ក្រុមហ៊ុនTesla បានពង្រីកតម្លៃទីផ្សារមូលធនរបស់ខ្លួនដល់ជាង ១ ទ្រីលានដុល្លារ កាលពីថ្ងៃទី ២៥ តុលា បន្ទាប់ពីទទួលបានការបញ្ជាទិញរថយន្ដដ៏ច្រើនបំផុតមិនធ្លាប់មានពីក្រុមហ៊ុនជួលរថយន្ត Hertz។ ការបញ្ជាទិញដ៏ធំនេះ ត្រូវបានគេចាត់ទុកថា ជាកិច្ចព្រមព្រៀងមួយដែលបានជំរុញមហិច្ឆតារបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ លោក អេឡុន ម៉ាស ដើម្បីឈានមុខគេក្នុងទីផ្សារឧស្សាហកម្មរថយន្តអគ្គិសនីក្នុងរយៈពេលជាងមួយទសវត្សរ៍ខាងមុខនេះ។
នៅដើមបសប្ដាហ៍នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងដល់ជិត ១៥% ឬស្មើស្មើនឹងជាង១ពាន់ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសីដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោក។ សូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អាឡុន ម៉ាស ក៏បានសម្តែងការភ្ញាក់ផ្អើលចំពោះល្បឿននៃការកើនឡើងដ៏គំហុកនេះផងដែរ។ ស្របពេលដែល ទីផ្សារភាគហ៊ុនរបស់ Tesla ហក់ឡើងដល់តម្លៃ ១ទ្រីលានដុល្លារអាមេរិក ទ្រព្យសម្បត្តិរបស់លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុននេះ ក៏បានកើនឡើង ៣៦ពាន់លានដុល្លារអាមេរិកបន្ថែមទៀតផងដែរ នាំឲ្យទ្រព្យសមត្តិសរុបរបស់កំពូលមហាសេដ្ឋីអាមេរិករូបនេះ កើនដល់ជាង ២៨៨ពាន់លានដុល្លារអាមេរិក ពោលគឺមានច្រើនជាងទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Exxon Mobile និង Nike ទៅទៀត។
ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងយ៉ាងគំហុកនេះ គឺបន្ទាប់ពីក្រុមហ៊ុនជួលរថយន្ត អាមេរិកដ៏ធំ គឺ ហឺតស៍ (Hertz) បានបញ្ជាទិញរថយន្ត Tesla ចំនួន ១០ ម៉ឺនគ្រឿង នៅចុងឆ្នាំ ២០២២ ដែលវានឹងគ្របដណ្តប់ទីផ្សាររថយន្តអគ្គិសនីដ៏ធំនាពេលខាងមុខ។ ក្នុងនោះ នាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុន Hertz គឺលោក Mark Fields បាននិយាយថា រថយន្តអគ្គិសនីឥឡូវនេះកំពុងពេញនិយម ហើយក្រុមហ៊ុនបានមើលឃើញពីការកើនឡើងនូវតម្រូវការ និងការចាប់អារម្មណ៍ជាសកលក្នុងការប្រើប្រាស់រថយន្តអគ្គិសនីនេះ។
សូមរំឭកថា ក្រុមហ៊ុន Hertz ទើបតែងើបចេញពីការក្ស័យធនកាលពីខែមិថុនា ដូចនេះហើយ ក្រុមហ៊ុននេះមិនបានបង្ហាញពីតម្លៃនៃការបញ្ជាទិញនោះទេ ប៉ុន្តែគេប៉ាន់ស្មានថា ការបញ្ជាទិញរថយន្ដពី Tesla ជ១០ម៉ឺនគ្រឿងនេះ អាចមានតម្លៃដល់ទៅ ៤ពាន់លានដុល្លារ។ ទន្ទឹមនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងសាងសង់បណ្តាញស្ថានីយសាកអាគុយរថយន្ដផ្ទាល់ខ្លួន ប្រមាណ ៣ ពាន់កន្លែងនៅក្នុង ៦៥ ទីតាំងនៅអាមេរិក នៅចុងឆ្នាំ ២០២២ និង ៤ ពាន់កន្លែងទៀត នៅចុងឆ្នាំ ២០២៣។ ក្នុងនោះ អ្នកជួលរថយន្តក៏អាចមានសិទ្ធិចូលប្រើបណ្តាញសាកថ្មរបស់ក្រុមហ៊ុន Tesla ដោយគិតថ្លៃផងដែរ។
សូមជម្រាបថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស បានកំណត់គោលដៅកំណើននៃការលក់ប្រចាំឆ្នាំឱ្យបាន ៥០% ជាមធ្យម ហើយនឹងឈានដល់ ២០ លានគ្រឿងក្នុងមួយឆ្នាំ។ ដូចនេះ តួលេខនេះ នឹងច្រើនជាងទ្វេរដងនៃបរិមាណការលក់បច្ចុប្បន្នរបស់ក្រុមហ៊ុនរថយន្ដម៉ាក Volkswagen AG និង Toyota ទៅទៀត៕
អត្ថបទ៖ ស៊ើង និមល់