រថយន្តអគ្គិសនីប្រភេទ SUV (ប្រភេទឡានខ្ពស់ៗ) របស់ក្រុមហ៊ុនរដ្ឋចិន FAW Group ដែលគ្រោងនឹងដាក់លក់នៅទីផ្សារជ៉ុនរំពឹងថា នឹងមានតម្លៃប្រមាណ ១០ម៉ឺនដុល្លារ ដោយមិនរាប់បញ្ចូលពន្ធនោះទេ។ រថយន្តប្រភេទនេះ នឹងត្រូវបាននាំចេញពីរោងចក្រក្នុងប្រទេសចិន ជាមួយនឹងតួរថយន្ដត្រូវបានផ្លាស់ប្ដូរ ដើម្បីអនុលោមតាមស្តង់ដារសាកថ្មរបស់ជប៉ុន។ រថថយន្ដរបស់ក្រុមហ៊ុនចិណ FAW ក៏នឹងក្លាយជាម៉ាករថយន្ដចិនមួយនឹងត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។
ក្រុមហ៊ុនរដ្ឋចិនមួយនេះ ក៏កំពុងពិចារណាលក់រថយន្តអគ្គិសនីប្រណីតថ្មីៗបន្ថែមទៀតក្នុងប្រទេសជប៉ុនផងដែរ បន្ទាប់ពីការចេញលក់រថយន្តអគ្គសនីប្រភេទ SUV ក្នុងប្រទេសនេះទទួលបានជោគជ័យ។
គួរជម្រាបថា ជុំវិញក្តីបារម្ភអំពីការប្រែប្រួលអាកាសធាតុក៏កំពុងជះឥទ្ធិពលលើជម្រើសរបស់អ្នកទិញរថយន្តផងដែរ ដែលជាហេតុធ្វើឱ្យរថយន្តអគ្គសនីកំពុងតែមានទីផ្សារល្អប្រសើរឡើង។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមើលឃើញថា ការក្រសោបយកទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុបក៏ជាឱកាសមួយដ៏ល្អផងដែរ ដ្បិតថា នៅអឺរ៉ុបគឺមានការប្រើប្រាស់រថយន្ដអគ្គិសនីកាន់តែច្រើន។ ក្នុងអំឡុងត្រីមាសទីបីឆ្នាំនេះ ការលក់រថយន្តអគ្គសនីតំណាងឲ្យ ១៣% នៃការលក់រថយន្តថ្មីៗទាំងអស់នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗចំនួន ១៨ ។
យ៉ាងណាមិញ ប្រទេសចិននៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផលិតរថយន្ដអគ្គិសនីកាន់តែច្រើន ដោយសារមានការគាំទ្រ និងត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលចិនផងដែរ។ ប្រទេសចិនបានចាប់ផ្តើមនាំចេញរថយន្ដក្រុង និងរថយន្តដឹកទំនិញ ហើយនៅឆ្នាំនេះ ក្រុមហ៊ុន FAW និង BYD បានចាប់ផ្តើមនាំចេញរថយន្តដឹកអ្នកដំណើរទៅកាន់ទ្វីបអឺរ៉ុប ខណៈទីផ្សាររថយន្តអគ្គសនីនៅអឺរ៉ុប ក៏កំពុងតែកើនឡើងលឿនជាងតំបន់ផ្សេងទៀតផងដែរ៕