្រទេសធំៗជាច្រើន មកពីជុំវិញពិភពលោកបានបន្តដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើក្រុមយោធាភូមា ជាពិសេសគឺទៅលើ ឧត្តមសេនីយ៍ អ៊ុង មីងឡាំង ដែលជាបុរសខ្លាំងនៅពីក្រោយរដ្ឋប្រហារនៅភូមាលើកនេះ។ក្នុងនោះ សហរដ្ឋអាមេរិក អង់គ្លេស និងចុងក្រោយថ្មីៗនេះ កាណាដា បានប្រកាសដាក់ទណ្ឌកម្មដោយផ្ទាល់ លើក្បាលម៉ាស៊ីននៃក្រុមយោធាភូមាជាង១០នាក់ ខណៈអង់គ្លេសថែមទាំងបានបញ្ជាឲ្យផ្អាកការរកស៊ីរបស់ក្រុមហ៊ុនអង់គ្លេសនានា ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមយោធាផងដែរ។
ដោយធ្លាប់ជាដែនដីអាណានិគម ក៏មានដែរ ក្រុមហ៊ុនអង់គ្លេសជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅភូមា។
ក្រឡេកមកមើលក្រុមប្រទេសក្នុងសហគមន៍អាស៊ានឯណេះវិញ ដោយកាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី និងសឹង្ហបុរីបានផ្តួចផ្តើមគំនិត ចង់ឲ្យមានកិច្ចប្រជុំថ្នាក់តំបន់ទាំងផ្លូវការ និងមិនផ្លូវការមួយ ដើម្បីជជែកពិភាក្សាពីបញ្ហានៅភូមានេះផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានបាតុករជាង៥០០នាក់ហើយត្រូវបានយោធា ចាប់ខ្លួនអំឡុងពេលចេញផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងដោយអ្នកខ្លះទៀតត្រូវបានគេសម្រុកចូលចាប់ខ្លួននៅពេលយប់ ក្នុងផ្ទះរបស់ពួកគេតែម្តង៕