គិតមកទល់ពេលនេះ មានរយៈពេលប្រមាណ៩ខែហើយ ដែលកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារមានជីវភាពខ្សត់ខ្សោយ និងងាយរងគ្រោះចំនួន១លាន៥សែនត្រូវបានដាក់ឱ្យដំណើរការ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងរយៈពេលប្រមាណ៩ខែកន្លងមកនេះមានយុវជន និងយុវនារីជាង៥ម៉ឺននាក់ បានចុះឈ្មោះចូលរួមសិក្សាជំនាញក្នុងកម្មវិធីនេះ ហើយក្នុងចំណោមពួកគេទាំងមានយុវជនជិត៤ពាន់នាក់ បានបញ្ចប់ការសិក្សា ក្នុងនោះមួយចំនួនកំពុងធ្វើការនៅតាមក្រុមហ៊ុននានា និងមួយចំនួនទៀតបានបើកអាជីវកម្មខ្លួនឯង។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាលចង់ឃើញប្រជាជនកម្ពុជា គ្រប់រូបមិនថា អ្នកមាន ឬអ្នកក្រ មានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយជាប់ខ្លួន ដើម្បីអាចធ្វើការ ឬប្រកបរបរសម្រាប់ចិញ្ចឹមជីវិត។
សូមជម្រាបថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួន១លាន៥សែននាក់ ដែលប្រើប្រាស់ថវិកាជាតិរាប់រយលានដុល្លារនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្ដោតលើជំនាញចំនួន៤៥ នៅក្នុងវិស័យសំខាន់ៗចំនួន១០ រួមមាន វិស័យសំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជាក់និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម។
ការបណ្ដុះបណ្ដាលនេះ គឺផ្ដោតលើយុវជនចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ហើយចំពោះកម្មករកម្មការិនី ក៏អាចទទួលផលពីការបណ្ដុះបណ្ដាលនេះផងដែរ ខណៈអ្នកចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានបណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល៕