វិស័យអចលនទ្រព្យ

​ ចិន កាត់ទោសមេក្រុមហ៊ុន Evergrande ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់ជាង២ពាន់លានដុល្លារ


តុលាការចិន បានសម្រេចផ្តន្ទាទោសស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Evergrande ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់ពីក្រុមហ៊ុននេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង២ពាន់លានដុល្លារអាម៉េរិក។ ការកាត់ទោសដ៏ធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរក្រុងប៉េកាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយនេះ បានដួលរលំ និងបង្កជាវិបត្តិបំណុលរ៉ាំរ៉ៃ ធ្វើឱ្យរំជើបរំជួលដល់ប្រព័ន្ធសេដ្ឋកិច្ចចិន អស់រយៈពេលប្រមាណ៥ឆ្នាំមកនេះ។
វិស័យអចលនទ្រព្យ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្រុមហ៊ុន Evergrande ធ្លាប់ជាមោទនភាព និងជាមុខមាត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានហក់ឡើងយ៉ាងលឿនក្នុងអំឡុងពេលទីផ្សារសំណង់កំពុងស្ទុះឡើងខ្លាំង។ ទោះជាយ៉ាងណា វិស័យអចលនទ្រព្យបានចាប់ផ្តើមរង្គោះរង្គើ បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយរឹតបន្តឹងការខ្ចីប្រាក់ និងទប់ស្កាត់ការវាយតម្លៃទីផ្សារបឋម។ ការណ៍នេះបានធ្វើឱ្យលទ្ធភាពនៃការទទួលបានប្រាក់កម្ចីរបស់ Evergrande ត្រូវកាត់ផ្តាច់ ហើយនៅឆ្នាំ២០២១ ក្រុមហ៊ុននេះបានឈានដល់ចំណុចអសមត្ថភាពក្នុងការសងបំណុល និងប្រកាសក្ស័យធនជាផ្លូវការ។
នៅក្នុងសវនាការចុងក្រោយ តុលាការប្រជាជនថ្នាក់កណ្តាលក្រុងសិនជិន នៃខេត្តក្វាងទុង បានប្រកាសពិន័យប្រាក់លើក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាទឹកប្រាក់សរុបជាង២ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមគ្នានេះ ស្ថាបនិកក្រុមហ៊ុន គឺលោក ស៊ូ ជាយីន (Xu Jiayin) ឬ ហ៊ុយ កា យ៉ាន់ (Hui Ka Yan) ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដកហូតសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ ក្រោមបទចោទប្រកាន់ជាច្រើន រាប់ចាប់ពីការបដិសេធកាតព្វកិច្ចហិរញ្ញវត្ថុ រហូតដល់ការបោកប្រាស់ក្នុងទ្រង់ទ្រាយធំ។
តុលាការបានបញ្ជាក់ថា ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ លោក ស៊ូ និងក្រុមហ៊ុន Evergrande បានរំលោភច្បាប់ជាតិយ៉ាងធ្ងន់ធ្ងរ ដោយបានប្រព្រឹត្តអំពើបំប៉ោងទិន្នន័យហិរញ្ញវត្ថុ លាក់បាំងបំណុលពិតប្រាកដ និងបានប្រើប្រាស់ប្រាក់សូកប៉ាន់ដើម្បីក្តោបក្តាប់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន។ លោក ស៊ូ បានសារភាពកំហុសទាំងស្រុងចំពោះបទចោទប្រកាន់ទាំងនេះ រួមទាំងការកេងបន្លំប្រាក់ និងការសូកប៉ាន់។ បន្ថែមលើនេះ នាយកប្រតិបត្តិជាន់ខ្ពស់ចំនួន៥នាក់ផ្សេងទៀតរបស់ Evergrande ក៏ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារពី៦ទៅ១៨ឆ្នាំផងដែរ ជុំវិញការចូលរួមក្នុងអំពើបោកប្រាស់ និងកេងបន្លំផ្នែកហិរញ្ញវត្ថុនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តម្លៃប្រាក់ដុល្លារអាម៉េរិក ធ្លាក់ចុះទាបបំផុតមិនធ្លាប់មាននៅ៣ខែកន្លងមកនេះ ខណៈបំណុលអាម៉េរិក ហក់ឡើងដល់ជាង៤០ទ្រីលានដុល្លារ

ការកើនឡើងបំណុលរបស់អាម៉េរិក ឈានដល់ជាង៤០ទ្រីលានដុល្លារ អមដោយក្តីបារម្ភលើការចំណាយថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងជម្លោះប្រឈមមុខដាក់គ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ