កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ប្រាក់យ៉េន របស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងពេល៤ខែមកនេះ ក្រោយពីធនាគារកណ្ដាលជប៉ុន បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងពេល១៧ឆ្នាំមកនេះ ខណៈដែលប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃនៅមុនធនាគារកណ្ដាលអាម៉េរិក ចាត់វិធានការបញ្ចុះអត្រាការប្រាក់ ដែលគេរំពឹងថា នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ។ ដំណឹងនៃការបញ្ចុះអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ធនាគារកណ្ដាលជប៉ុន បានធ្វើឱ្យរង្គោះរង្គើដល់បណ្ដាវិនិយោគិន ហើយជាលទ្ធផលប្រាក់យ៉េន បានធ្លាក់ថ្លៃជាង១% ឈានដល់ប្រមាណ១៦០យ៉េនទល់នឹង១ដុល្លារអាម៉េរិក។
ប្រាក់យ៉េនបានធ្លាក់ថ្លៃលើកចុងក្រោយ១,១៩% ឈានដល់ជិត១៥១យ៉េនទល់នឹង១ដុល្លារអាម៉េរិក។ ទន្ទឹមនេះប្រាក់យ៉េនបានធ្លាក់ថ្លៃ១,១% ឈានដល់ប្រមាណ១៦៤យ៉េនក្នុង១អឺរ៉ូ ដែលជាការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល៤ខែមកនេះ។
សូមបញ្ជាក់ថា ធនាគារកណ្ដាលជប៉ុន (BOJ) បានដំឡើងអត្រាការប្រាក់ពីកម្រិត០% មកត្រឹម០,១% ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំមកនេះ។
បញ្ហានេះទំនងជារក្សាការដាក់សម្ពាធលើប្រាក់យ៉េន ខណៈភាពខុសគ្នានៃអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក និងជប៉ុន នៅតែមានភាពស្រពេចស្រពិល។ កត្តានេះក៏នឹងទាក់ទាញការវិនិយោគបរទេសទៅលើប័ណ្ណរតនាគាររបស់សហរដ្ឋអាម៉េរិក និងធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃផងដែរ៕
ដោយ: តែម សុខុម