ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយលោករួមជាមួយនឹងមន្ត្រីចិនកំពូលៗបានចេញបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រោមចាត់វិធានការក្ដៅជាបន្ទាន់ ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងជំរុញឱ្យទីផ្សារមានស្ថិរភាពឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជន។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ថា មេដឹកនាំចិនកំពូលៗបានចេញបញ្ជាឱ្យអាជ្ញាធរថ្នាក់ក្រោមពង្រឹងការគាំទ្រគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុហើយបានពិភាក្សាលើបញ្ហានានារាប់ចាប់ពីទីផ្សារការងាររហូតដល់បញ្ហាប្រជាជនមានវ័យចាស់។ ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីរយៈពេល ឬទំហំនៃវិធានការទាំងនោះឡើយ។
ក្រោយពីមានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ភាគហ៊ុននៅក្នុងប្រទេសចិន និងហុងកុង បានហក់ឡើងយ៉ាងខ្លាំងនៅក្នុងថ្ងៃដដែលនោះ ដោយភាគហ៊ុនអចលនទ្រព្យចិន នៅហុងកុង បានហក់ឡើងរហូតដល់ទៅជិត១២%។
សូមបញ្ជាក់ថា វិស័យអចលនទ្រព្យដែលធ្លាប់តែមានទំហំគ្របដណ្ដប់យ៉ាងធំរហូតដល់ទៅ១ភាគ៤នៃសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូលបាននិងកំពុងជាប់ផុងក្នុងវិបត្តិកាន់តែជ្រៅចាប់តាំងពីឆ្នាំ២០២០ មក ក្រោយពីរដ្ឋាភិបាលចិន បានចាត់វិធានការរឹតបន្តឹងការផ្ដល់កម្ចីឥណទានច្រើនហួសប្រមាណដល់វិស័យអចលនទ្រព្យ ដែលនាំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចិន ជាច្រើនខកខានទូទាត់បំណុលជាបន្តបន្ទាប់ ហើយរីករាលដាលពេញវិស័យនេះរហូតមកទល់បច្ចុប្បន្ន៕
ដោយ: តែម សុខុម