
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន LipCo Foodsនេះ ត្រូវបានចុះហត្ថលេខាដោយ លោក César Lipka នាយកប្រតិបត្តិនៃក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ភាពជាដៃគូនេះ មានគោលបំណងបង្កើនភាពខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និងចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ក្រុមហ៊ុន WorldBridge នឹងនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានគូសបញ្ជាក់ថា ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ អ្នកឧកញ៉ា មានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។ មិនតែប៉ុណ្ណោះ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជាផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន LipCo Foods គឺជាក្រុមហ៊ុនប៉ូឡូញ ឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែលបង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។ ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូវផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្នពួកគេគឺជាអ្នកផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ៕


