វិស័យដឹកជញ្ជូន

តើការតភ្ជាប់ផ្លូវដឹកជញ្ជូនត្រង់រវាងកំពង់ផែ Wuxi ប្រទេសចិន និងកំពង់ផែព្រះសីហនុ អាចផ្តល់ផលចំណេញអ្វីខ្លះសម្រាប់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចកម្ពុជា?


ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឱ្យកម្ពុជា ចាំបាច់បង្កើនការតភ្ជាប់ត្រង់រវាងកំពុងផែរបស់ខ្លួន ជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ ឱ្យបានកាន់តែច្រើន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កម្ពុជា-ចិន បានបើកឱ្យដំណើរការជើងដឹកជញ្ជូនត្រង់រវាងកំពង់ផែ Wuxi និងកំពង់ផែក្រុងព្រះសីហនុ ជាលើកដំបូង ដោយបានកាត់បន្ថយរយៈពេលដឹកញ្ជូនប្រមាណ៧ ទៅ១០ថ្ងៃ និងកាត់បន្ថយការចំណាយប្រតិបត្តិការប្រមាណ២០%ទៅ៣០% ផងដែរ។
វិស័យដឹកជញ្ជូន
ដោយ

នាពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងមានសមត្ថភាពអនុញ្ញាតឱ្យកប៉ាល់ដឹកជញ្ជូនទំនិញពីគ្រប់ទិសទីជុំវិញពិភពលោកអាចចូលចតបានដោយផ្ទាល់ដោយពុំចាំបាច់ចូលចតនៅកំពង់ផែដទៃ ដែលវានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងតាមរយៈការតភ្ជាប់ផ្លូវដឹកជញ្ជូនត្រង់រវាងកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែឧសភា ត្រូវបានសម្តេចធិបតី អះអាងថា វាបានជួយកាត់បន្ថយរយៈពេលដឹកញ្ជូនប្រមាណ៧ ទៅ១០ថ្ងៃ និងបានកាត់បន្ថយការចំណាយប្រមាណ ២០% ទៅ៣០% នៃការចំណាយប្រតិបត្តិការរបស់កំពង់ផែផងដែរ។

​​ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អ៊ិចប្រេស ខេមបូឌា បានសាទរចំពោះសមិទ្ធផលនៃការតភ្ជាប់ការដឹកជញ្ជូនត្រង់រវាងកំពង់ផែ Wuxi និងកំពង់ផែក្រុងព្រះសីហនុនេះ ព្រោះវាជាផ្នែកមួយជួយកាត់បន្ថយការចំណាយ និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលភាពមិនច្បាស់លាស់នៃការធ្វើពាណិជ្ជកម្មរបស់ពិភពលោក វាអាចធ្វើឱ្យប៉ះពាល់ទៅដល់វិស័យដឹកជញ្ជូននៅលើពិភពលោករួមទាំងកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ គិតមកទល់ពេលនេះ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹករវាងកម្ពុជា-ចិន នៅតែរក្សាបានកំណើនវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារចិន តែម្តង។

​ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានកំណើនប្រមាណ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឱ្យមានតម្រូវការតភ្ជាប់ជើងដឹកជញ្ជូនត្រង់រវាងកំពង់ផែរបស់កម្ពុជា ទៅកាន់កំពង់ផែអន្តរជាតិ នានា ដ្បិតថា កាលណាមានការដឹកជញ្ជូនត្រង់ដោយផ្ទាល់ចូលមកកំពង់កម្ពុជា នោះនឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូន និងរយៈពេលនៃការដឹកជញ្ជូនផងដែរ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នស្ថានភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ទៅកាន់ប្រទេសចិន និងបណ្តាប្រទេសដទៃទៀត នៅតែមានភាពមមាញឹកច្រើនជាប្រក្រតី។

​សូមជម្រាបថា ដើម្បីឆ្លើយតបនឹងកំណើនទូរកុងតឺន័រ និងទំនិញចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ​កំពុងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានជម្រៅទឹកជ្រៅជាងមុន ដើម្បីអនុញ្ញាតឱ្យនាវាទាំងអស់ពីគ្រប់ទិសទីអាចចូលចតនៅកំពង់ផែរបស់កម្ពុជា ​ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់៕




អត្ថបទបន្ទាប់


អ្នកជំនាញកសិកម្មថា ការថែទាំដើមទុរេននៅក្រោយប្រមូលផលនៅតែជារឿងសំខាន់ដែលមិនត្រូវមើលរំលង

ម្ចាស់ចម្ការទុរេននៅកម្ពុជា កំពុងញាប់ដៃញាប់ជើង ក្នុងការប្រមូលផល និងលក់ទុរេន នៅលើទីផ្សារ ចំពេលដែលតម្លៃទុរេននៅឆ្នាំនេះ ក៏មានភាពល្អប្រសើរជ…

អ្នកជំនាញរំពឹងឆ្នាំទេសចរណ៍ កម្ពុជា-ចិន ជួយស្រូបទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា កាន់តែច្រើន

ក្រោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ រដ្ឋាភិបាលកម្ពុជា និងចិន បានឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ