អគ្គនាយិការអង្គការ WTO គឺលោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៊ីវាឡា (Ngozi Okonjo-Iweala) បានប្រាប់រ៉យទ័រនៅក្រៅកិច្ចប្រជុំរបស់ក្រុមមេដឹកនាំប្រទេសជី២០ នៅកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីថា ការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ប្រហែលជាមិនកើតឡើងនៅគ្រប់ប្រទេសេដ្ឋកិច្ចធំៗនោះទេ ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចឈានមួយចំនួនអាចប្រឈមនឹងការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។
អគ្គនាយិការូបនេះបានបន្ថែមថា ជាការពិតណាស់ផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចនោះអាចមានសារៈសំខាន់សម្រាប់ប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើន និងប្រទេសក្រីក្រមួយចំនួន ដែលត្រូវការតម្រូវការខាងក្រៅពីបណ្ដាប្រទេសជឿនលឿន ដើម្បីជំរុញងើបសេដ្ឋកិច្ចឡើងវិញ។
ស្ថាប័នពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសនេះ កាលពីខែមុនបានព្យាករដែរថា ពាណិជ្ជកម្មសកលនឹងកើនឡើងត្រឹមតែ ១% ក្នុងឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីការកើនឡើងប្រមាណ ៣,៥% សម្រាប់ឆ្នាំនេះ។
នៅថ្ងៃទី២នៃកិច្ចពិភាក្សារបស់មេដឹកនាំនៃក្រុមប្រទេសជី២០នៅថ្ងៃពុធសប្ដាហ៍នេះ មានការរំខានមួយ ដែលត្រូវធ្វើកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីរបាយការណ៍ស្ដីពីមីស៊ីលមួយគ្រាប់ដែលបានធ្លាក់នៅក្នុងទឹកដីប៉ូឡូញ ដែលវាបានបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងទៅលើវិបត្តិសេដ្ឋកិច្ច ដោយសារសង្គ្រាមនៅអ៊ុយក្រែន។
លោកស្រី អូកុនចូ អ៊ីវាឡា បានអំពាវនាវឱ្យមេដឹកនាំជី២០ដកចេញការរឹតបន្តឹងការនាំចេញស្បៀងអាហារដែលកំពុងកើនឡើង និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្រីក្រដោយសារតែការកើនឡើងនូវតម្លៃម្ហូបអាហារជាបន្តបន្ទាប់។
ក្នុងចំណោមចំណុចបំភ្លឺៗមួយចំនួនដែលលោកស្រីបានកត់សម្គាល់នោះក៏មានការពាក់ព័ន្ធនឹងជំនួបទ្វេភាគីរវាងមេដឹកនាំអាមេរិកលោក ចូ បៃដិន និងមេដឹកនាំចិនលោក ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូលជី២០ ដើម្បីស្ថាបនាទំនាក់ទំនងទ្វេភាគីដែលកំពុងតែតានតឹងដាក់គ្នាផងដែរ ព្រោះវាក៏ជាការរួមចំណែកដល់ភាពមិនប្រាកដប្រជាពីការរំពឹងទុកសម្រាប់ការងើបរើសេដ្ឋកិច្ចឡើងវិញជាសកលផងដែរ។
លោកស្រី អូកុនចូ អ៊ីវាឡា បាននិយាយពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលរវាងអាមេរិក និងចិននេះថា គេមិនចង់ដឹងស៊ីជម្រៅនៃជំនួបនេះពេកទេប៉ុន្តែគេគ្រាន់តែដឹងថាវាតែងតែជាការល្អនៅពេលប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំង២នេះបានជជែកគ្នាបែបនេះជាពិសេសទាក់ទងនឹងពាណិជ្ជកម្មនោះគឺវាពិតជាមានប្រយោជន៍ខ្លាំងមែនហើយ៕
អត្ថបទ៖ សុខ ជា