
លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា សង្កេតឃើញថា អ្នករកស៊ីលើបណ្តាញសង្គមមួយចំនួនបាននាំគ្នាសម្ដែងជាសាច់រឿងបែបឈ្លោះទាស់ទែងគ្នា ដើម្បីទាក់ទាញឱ្យមហាជនតាមដាន ហើយក៏មានពលរដ្ឋខ្លះបានចូលតួជាមួយសាច់រឿងផងដែរ ដែលជាហេតុនាំឱ្យភ្លេចបញ្ហាធំៗ ជាពិសេសបញ្ហានៅតាមបណ្ដោយព្រំដែន។ អ្នកជំនាញរូបនេះបានអះអាងថា ខណៈប្រទេសកំពុងត្រូវបានថៃឈ្លានពាន ការងាកមកយកចិត្តទុកដាក់លើបញ្ហាព្រំដែនពីសំណាក់ក្រុមយុវជន វានឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងទំនាស់ព្រំដែន។ សម្រាប់អ្នកជំនាញរូបនេះ អ្នករកស៊ីតាមប្រព័ន្ធអនឡាញមិនគួរយកជម្លោះផ្ទាល់ខ្លួនមកបង្ហាញលើបណ្ដាញសង្គមនោះទេ ព្រោះវាអាចប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងសង្គម។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បច្ចុប្បន្នមនុស្សម្នាហាក់ស៊ាំនឹងជីវិតរស់នៅប្រចាំថ្ងៃជាមួយទូរសព្ទនៅលើបណ្ដាញសង្គម ដូចនេះមិនថា ជារឿងបុគ្គល ឬបញ្ហាជាតិនោះទេ តែងតែទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ស្របពេលប្រទេសជាតិ កំពុងជួបបញ្ហាការយាយីពីប្រទេសថៃ យុវជនគួរតែងាកមកផ្ដោតតាមដានបញ្ហាបច្ចុប្បន្នភាពនៅតាមព្រំដែន ក៏ដូចជាចូលរួមចំណែកជាមួយរដ្ឋាភិបាល តាមរយៈធ្វើមាតិការឆ្លើយតបទៅភាគីថៃ និងធ្វើបទបង្ហាញផ្ដល់ជាព័ត៌មានទៅអន្តរជាតិ ដើម្បីជាប្រយោជន៍ជាតិ ជាជាងទៅចាប់អារម្មណ៍រឿងបុគ្គល។
គួរបញ្ជាក់ថា ក្រុមយោធាថៃ បានប្រើប្រាស់គ្រឿងចក្រចំនួន២គ្រឿងយកមកឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគេបានព័ទ្ធយកកាលពីខែសីហា កន្លងទៅ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្របពេលភាគីទាំងពីរកំពុងជជែកគ្នាក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ។ បើគ្មានការប្រែប្រួលទេ កម្ពុជា និងថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានប្តូរវេនអាស៊ានជាសាក្សី៕
អត្ថបទ៖ ជា ម៉ារ៉ា