 
      យោងតាមរបាយការណ៍សិក្សាមួយរបស់ IWG កាលពីដើមឆ្នាំ២០១៩, ៨៥% នៃអ្នកចូលរួមនៅក្នុងការស្ទង់មតិ បាននិយាយថា ផលិតភាពការងារកើនឡើង ប្រសិនបើពួកគេមានភាពបន់បែនសម្រាប់ការងាររបស់ពួកគេ។ តួលេខនេះ គឺមានន័យថា ក្នុងចំណោមមនុស្ស ៥នាក់ គឺមាន ៤នាក់ ដែលបញ្ជាក់ថា សម្រាប់ឱកាសការងារ២ប្រហាក់ប្រហែលគ្នា ពួកគេនឹងមិនទទួលយកការងារដែលមិនផ្តល់លក្ខខណ្ឌការងារបត់បែននោះឡើយ។
ដោយសារពិភពលោកត្រូវរងការវាយប្រហារពីវីរុសរាតត្បាត កូវិដ១៩ ចាប់ពីដើមឆ្នាំ២០២០ មកដល់ពេលនេះ មនុស្សស្ទើរតែមួយពិភពលោកមិនអាចទៅធ្វើការនៅការិយាល័យ ឬហាងកាហ្វេ និងកន្លែងធ្វើការរួមគ្នាបានដូចមុនទេ នេះមានន័យថា ឥរិយាបថក្នុងការរស់នៅនិងការធ្វើការងារ មានការផ្លាស់ប្តូរយ៉ាងខ្លាំង ។
បើយោងតាមរបាយការណ៍ស្ដីពីការប្រែប្រួលនៃអនាគតនៃកន្លែងធ្វើការងារ របស់ cushman & wakefields គេបានរកឃើញថា ៖
 
      - និយោជិត អាចធ្វើការបានយ៉ាងមានផលិតភាព នៅគ្រប់ទីកន្លែង ដោយមិនចាំបាច់តែនៅការិយាល័យ នោះទេ។
- ភាពបត់បែននិងរបៀបធ្វើការងារថ្មី កំពុងមានសន្ទុះកើនឡើង ។
- ភាពធម្មតាថ្មី (new normal) នឹងក្លាយជាបណ្តាញទីកន្លែងធ្វើការងារពេញលេញ។
បើតាមចំណុចទាំង៣ ខាងលើនេះ កន្លែងធ្វើការងារមិនចាំបាច់ទាល់តែជាអគារនោះទេ ក៏មិនមែនជាទិសដៅតែមួយនោះដែរ តែវានឹងក្លាយទៅជាបណ្តាញនៃទីតាំងរូបី និងទីតាំងនិម្មិត។
ប្រព័ន្ធអេកូឡូស៊ីថ្មីនៃទីកន្លែងធ្វើការងារ នឹងផ្តល់ភាពបត់បែនទៅតាមតម្រូវការនៃប្រភេទការងារ និងផ្តល់ឲ្យមានភាពងាយស្រួល ដល់មនុស្សទូទៅ នៅលើពិភពលោក បន្ទាប់ពីការរលត់ទៅនៃវីរុសកូវីដ១៩។
ទាក់ទងនឹងទិដ្ឋភាពនៃការធ្វើការងារនៅក្រោយ កូវីដ១៩ នៅកម្ពុជា លោក ម៉ី ផល្គុន ស្ថាបនិក និងជានាយកគ្រប់គ្រង ក្រុមហ៊ុន PHALKUN COMMERCIAL យល់ឃើញថា ឥរិយាបថនៃរបៀបធ្វើការងារបស់ប្រជាជនកម្ពុជា ជាពិសេស អ្នកធ្វើការនៅទីក្រុងភ្នំពេញ នឹងផ្លាស់ប្ដូរកាន់តែលឿនទៅតាមនិន្នាការការងារឯករាជ្យ និង ត្រូវការភាពបន់បែនខ្ពស់ជាងពេលមុនៗ។
 
      លោក ម៉ី ផល្គុន និយាយដូច្នេះថា ៖ "ទីផ្សារការិយាល័យត្រូវតែផ្តល់ភាពបត់បែន និងភាពច្នៃប្រឌិត ខុសពីពេលមុនៗ ដើម្បីទាក់ទាញអតិថិជនឲ្យមកជួលទីតាំងការិយាល័យ និងកន្លែងធ្វើការ ឲ្យស្របតាមនិន្នាការថ្មីនេះ។"
លោក ផល្គុន បន្ថែមទៀតថា ៖ "ទីផ្សារការិយាល័យនឹងនៅតែមានតម្រូវការ និងកំណើននៅដើមឆ្នាំ២០២១ បើម្ចាស់អគារការិយាល័យទាំងឡាយបំពេញតម្រូវការទីផ្សារនេះបាន ។ តែយើងជាអ្នកប្រើប្រាស់ ការិយាល័យ សំដៅដល់បណ្តាក្រុមហ៊ុនក្នុងស្រុកទាំងឡាយ ចាំបាច់ត្រូវបង្កើតគោលបំណងថ្មីសម្រាប់កន្លែងធ្វើការរបស់យើង ដូចជា ជាកន្លែងផ្តល់ការលើកទឹកចិត្ត ការកសាងវប្បធម៌ការងារ ផ្សះផ្សារ កន្លែងជួបនិងបង្កើនទំនុកចិត្តជូនអតិថិជន និងដៃគូ និង ជាពិសេស ជាកន្លែងស្រាវជ្រាវ បណ្តុះបណ្តាល បង្កើនភាពច្នៃប្រឌិត និងការបង្កើតថ្មី សម្រាប់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនអ្នក។
ក្រុមហ៊ុនទាំងឡាយដែលចង់រក្សាធនធានមនុស្សដែលមានសមត្ថភាព ត្រូវគិតគូរផ្តល់ជម្រើសផ្សេងៗដល់ និយោជិតរបស់ខ្លួន ពាក់ព័ន្ធនឹងភាពបត់បែនក្នុងការបំពេញការងារ បើមិនចង់របេះធនធានមនុស្សទៅក្រុមហ៊ុនផ្សេង ដែលគេបានគិតគូរមុននោះទេ" ៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              