វៀតណាមបន្ដរឹតបន្ដឹងលើការនាំចូលទំនិញពីប្រទេសជិតខាង

វៀតណាមបន្ដរឹតបន្ដឹងលើការនាំចូលទំនិញពីប្រទេសជិតខាង ដោយសារបារម្ភពីការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មី


ប្រទេសវៀតណាម កាន់តែបង្កើនការរឹតត្បិតលើការត្រួតពិនិត្យទំនិញចេញ-ចូល ព្រោះតែបារម្ភពីការឆ្លងកូវីដ-១៩ ខណៈប្រទេសនេះ បានរកឃើញនូវចំនួនអ្នកឆ្លងកូវីដ-១៩ ជាមធ្យមជាង ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ គិតចាប់តាំងពីចុងខែវិច្ឆិកាមកទល់ពេលនេះ។ ការផ្ទុះឡើងវិញនូវវីរុសកូវីដ-១៩ នៅប្រទេសវៀតណាម ពិសេសក្ដីបារម្ភពីវត្តមាននៃវីរុសបំប្លែងថ្មី អូមីក្រុង ក៏បានធ្វើឱ្យប្រទេសវៀតណាម កាន់តែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យតឹងរឹងជាងមុន លើការចរាចរណ៍ទំនិញ ជាមួយប្រទេសជិតខាងផងដែរ។
ក្រុមគ្រូពេទ្យវៀតណាមកំពុងរៀបចំសំណាកកូវីដ-១៩

តើការរឹតបន្ដឹងការនាំចូលទំនិញរបស់វៀតណាមនេះ វាមានជះឥទ្ធិពលកម្រិតណាដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា?

លោក ជា ចាន់ដារ៉ា ប្រធានសមាគមដឹកជញ្ជូនទំនិញ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ការផ្ទុះខ្លាំងនូវជំងីកូវីដ-១៩ ក្នុងប្រទេសវៀតណាម បានធ្វើឱ្យប្រទេសនេះបង្កើនការរឹតត្បិតលើការចរាចរណ៍ទំនិញចូលប្រទេសរបស់ខ្លួន ពិសេសទំនិញពី​ប្រទេសចិនតែម្ដង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  បើតាមលោក ជា ចាន់ដារ៉ា បច្ចុប្បន្ន ប្រទេស​វៀតណាម បានបង្កើនការរឹតបន្តឹងលើទំនិញចិន ចូលក្នុងប្រទេសរបស់ខ្លួនរហូតជាង៩០%ឯណោះ ដូច្នេះ ទើបធ្វើឱ្យរាល់ទំនិញរបស់ចិនចូលមកកម្ពុជា ដែលត្រូវឆ្លងកាត់ប្រទេសវៀតណាម ក៏មានភាពយឺតយ៉ាវខ្លះដែរ តែមិនបានបង្ករជាបញ្ហាធ្ងន់ធ្ងរដល់វិស័យ​ដឹកជញ្ជូន​ និងការផ្គត់ផ្គង់ទំនិញ​នៅកម្ពុជា នោះទេ គ្រាន់តែ​ចរាចរណ៍ទំនិញពីវៀតណាម​មក​កម្ពុជា​មានភាពយឺតយ៉ាវបន្ដិចបន្តិចតែប៉ុណ្ណោះ។

ចំពោះការដឹកជញ្ជូនទំនិញ រវាងកម្ពុជា-វៀតណាម ត្រូវបានប្រធានសមាគមដឹកជញ្ជូនទំនិញ លោក ចាន់ដារ៉ា គូសបញ្ជាក់ដូច្នេះ តាមពិតប្រទេសវៀតណាម បានរឹតបន្តឹងយូរមកហើយលើការដឹកជញ្ជូនទំនិញ ចាប់ពីមានការផ្ទុះនូវមេរោគកូវីដ-១៩ ម្លេះ ក៏ប៉ុន្តែ ក្រោយវត្តមានបំប្លែងថ្មី អូមីក្រុង វៀតណាម ក៏កាន់តែបង្កើនការត្រួតពិនិត្យ​ទំនិញ​បន្ថែមទៀត។

ដោយឡែក លោក សែ ឈុនទ្រី ប្រធានច្រកព្រំដែនអន្តរជាតិជ្រៃធំ ដែលជាច្រកព្រំដែនរវាងកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកណ្ដាល ឯណោះវិញ ក៏បានគូសបញ្ជាក់ដែរថា ការដឹកជញ្ជូនទំនិញរវាងកម្ពុជា និងវៀតណាម នៅតែដំណើរការធម្មតា គ្រាន់តែវៀតណាម បង្កើនការត្រួតពិនិត្យទំនិញ ព្រោះតែខ្លាចឆ្លងរាលដាល​នៃ​ជំងឺកូវីដ-១៩ ពិសេសវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង តែម្ដង។ ក៏ប៉ុន្តែ លោក សែ ឈុនទ្រី បានសង្កត់ធ្ងន់ថា នេះវាមិនមែនជាបញ្ហាធ្ងន់ធ្ងរ ហើយក៏មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះដែរ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម គឺជាទីផ្សារធំមួយសម្រាប់​ការ​នាំចេញរបស់កម្ពុជា ពិសេសបើទោះបីជា​មានការផ្ទុះនូវជំងឺកូវីដ-១៩រាតត្បាតក៏ដោយ ការនាំចេញផលិតផល​កសិកម្ម​ពីកម្ពុជា​ទៅវៀតណាម​នៅតែឡើងកាន់តែខ្លាំង។ តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរយៈពេល ១១ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម សរុបជាង៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក ដោយភាគច្រើនបាននាំចេញទៅកាន់ប្រទេសវៀតណាម៕
None



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ រកឃើញករណីចែកចាយសេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់នៅតាមតំបន់ក្បែរព្រំដែន

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ក្រសួងបានរកឃើញ មានករណីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សេវាទូរគមនាគមន…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថាវីរុសបំប្លែងថ្មី អូមីក្រុង នឹងមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាឡើយ

មេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោក បង្កើនការព្រួយបារម្ភព្រោះតែសមត្ថភាពនៃការចម្លងលឿនជាងមេរោគកូវីដ១៩ធម្មតា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ