នៅក្នុងទីផ្សារសកលលោក ទូរស័ព្ទចិនម៉ាក Xiaomi បានកាន់កាប់ចំណែកទីផ្សារដល់ទៅ ១៧% ខណៈក្រុមហ៊ុនកូរ៉េសាំសុង(Samsung) ឈរនៅលេខ១មាន១៩% និងក្រុមហ៊ុន Apple ឈរនៅលេខ៣មាន ១៤% និងត្រូវបានតាមពីក្រោយបន្តបន្ទាប់ដោយក្រុមហ៊ុនចិន២ផ្សេងទៀតគឺ វីវូ(Vivo)និងអូប៉ូ (Oppo) ដែលកាន់ក្តាប់ចំណែកទីផ្សារម្នាក់ ១០%ដូចគ្នា។ នេះបើយោងតាមតួលេខចុងក្រោយពីភ្នាក់ងារស្រាវជ្រាវ Canalys ។
យីហោទូរស័ព្ទស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ បានបន្តកត់ត្រាពីការកើនឡើងខ្លាំងរបស់ក្រុមហ៊ុនខ្លួន ក្នុងទីផ្សារនៃប្រទេស និងតំបន់រីកចម្រើនជាច្រើនជុំវិញពិភពលោក ជាក់ស្តែង ការលក់បានហក់ឡើងខ្លាំងនៅតំបន់អាមេរិកឡាទីន អាហ្វ្រិក និងតំបន់អឺរ៉ុប។ នៅអាមេរិកឡាទីន ការលក់របស់ Xiaomi កើនឡើង៣០០% ខណៈដែរនៅអាហ្វ្រិកកើនឡើង ១៥០%។ នេះបើតាមភ្នាក់ងារស្រាវជ្រាវ Canalys ដដែល។
កំណើនការលក់យ៉ាងគំហុករបស់ Xiaomi ត្រូវបានអ្នកជំនាញក្នុងវិស័យនេះដាក់ការសន្និដ្ឋានលើ ការផ្តល់អាទិភាពជាចម្បងរបស់ក្រុមហ៊ុនក្នុងការលក់ និងផលិតទូរស័ព្ទស្មាតហ្វូនកម្រិតថវិកាជាមួយនឹងគុណភាព និងកម្លាំងម៉ាស៊ីនខ្លាំង និងដោយសារតែភាពឈ្លាសវ័យរបស់ក្រុមហ៊ុនបន្ទាប់ពីមើលឃើញថា ខ្លួនពិបាកក្នុងការប្រកួតប្រជែងក្នុងចំណោមទូរស័ព្ទស្មាតហ្វូនប្រណិតៗនិងមានតម្លៃថ្លៃ។ជាក់ស្តែង ទូរស័ព្ទស្មាតហ្វូនរបស់ Xiaomi មានតម្លៃទាបជាង ៤០% ទៅ ៧៥%បើធៀបនឹងតម្លៃរបស់ Samsung និង Apple។
ទន្ទឹមនឹងភាពជោគជ័យរបស់ក្រុមហ៊ុនចិន Xiaomi គេកត់សម្គាល់ឃើញថា ក្រុមហ៊ុនស្មាតហ្វូន និងបច្ចេកវិទ្យាយក្សមួយទៀតរបស់ចិន បានអវត្តមានពីតារាងក្រុមហ៊ុនធំៗទាំង៥នៅក្នុងឆ្នាំនេះ នោះគឺក្រុមហ៊ុន Huawei ដែលគ្រាកន្លងធ្លាប់ជាយីហោស្មាតហ្វូនធំបំផុតរបស់ប្រទេសចិន រួមទាំងពិភពលោកកាលពីឆ្នាំមុន។ ការរបូតបាត់តំណែងកំពូលក្រុមហ៊ុនធំៗទាំង៥នេះ គឺដោយសារតែក្រុមហ៊ុន Huawei ត្រូវបានរារាំង ព្រមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យការលក់ស្មាតហ្វូនក្រុមហ៊ុននេះ ដាំក្បាលចុះខ្លាំង។
សូមជម្រាបថា កាលពីត្រីមាសទី១ឆ្នាំនេះ Xiaomi រកបានប្រាក់ចំណូលកើនឡើងចំនួន ២៦០% ហើយក្រុមហ៊ុននេះ បានដាក់គោលដៅលក់ស្មាតហ្វូនចេញទៅក្រៅប្រទេស ឲ្យបានដល់ ២០០លានគ្រឿងនៅពេញមួយឆ្នាំ២០២១នេះតែម្តង៕