លោកអេនដី វីដចាចានតូ (Andi Widjajanto) អតីតលេខាធិការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាក្រៅផ្លូវការរបស់ប្រធានាធិបតី Joko Widodo បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មេដឹកនាំកំពូលទាំងពីររូបរបស់រុស្ស៊ី និងចិន នឹងមកចូលរួមកិច្ចប្រជុំកំពូល G20 នៅខែវិច្ឆិកាខាងមុខនេះ។
កាលពីថ្ងៃទី ១៨ សីហា លោក Jokowi បានប្រាប់សារព័ត៌មាន Bloomberg ថា មេដឹកនាំទាំងពីរបានផ្តល់ការធានាដល់លោកចំពោះ ការចូលរួមនៅក្នុងកិច្ចប្រជុំ G20 ក៏ប៉ុន្តែមន្ត្រីប្រធានាធិបតីឥណ្ឌូនេស៊ីមិនបានឆ្លើយតបនឹងសំណើសុំការបញ្ជាក់លម្អិតបន្ថែមជុំវិញរឿងនេះទេ។
ក្នុងនោះដែរ ក្រសួងការបរទេសចិនក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងាររ៉យទ័របាននោះដែរ។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង ក៏បានបដិសេដសុំមិនអធិប្បាយលើរឿងនេះដូចគ្នា។
ទោះជាយ៉ាងណា មន្ត្រីរុស្សីម្នាក់ទៀតដែលដឹងពីរឿងរ៉ាវនេះ បានប្រាប់ឲ្យដឹងថា លោក ពូទីន គ្រោងនឹងចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់តែម្តង។
មែនទែនទៅ គេមើលឃើញថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសមហាអំណាចទាំងពីរនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសវាជាលើកទីមួយចាប់តាំងពីឆ្នាំ ២០២០ មក ដែលប្រធានាធិបតីចិន ចេញធ្វើទស្សនកិច្ចនៅក្រៅប្រទេស។
មួយវិញទៀត ប្រធានាធិបតីចិនដ៏មានឥទ្ធិពលរូបនេះ ត្រូវបានគេសង្កេតឃើញថា អាចនឹងកាន់អំណាចបានជាប្រធានបក្សបន្តទៀត ក្រោយឃើញមានការគាំទ្រក្នុងការបោះឆ្នោតសក្នុងសមាជបក្សកុម្មុយនិស្តចិន ដែលធ្វើឡើង ៥ ឆ្នាំម្តងនៅរដូវស្លឹកឈើជ្រុះខាងមុខ គឺអាចមុនកិច្ចប្រជុំ G20។
ក្នុងនាមជាប្រធានប្ដូរវេន G20 នៅឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រឈមមុខនឹងសម្ពាធពីបញ្ហាអន្តរជាតិមិនតិចទេ ពិសេសនោះ គឺពីប្រទេសលោកខាងលិច ដែលទទូចឲ្យដកប្រទេសរុស្សីចេញពីកិច្ចប្រជុំ ជុំវិញការឈ្លានពានរបស់ម៉ូស្គូទៅលើអ៊ុយក្រែន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រទេសឥណ្ឌូនេស៊ីក៏បានអញ្ជើញមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskiy ឱ្យចូលរួមកិច្ចប្រជុំកំពូលនៅកោះបាលីនោះផងដែរ។
គួររំលឹកថា លោក Jokowi ដែលជាប្រធានាធិបតីឥណ្ឌូនេស៊ី បានដើរតួអ្នកសម្របសម្រួលដោយបានធ្វើដំណើរទៅប្រទេសរុស្សី និងអ៊ុយក្រែនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ព្រមទាំងខ្នះខ្នែងរិះរកគ្រប់មធ្យោបាយក្នុងការបញ្ចប់សង្គ្រាម និងបន្ធូរបន្ធយវិបត្តិការស្បឿងអាហារពិភពលោកផងដែរ បើទោះបីដឹងថា វាជាកិច្ចការមួយដ៏ពិបាកយ៉ាងណាក្តី។