វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ៖ គាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា បានសហការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា។
វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២
ដោយ

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ មានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នា ស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈម នានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្រប និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ គោលបំណងសំខាន់មួយទៀតរបស់វេទិកានេះគឺ ការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែមក្នុងដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួចនិងងាយបត់បែន។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងពីទិដ្ឋភាពសំខាន់ៗដែលបញ្ជាក់កាន់តែច្បាស់ពីសក្ដានុពលដ៏ខ្ពស់របស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការជំរុញសេដ្ឋកិច្ចជាតិ តំបន់ និងសកល ស្របពេលដែលសម្ទុះឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា ទាំងវិស័យធនាគារ និងមិនមែនធនាគារ សម្រេចបានកំណើនខ្លាំងក្លា ជាមួយនឹងការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ ដូចជា Blockchain ឬ Distributed Ledger ជាដើម។ ឯកឧត្តម បានបន្តដែរថា «ស្ថាប័នហិរញ្ញវត្ថុណាដែលចាប់យក និងប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុបានលឿន និងមុនគេ ពិតជាអាចប្រែក្លាយវិបត្តិឱ្យទៅជាឱកាសថ្មីក្នុងការពង្រឹង និងពង្រីកសេវារបស់ខ្លួនកាន់តែខ្លាំង និងមានភាពធន់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ»។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងពីការចូលរួមយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្នុងការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានគូសរំលេចបន្ថែមលើចំណុចមួយចំនួន ដែលរួមបញ្ចូលទាំង បរិការណ៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងកម្ពុជានិងតំបន់អាស៊ាន វិស័យធនាគារនិងធានារ៉ាប់រងនៅកម្ពុជា និងការរៀបចំដាក់ដំណើរការនូវថ្នាលឌីជីថលគន្លឹះ Cambodian Distributed Ledger (CamDL) ជាដើម។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត បានផ្ដល់នូវការគិតគូរពិចារណាជាសកម្មភាពដល់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។

បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងសមាគមនានា សូមគិតគូរពិចារណាលើចំណុចពាក់ព័ន្ធសំខាន់ៗចំនួន ៣ គឺ (១) កសាងចលនាឧស្សាហកម្មហិរញ្ញវត្ថុជុំវិញបច្ចេកវិទ្យាដែលនាំទៅការផ្លាស់ប្ដូរអតិបរមា, (២) ជំរុញនវានុវត្តន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុ តាមរយៈការកសាងទីផ្សារមួយដែលសក្ដិសមនឹងនវានុវត្តន៍ទាំងនោះ, ព្រមទាំង (៣) កសាងគោលការណ៍សមភាពរវាងក្រុមហ៊ុនធំ និងធុរកិច្ចថ្មី ឬអាជីវកម្មធុនតូច។

ជាលទ្ធផល វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុបានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក៏ប្រមូលធាតុចូលល្អៗបន្ថែម ដែលអាចបន្តជាមូលដ្ឋានដល់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែ គ្រប់ជ្រុងជ្រោយស្របតាមបរិបទក្នុងប្រទេស៕




អត្ថបទបន្ទាប់


ថ្ងៃទី៣ នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

នាថ្ងៃទី៣នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ គឺមានបទបង្ហាញចំនួន២ សុន្ទរកថាគន្លឹះ១ និងកិច្ចពិភាក្…

អ្នកជំនាញរំពឹងខ្ពស់ចំពោះការនិយោគ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្រោយភាគីទាំងពីរពង្រីក ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ