បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងតាមប្រព័ន្ធអេឡិចត្រូនិកបានក្លាយជាប្រធានមួយសម្រាប់ជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីរូបនេះមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង ក្រោយក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ថៃកាលពីពេលថ្មីៗ។ ក្រៅពីបញ្ហានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាលើវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ សំដៅជួយពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរបន្ថែមទៀត។
វិស័យអាទិភាពដែលភាគីទាំងពីរបានពិភាក្សាគ្នារាប់ចាប់តាំងពីរការធ្វើពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និងប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរតាមផ្លូវអាកាស, ផ្លូវរថភ្លើង និងផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងជាដើម។ ទន្ទឹមនឹងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរបន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កាសម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ក្រៅពីជំនួបពិភាក្សា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានចូលរួមក្នុងការប្រគល់ទទួលនូវ«មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
គួរជម្រាបថា កម្ពុជាគឺជាទិសដៅដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្នុងចំណោមប្រទេសសមាជិកអាស៊ានដ៏ទៃទៀតរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដ្បិតដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់កម្ពុជានេះ នឹងជួយពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ«ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិផងដែរ។
សូមជម្រាបថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត ២ពាន់៦រយលានដុល្លារ ថយចុះជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅប្រទេសថៃមានទំហំជាង៦រយលានដុល្លារ កើនឡើងជាង៥% ខណៈការនាំចូលពីថៃកមកម្ពុជាវិញមានទំហំជិត២ពាន់លានដុល្លារ ថយចុះជិត២៦%៕