ពោលគឺវាធំជាងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌាទៅទៀត ហើយវាគឺជាបន្ទុកដ៏ធំធ្ងន់ធ្ងរមួយ សម្រាប់បរិស្ថាន និង សេដ្ឋកិច្ចសកល ដែលកើតចេញពីវត្ថុថោកៗទាំងអស់នេះ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រភពដដែលនេះ បានបង្ហាញថា ការបង្កើតប្លាស្ទិក គឺមានការចំណាយទាប ដែលធ្វើឲ្យ វត្ថុនេះ មានតម្លៃថោក ក៏ប៉ុន្តែតម្លៃនេះ មិនបានរាប់បញ្ចូលទៅដល់ ការចំណាយនានាទៅលើ វដ្ដជីវិតរបស់ប្លាស្ទិកនោះឡើយ។
អង្គការ WWF បានព្រមានថា បរិមាណនៃ ប្លាស្ទិក ដែលបង្កើតឡើងដោយផ្អែកទៅលើការប្រើប្រាស់ចំហេះឥន្ធនៈ កើនឡើងកាន់តែខ្លាំង និងប៉ះពាល់មកដល់ បរិស្ថានទាំងនៅតំបន់ដាច់ស្រយាល និងសឹងតែគ្រប់តំបន់ទូទាំងសកលលោក។
តាមការស្រាវជ្រាវនេះ បានប៉ាន់ប្រមាណថា បើសិនជាគ្មានសកម្មភាពអន្តរជាតិ រួមគ្នាដោះស្រាយបញ្ហានេះទេ ផលិតកម្មប្លាស្ទិក នឹងកើនឡើងទ្វេដង ត្រឹមឆ្នាំ ២០៤០ ដែលធ្វើឲ្យ ថ្លៃចំណាយពីផលប៉ះពាល់នេះ កើនដល់ ៧ទ្រីលានដុល្លារអាមេរិក។
ការស្រាវជ្រាវនេះ មើលទៅលើ គ្រប់កត្តាចំណាយនានាដែលប៉ះពាល់ដោយ ប្លាស្ទិក រួមមាន ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងដំណើរការផលិត, ផលប៉ះពាល់ដល់សុខភាព, ការគ្រប់គ្រងកាកសំណល់ និងការប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូស៊ី នៅលើគោក និងក្នុងទឹក។
កម្មវិធីបរិស្ថានរបស់អង្គការ UN ក៏បានលើកឡើងដែរថា ពិភពលោកនេះ កំពុងលិចលង់ក្នុងការបំពុលដោយប្លាស្ទិកហើយ ដោយកាកសំណល់ប្លាស្ទិកជាង ៣០០លានតោន ត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ។
សូមជម្រាបផងដែរថា គិតចាប់ពីអំឡុងឆ្នាំ ១៩៥០ មកទល់ពេលបច្ចុប្បន្ន បរិមាណប្លាស្ទិកជាង ៨.៣០០លានតោន ត្រូវបានបង្កើតឡើង ហើយ ៦០% នៃបរិមាណសរុប ត្រូវបានទម្លាក់ចោលនៅទីលានចាក់សំរាម ឬអាចនិយាយបានថា ចាក់ចូលទៅក្នុងបរិយាកាសធម្មជាតិ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍