ការនាំចេញស្រូវនៅកម្ពុជា​

ហេតអ្វីស្រូវនាំចេញកើនដល់ជិត២លានតោន? រដ្ឋមន្ត្រីកសិកម្មពន្យល់ពីរឿងនេះ


ការនាំចេញស្រូវរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម និងថៃ មានការកើនឡើងជាង ១០០% ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ នេះ ខណៈដែលការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិវិញបែរជាមានការដាំក្បាលចុះដល់ទៅជាង ៣០%។ ជុំវិញនឹងនាំចេញស្រូវកើនឡើងដ៏គំហុកនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា មូលហេតុចម្បង គឺដោយសារតែការបញ្ជាទិញស្រូវក្នុងស្រុកមានការធ្លាក់ចុះ គួបផ្សំនឹងទិន្នផលស្រូវឆ្នាំនេះកើនឡើងច្រើន។
កសិករក្នុងខេត្តបាត់ដំបងកំពុងច្រូតស្រូវ (រូបភាព៖ CRF)
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៅព្រឹកថ្ងៃទី១ ខែមេសា បានបញ្ជាក់​លើ​ទំព័រហ្វេ​សប៊ុកផ្លូវការ​របស់ឯកឧត្តមថា ការនាំចេញស្រូវ​របស់កម្ពុជា​ទៅវៀតណាម និងថៃនៅរយៈពេល​៣ខែដំបូង​នៃឆ្នាំ២០២១នេះ សម្រេច​បានជិត​២លាន​តោន បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២០ ដែលសម្រេច​បានតែជាង ៨៧ម៉ឺនតោន​ប៉ុណ្ណោះ។ ពោលគឺ​កើនឡើង​ដល់ទៅជាង១០០% ឯណោះ។

ការកើនឡើងនេះ ត្រូវបាន​ឯកឧត្តម វេង សាខុន ពន្យល់ថា ដោយសារការបញ្ជាទិញ​ស្រូវក្នុងស្រុក​មាន​ការថយ​ចុះ គួបផ្សំ​នឹងការបង្កបង្កើន​ផលស្រូវ​របស់​ប្រជាពលរដ្ឋ​នៅឆ្នាំនេះ កើនឡើងទាំងទិន្នផល​​និងទំហំ​ផ្ទៃដី។ ការកើនឡើងតម្រូវ​ការប្រើប្រាស់​ក្នុងស្រុក និងការលើកលែង​ពន្ធនាំចូល​របស់​ប្រទេស​នាំចូល​ស្រូវពីកម្ពុជា​ក៏​ជាកត្តា​រួមចំណែក​ធ្វើឲ្យការ​នាំចេញ​ស្រូវរបស់​កម្ពុជាមាន​ការ​កើនឡើង​ផងដែរ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រោះការបញ្ជា​ទិញ​ក្នុងស្រុក​មាន​ការថយចុះ​ទន្ទឹមនឹងការផលិតស្រូវ​ប្រាំង​របស់​កសិករ​នៅឆ្នាំនេះ មានការកើន​ឡើង​រហូត​ដល់ ៤១,៤៥% លើផែន​ការចំនួ​នជាង​៤៥ហិកតា រីឯទិន្នផល ក៏ទទួល​បានល្អ​ប្រសើរ​ផងដែរ គិតជាមធ្យម​ជាង ៤តោន​ក្នុង១ហិកតា ជាមួយនឹង​ផលស្រូវដែល​ទទួល​បានក្រោយ​ការស្តារ​ឡើងវិញ​ក្រោយ​ទឹកជំនន់​រដូវ​វស្សានា​ចុងឆ្នាំ២០២០»។

រដ្ឋមន្ត្រីក្រសួង​កសិកម្មកម្ពុជា បានកត់សម្គាល់​ឃើញថា ទន្ទឹមនឹង​ការផលិត​ស្រូវ​មាន​ការកើនឡើង​ តម្លៃស្រូវ​ឆ្នាំនេះ​ក៏មានភាព​ល្អប្រសើរ​ផងដែរ។  ជាក់ស្ដែងតម្លៃ​អង្ករ​ក្រអូប​លក់​ចេញចន្លោះ​ពី ៩០០រៀលទៅ ១.២០០រៀលក្នុង​១គីឡូក្រាម ដែលវា​អាស្រ័យ​ទៅតាម​​ខេត្តនីមួយៗ ខណៈ​ស្រូវ​ធម្មតា​លក់ចេញចន្លោះ​ពី ៨០០រៀល ទៅ៩០០រៀល​ក្នុង១គីឡូក្រាម។

ស្របពេលដែលស្រូវ​នាំចេញកើនឡើងខ្លាំង​ បើក្រឡេកទៅមើល​ការនាំចេញ​អង្ករ​របស់កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិវិញ​ឃើញថា នៅក្នុង​រយៈពេល​៣ខែដើម​ឆ្នាំ២០២១ ​សរុបមាន​ជាង ១៥ម៉ឺនតោន ធ្លាក់ចុះជាង ៣៣% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ការធ្លាក់ចុះ​ការនាំចេញ​អង្ករ​នេះ​ដែរ ត្រូវ​បានលោក លន់ យ៉េង អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគម​ភ័ស្តុភារកម្ម​កម្ពុជាអះអាងថា ដោយសារ​កម្ពុជា​កង្វះទូកុងតឺន័រ​សម្រាប់​វេចខ្ចប់អង្ករ ​ដើម្បីនាំចេញ គួបផ្សំ​នឹងតម្លៃ​ដឹកជញ្ជូន​នៅតែមាន​ការ​កើនឡើងខ្ពស់។

ទោះយ៉ាងណា លោកលន់ យ៉េង បាន​គូសបញ្ជាក់ថា ការនាំចេញ​អង្ករ​ធ្លាក់ចុះ មិនមែន​បណ្ដាល​មកពី​ការកើនឡើងខ្លាំង​នៃការនាំចេញ​ស្រូវនោះទេ ប៉ុន្ដែ​វាបណ្ដាល​មកពី​បញ្ហាធំ គឺការដឹកជញ្ជូន​ដែលកំពុងឡើងថ្លៃ និងកង្វះទូកុងតឺន័រនេះ​តែម្ដង។

មែនទែនទៅ មិនមែន​តែកម្ពុជា​ដែលមាន​ការនាំចេញអង្ករ​ធ្លាក់ចុះ នៅវៀតណាម​ក៏មាន​និន្នាការធ្លាក់ចុះដែរ ជាក់ស្ដែង​នៅ២ខែ​ដំបូង​នៃឆ្នាំ២០២១ វៀតណាម​នាំចេញអង្ករ​បាន​តែ​ប្រមាណ​៦០ម៉ឺនតោន​ប៉ុណ្ណោះ ធ្លាក់ចុះ​ដល់ទៅជាង​៣៤%។ នេះបើតាម​ទិន្នន័យពី​អគ្គនាយកដ្ឋានគយ​វៀតណាម។

ដោយឡែក​នៅក្នុងប្រទេសថៃវិញ បើតាម​សមាគម​អ្នកនាំចេញអង្ករថៃ បាន​ឲ្យដឹងថា នៅឆ្នាំ២០២១នេះ ថៃរំពឹង​នឹង​អាចនាំចេញអង្ករ​បាន​ដល់​៦លានតោន ហើយដើម្បីសម្រេចបាន​ការនាំចេញនេះបាន ថៃត្រូវការ​នាំចេញ​អង្ករ​ឲ្យបាន​ដល់​៥០ម៉ឺនតោន​ក្នុងមួយខែៗ ប៉ុន្ដែ​បើមើលទៅលើ​បរិមាណ​នាំចេញ​នៅក្នុងខែមករា និងខែកុម្ភៈកន្លងទៅនេះ​គឺមិនអាច​នាំចេញ​បានគ្រប់គ្រាន់​តាម​អ្វីដែល​បានដៅទុក​នោះទេ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរៀបចំឥណទានឡើងវិញកើនឡើងទ្វេដង ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ចាប់តាំងពីក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញមានការ…

កម្ពុជានាំចេញផលិតផលឧស្សាហកម្ម ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ថយចុះជាង៤០%

ព័ត៌មាន
ក្នុងស្ថានភាព ដែលកម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺសកលកូវីដ-១៩ ប្រតិបត្តិការរោងចក្រជាច្រើន ក៏ដូចជាការបង្កើតរោងចក្រថ្មីៗ បានជួប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ