![អ្នកលក់ដូងនៅរាជធានីភ្នំពេញ ច្រើនជ្រលក់ដូងនៅក្នុងទឹកលាយជាមួយជាតិគីមីម្យ៉ាងដើម្បីធ្វើឲ្យសម្បកដូងពណ៌ស តែអ្នកជំនាញថា សារធាតុនោះមិនជ្រាបចូលក្នុងទឹកដូងក្នុងសម្បកទេ។](https://cdn.cambonomist.com/media/images/coconut-05.2e16d0ba.fill-960x540.jpg)
ការជ្រលក់ជាតិគីមីនេះបានធ្វើឲ្យពលរដ្ឋព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សុខភាព ខណៈក្រុមអាជីវករអះអាងថា ពួកគេគ្រាន់តែត្រាំសាជូរ ដើម្បីឲ្យដូងសប៉ុណ្ណោះ ហើយវាមិនប៉ះពាល់សុខភាពអ្វីឡើយ។
លោក ថន ថុល អាជីវករលក់ដូងនៅផ្លូវព្រះត្រសក់ផ្អែម បានឲ្យដឹងថា លោកគ្រាន់តែត្រាំសាជូរ ដើម្បីធ្វើឲ្យស ព្រោះបើសិនមិនត្រាំវាទេ វាឡើងពណ៌ក្រហម។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការត្រាំដូងនេះ វាមិនប៉ះពាល់សុខភាពទេ បើប៉ះពាល់គេមិនឲ្យលក់ទេ គេបានពិសោធន៍រួចហើយ»។
ដូចគ្នានេះដែរ លោក អ៊ុំ សុវណ្ណ អ្នកលក់ដូងនៅផ្លូវព្រះត្រសក់ផ្អែមម្នាក់ទៀត បានបញ្ជាក់ថា ការត្រាំសាជូរបានធ្វើឲ្យដូងស និងមានភាពស្រស់ស្អាត បានរហូតដល់៣ទៅ៤ថ្ងៃឯណោះ។
លោករៀបរាប់យ៉ាងដូច្នេះថា៖ «ការត្រាំនេះ គ្រាន់តែធ្វើឲ្យសទំនងហូប ព្រោះ បើមិនត្រាំវាក្រហម មើលទៅដូចដូងចាស់ ហើយវាមិនប៉ះពាល់សុខភាពនោះទេ»។
ទាក់ទងនឹងបញ្ហានេះ លោក ស៊ិន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយដ្ឋានកាំកុងត្រូល មានប្រសាសន៍ថា លោកបានទិញដូងនេះមកពិសោធន៍រួចហើយ ប៉ុន្តែ វាមិនមានផលប៉ះពាល់ដល់សុខភាពអ្វីនោះទេ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កាំកុងត្រូល បានទិញដូងហ្នឹង មកតេស្តតាំងពី១០ឆ្នាំមុនមកម៉្លេះ ។ តាមពិតគេដាក់ម្ស៉ៅសពួកសុលហ្វីស ដើម្បីឲ្យវា ស តែធ្វើឲ្យសតែខាងក្រៅទេ វាមិនជ្រាបដល់ទឹកដូងនោះទេ។ ម៉្សៅហ្នឹងស ភាគច្រើន គេយកទៅដាក់ក្នុងបន្លែ និងសណ្តែកបណ្ដុះជាដើម ដើម្បីឲ្យវា ស»។
![អ្នកលក់ដូង](https://cdn.cambonomist.com/media/images/coconut-02.2e16d0ba.fill-960x540.jpg)
យ៉ាងណាក៏ដោយ លោក ស៊ិន ស៊ីដេត អះអាងថា អ្នកដែលប៉ះពាល់ខ្លាំង គឺអ្នកលក់ដូងទៅវិញទេ ពីព្រោះ ការលូកដៃចូលក្នុងទឹកម៉្យៅពួកសុលហ្វីសនេះ អាចបណ្តាលឲ្យប៉ះដល់ស្បែក។ សារជាតិនេះ បើសិនពលរដ្ឋហូបប៉ះសារជាតិនេះដោយផ្ទាល់ វានឹងបណ្តាលឲ្យប៉ះពាល់សុខភាពជាខ្លាំងផងដែរ។
លោកពន្យល់យ៉ាងដូច្នេះថា៖ «បញ្ហា បើយើងញ៉ាំផ្ទាល់តាមមាត់ ធ្វើឲ្យប៉ះពាល់ និងរលាកប្រព័ន្ធផ្លូវដង្ហើម និងប្រព័ន្ធរំលាយអាហារ។ ហើយអ្នកកើតហឺត វាមានបញ្ហាធ្ងន់ធ្ងរប្រឈមជាងគេ»។
បើទោះបីជាតិគីមីនេះមិនជ្រាបចូលក្នុងទឹកដូងក៏ដោយ ប៉ុន្តែ ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ខាងលើ សំណូមឲ្យអាជីវករបញ្ឈប់សកម្មភាពនេះ ខណៈអ្នកទិញក៏មិនគួរជាវដូង ដែលផ្អែកលើតែលើសម្រស់ខាងក្រៅឡើយ៕