ការដែលមិនអញ្ជើញភាគីយោធាភូមា លោក មីន អ៊ុងឡាំង អោយមកចូលរួមជំនួបកំពូលអាស៊ានឆ្នាំនេះ គឺដោយសារតែរបបសឹកមិនបានអនុវត្តត្រឹមត្រឹមតាមកិច្ចព្រមព្រៀងលើផែនការដំណោះស្រាយទាំង៥ចំណុច ដែលបានដាក់ចេញ និងបានចុះហត្ថលេខា កាលពីខែមេសាកន្លងទៅ។ ពោលគឺរបបសឹកភូមា បានបដិសេធមិនឲ្យប្រេសិតពិសេសរបស់អាស៊ាន បានជួបពិភាក្សា ជាមួយគ្របភាគីនៅភូមា ជាពិសេសគឺលោកស្រី អ៊ុង សានស៊ូជីតែម្តង។
គួរកត់សម្គាលថា ការសម្រេចចិត្តដូចនេះរបស់អាស៊ានគឺជាវិធានការណ៍ដ៏កម្រណាស់ សម្រាប់អង្គការតំបន់មួយនេះ ដែលកន្លងមកតែងប្រកាន់យកគោលការណ៍មិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។
ទន្ទឹមនឹងនេះ វិធានការណ៍ដ៏កម្រដែលសម្រេចមិនអញ្ជើញមេដឹកនាំយោធាភូមានេះ ធ្លាក់មកចំពេលដែលសម្ពាធអន្តរជាតិ កាន់តែច្រើនក៏បន្តធ្លាក់មកលើអាស៊ានដូចគ្នាដែរ។ ជាក់ស្តែង សហគមន៍អន្តរជាតិជារឿយៗ បានជំរុញឲ្យអាស៊ានប្រកាន់យកជំហរតឹងរ៉ឹងជាមួយភូមា ពិសេសការណ៍ដែលភូមាមិនបានអនុវត្តទៅតាមដំណោះស្រាយ៥ចំណុច ចាប់តាំងពីខែមេសាមក ដើម្បីបញ្ចប់អំពើហឹង្សាដ៏រ៉ាំរ៉ៃនៅភូមា។
សូមជម្រាបថា ទោះអាស៊ានមិនអញ្ជើញយោធាភូមាឲ្យចូលរួមជំនួបកំពូលដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះក្តី តែអាស៊ាននឹងអញ្ជើញតំណាងភូមា ដែលមិនមែនជាអ្នកនយោបាយ ឱ្យមកចូលរួមប្រជុំជំនួសវិញ ប៉ុន្តែគេមិនទាន់ដឹងថា តើជាបុគ្គលអ្នកតំណាងរូបណានោះទេ។
គួរបញ្ជាក់ថា ជំនួបកំពូលកំពូលអាស៊ាន នឹងប្រព្រឹត្តទៅនៅប្រទេសព្រុយណេ ដែលជាប្រធានផ្លាស់វេនអាស៊ាន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ២០២១ខាងមុខនេះ៕