វិស័យពាណិជ្ជកម្ម

តើការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងចិន និងអាម៉េរិក អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងណាដែរ?


សង្គ្រាមពន្ធរវាងមហាអំណាចផុតលេខលើពិភពលោកទាំងពីរចិន និងអាម៉េរិក កាន់តែឡើងកម្តៅគួរឱ្យព្រួយបារម្ភ ក្រោយប្រទេសទាំងពីរបានដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដែលធ្វើមានការព្រួយបារម្ភពីបែកខ្ញែកនៃប្លុកសេដ្ឋកិច្ច។ តាមរយៈការដាក់ពន្ធគ្នាទៅវិញទៅមកនេះ អង្គការពាណិជ្ជកម្មពិភពលោកបានវាយតម្លៃថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចប្រឈមនឹងធ្លាក់ចុះលើស៨០%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន ។
វិស័យពាណិជ្ជកម្ម
ដោយ

អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី៩ ខែមេសា បានប៉ាន់ប្រមាណថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរអាចនឹងទាញទម្លាក់ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរឱ្យធ្លាក់ចុះលើសពី៨០%។ ស្ថាប័នឃ្លាំមើលនិងដោះស្រាយវិវាទពាណិជ្ជកម្មមួយនេះបានព្រមានថា ការដំឡើងពន្ធដាក់គ្នានេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានទំហំប្រមាណ៣% នៃពាណិជ្ជកម្មសកលនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសនឹងធ្វើឱ្យាមានការបែកខ្ញែកជាប្លុកសេដ្ឋកិច្ច។

អង្គការពាណិជ្ជកម្មពិភពលោកជឿជាក់ថា ការបែកខ្ញែកជាប្លុកសេដ្ឋកិច្ចរវាងប្រទេស ដែលម្ខាងគាំទ្រអាម៉េរិក និងម្ខាងគាំទ្រចិននេះ វានឹងទាញទម្លាក់កំណើនផលិតផលក្នុងស្រុករបស់ពិភពលោកឱ្យធ្លាក់ចុះជិត៧% នៅក្នុងរយៈពេលវែង។

គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក បានដាក់ពន្ធលើចិន រហូតដល់ទៅ១២៥% ខណៈចិន ដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិក៨៥%។ គួរបញ្ជាក់ថា ប្រទេសចិន មិនទទួលបានការពន្យារពេលការអនុវត្តពន្ធ៩០ថ្ងៃដូចបណ្តាប្រទេសផ្សេងនោះទេ។

របាយការណ៍របស់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងអាម៉េរិក និងចិន កាលពីឆ្នាំ២០២៤ មានទំហំប្រមាណ៥៨២ពាន់លានដុល្លារ ក្នុងនោះអាម៉េរិក នាំចេញទំនិញទៅចិន មានតម្លៃជាង១៤៣ពាន់លានដុល្លារ ហើយអាម៉េរិកនាំចូលពីចិន មកវិញ មានតម្លៃជិត៤៣៩ពាន់លានដុល្លារ ដែលធ្វើឱ្យអាម៉េរិក មានឱនភាពពាណិជ្ជកម្មជាមួយចិន ជាង២៩៥ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃប្រាក់ដុល្លារ និងផ្សារភាគហ៊ុនអាម៉េរិក ហក់ឡើងវិញស្រឺតៗ ក្រោយលោក ត្រាំ ប្រកាសពន្យារពេលអនុវត្តពន្ធថ្មី៩០ថ្ងៃ

តម្លៃដុល្លារអាម៉េរិក បានហក់ឡើងថ្លៃមកវិញបន្តិច បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត រីឯផ្សារភាគហ៊ុនសហរដ្ឋអាម៉េរិក ក៏បានហក់ឡើងវិញស្រឺតៗដែរ…

ការចំណាយលើ AI ទូទាំងពិភពលោកនឹងកើនដល់៦៤៤ពាន់លានដុល្លារនៅឆ្នាំនេះ

បើតាមការព្យាកររបស់ក្រុមហ៊ុន Gartner ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាបច្ចេកវិទ្យា ការចំណាយលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅទូទាំង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ