បើដូច្នេះ តើយើងត្រូវឈប់ទទួលទានបន្លែ មែនទេ? ចម្លើយគឺមិនមែនទេ។ ការលែងទទួលទានបន្លែដោយសារតែខ្លាចបារម្ភរឿងសុវត្ថិភាព មិនមែនជាដំណោះស្រាយទេ ព្រោះថា បើរាងកាយយើងគ្មានជាតិបន្លែសោះ ក៏យើងអាចប្រឈមនឹងបញ្ហាខ្វះអាហារូបត្ថម្ភដូចគ្នា។
ជាពលរដ្ឋសាមញ្ញ យើងមិនអាចទៅហាមឃាត់ការនាំចូលបន្លែពីប្រទេសជិតខាង ហើយក៏មិនអាចមានលទ្ធភាពពិសោធដឹងថា តើបន្លែណាមានផ្ទុកជាតិគីមីពុល ឬគ្មានដែរ។
ប៉ុន្តែ មានវិធីសាមញ្ញមួយចំនួន ដែលយើងអាចធ្វើបាន ដើម្បីសុខភាពផ្ទាល់ខ្លួនយើង ដើម្បីសុខភាពគ្រួសារ កូនចៅយើងបាន។ វិធីនោះ រួមមានដូចខាងក្រោម៖
ទី១ - លាងសម្អាតបន្លែ និងត្រាំទឹកអំបិលរយៈពេល ២០នាទី។ ចាក់ទឹកក្នុងចានដែក ជាមួយនឹងសូលុយស្យុងអំបិល ១០%។ បន្ទាប់មក ច្របល់បន្លែចុះឡើងៗឲ្យសព្វ រួចហើយត្រាំក្នុងទឹកអំបិលនេះ ឲ្យបាន ២០នាទី។
ទី២ - បន្ទាប់មក ស្រង់បន្លែទាំងនេះលាងសម្អាតចេញ និងចិតសំបកបន្លែណាដែលមានសំបក រួចហើយស្រុះទឹក្ដៅដាំពុះ ៥នាទី ឬឆារ ឬស្ងោរចម្អិនវា។
វិធីទាំងនេះ មិនអាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសារធាតុគីមីពុល (ថ្នាំពុលកសិកម្ម) ដែលនៅជាប់នឹងបន្លែបាន ១០០ភាគរយនោះទេ ប៉ុន្តែ ផ្អែកតាមការស្រាវជ្រាវនានា ការអនុវត្តវិធីទាំងនេះ អាចកម្ចាត់ជាតិពុលដែលនៅជាប់នឹងបន្លែបានលើសពី ៥០ភាគរយ។
ម្យ៉ាងទៀត ការរៀបចំបន្លែដោយរបៀបនេះ អាចកម្ចាត់មេរោគ ឬបាក់តេរីដែលអាចតោងជាប់នឹងបន្លែ បានផងដែរ។
ដូច្នេះ ដើម្បីសុខភាពខ្លួនអ្នក គ្រួសារអ្នក កូនចៅ និងមនុស្សជាទីស្រលាញ់របស់អ្នក ចូរអនុវត្តខ្ជាប់ខ្ជួននូវវិធីសាមញ្ញៗដូចបានរៀបរាប់ខាងលើ និងចែករំលែកដល់អ្នកដទៃទៀតផង៕
ប្រភព៖ របាយការណ៍ What is in Your Food? របស់បណ្ដាញអង្គការ Alliance2015