ប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»


នៅទីបំផុតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តប្រកាសបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រឹមថ្ងៃទី២០ ខែធ្នូ ក្រោយពីតួលេខនៃការឆ្លងកូវីដ-១៩ នៅកម្ពុជា កាន់តែមានការថយចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជាមានត្រឹមក្រោម១០នាក់ប៉ុណ្ណោះ។
កម្មកររោងចក្រអង្គុយរងចាំការធ្វើតេស្តរហ័សកូវីឌ១៩ (រូបភាពឯកសារ))

សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០​ធ្នូ​នេះ វា​ជា​លើក​ដំបូង​ហើយ ក្នុង​រយៈពេល​១០​ខែ កន្លង​មកនេះ ចាប់ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​កម្ពុជា មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​អត្រា​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ត្រឹម ៧​នាក់ ប៉ុណ្ណោះ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ប្រមាណ ១២​ម៉ឺន​នាក់ ឆ្លង​កូ​វី​ដ​-១៩ និង​មាន​អ្នក​ស្លាប់​រហូត​ប្រមាណ ៣​ពាន់​នាក់​។ សម្ដេច​ហ៊ុន សែន បាន​បន្ត​ថា ការ​ចាប់ផ្ដើម​របស់​កម្ពុជា ដ៏​លំបាក​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ជា​សាកល​មួយ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ឆ្លង​កូ​វី​ដ​-១៩ រាប់រយ​នាក់ និង​មាន​អ្នក​ស្លាប់​រាប់​សិប​នាក់ ក្នុង​មួយ​ថ្ងៃ និង​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ធ្លាប់​មាន​កើន​ដល់​ចំនួន​ជាង​មួយ​ពាន់​នាក់​ផង​ដែរ​។ ទោះ​យ៉ាងណា នៅ​រយៈពេល​ចុង​ក្រោយ​នេះ ករណី​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា ហាក់​បាន​ថយ​ចុះ គួរ​ឱ្យ​កត់សម្គាល់ ដោយ​ធ្លាក់​នៅ​ត្រឹម ក្រោម​១០​នាក់ ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។

ការ​ថយ​ចុះ​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកជា​ភាព​ជោគជ័យ​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឱ្យ​កម្ពុជា ធ្លាក់​ក្នុង​ជ្រោះ​មរណៈ​។ វិបត្តិ​កូ​វី​ដ​-១៩ បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ស្វះ​ស្វែងរក​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពី​បណ្ដា​ប្រទេស​ដទៃ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គិត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​សរុប​ជិត ៨៩​ភាគរយ​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់​។

បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន ការ​បិទ​បញ្ចប់​នូវ​«​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​» មិនមែន​មាន​ន័យ​ថា កម្ពុជា ត្រូវ​បិទ​បញ្ចប់​នូវ​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩ នោះ​ទេ ដោយ​សម្ដេច នៅ​តែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជាន់​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។ សម្ដេច​សង្ឃឹមថា កម្ពុជា នឹង​អាច​រក្សា​បាន​នូវ​អត្រា​ឆ្លង​កូ​វី​ដ​-១៩ កម្រិត​ទាប និង​គ្មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​បន្ថែម​ទៀត​។

បើ​ទោះបី បច្ចុប្បន្ន ប្រជាជន​កម្ពុជា​ស្ទើរ​១០០​ភាគរយ​ទៅ​ហើយ បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន នៅ​តែ​បន្ត​ជំរុញ​បន្ថែម​ទៀត​ឱ្យ​ប្រជាជន​កម្ពុជា ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​ៗ​គ្នា ពិសេស​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​។ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ ទី​២០ ខែធ្នូ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ប្រមាណ ១២​ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់ ប្រមាណ​៣​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អបអរសាទរអ្នកទទួលបាន iPhone13 ពី PIIK MALL! ចំណែកអ្នកមិនទាន់ទទួលបាន iPhone 13 កុំទាន់អស់សង្ឃឹមណា! កម្មវិធីនឹងនៅតែបន្ដទៀតពី PIIK MALL

ព័ត៌មាន
មិនធម្មតាមែន! មហាព្រឹត្តិការណ៍ដែលមិនធ្លាប់មាន បានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ធ្វើឱ្យអតិថិជននិងហ្វេនៗរំភើប…

អ្នកជំនាញស្នើឲ្យពន្យារពេលអនុវត្តយកពន្ធចំណេញលើមូលធនបន្ដទៀត

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចាប់ផ្តើមអនុវត្តការយកពន្ធលើប្រាក់ចំណេញមូលធន ចាប់ពីឆ្នាំ២០២២ តទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ