ភាពធូរស្រាលនៃតម្លៃប្រេងសកល

តម្លៃប្រេងសកលធ្លាក់ចុះ កំពុងផ្តល់អុកស៊ីសែន និងសម្រាលបន្ទុកចំណាយលើប្រេងឥន្ធនៈនៅកម្ពុជា


ស្ថានភាពវិវត្តចុងក្រោយនៅច្រកសមុទ្រយុទ្ធសាស្ត្រហ័រម៉ូសកំពុងបង្ហាញសញ្ញាវិជ្ជមានថា សរសៃឈាមសេដ្ឋកិច្ច និងលំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ឆ្ពោះទៅកាន់ទីផ្សារសកលលោកបានចាប់ផ្តើមធូរស្រាលឡើងវិញហើយ ដែលធ្វើឱ្យសួត នៃទីផ្សារប្រេងពិភពលោកបានដកដង្ហើមស្រួលជាងមុន។
ភាពធូរស្រាលនៃតម្លៃប្រេងសកល
ដោយ

នេះគឺជាដំណឹងល្អ និងជាក្តីសង្ឃឹមថ្មីមួយសម្រាប់ពិភពលោក ក៏ដូចជាកម្ពុជា ដែលជាប្រទេសនាំចូលប្រេងសម្រេចទាំងស្រុង ព្រោះបើតម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះ វានឹងកាត់បន្ថយសម្ពាធអតិផរណា និងរុញច្រានឱ្យតម្លៃប្រេងលក់រាយនៅក្នុងស្រុកធ្លាក់ចុះទៅតាមនោះដែរ ទោះបីជាយន្តការទីផ្សារនៅកម្ពុជាតែងតែមានភាពយឺតយ៉ាវបន្តិចក្នុងការបញ្ចុះតម្លៃក៏ដោយ។

សារព័ត៌មាន CNBC បានរាយការណ៍ថា ទោះបីជាទីក្រុងតេអេរ៉ង់ ព្យាយាមបង្ហាញសាច់ដុំយោធានៅច្រកសមុទ្រហ័រម៉ូស ក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់រយៈពេល៦០ថ្ងៃជាមួយសហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ ក៏ចរន្តនៃការធ្វើដំណើររបស់នាវាដឹកប្រេង ដែលធ្លាប់តែជាប់គាំងពីមុនមកបានចាប់ផ្តើមចាកចេញជាបន្តបន្ទាប់យ៉ាងរលូន។ បើយោងតាមទិន្នន័យរបស់ ក្រុមហ៊ុនតាមដានពាណិជ្ជកម្មកម្រិតសកល Kpler កប៉ាល់ដឹកប្រេងធំៗជាង២០គ្រឿង ដែលផ្ទុកប្រេងឆៅរហូតដល់ទៅជាង៣៥លានបារ៉ែលបានចាកចេញពីច្រកសមុទ្រហ័រម៉ូសហើយ ក្រោយការចុះកិច្ចព្រមព្រៀងឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់។ គេរំពឹងថា កប៉ាល់ដឹកប្រេងទាំងនេះនឹងមកដល់ដែនទឹកអាស៊ីនៅដើមខែសីហា ខាងមុខនេះ។

ភាពធូរស្រាលនៅតំបន់មជ្ឈិមបូព៌ានេះបានធ្វើឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកដាំក្បាលចុះភ្លាមៗនៅថ្ងៃព្រហស្បតិ៍​ នេះ ដោយប្រេងឆៅនៅលើទីផ្សារតិចសាសរបស់អាម៉េរិកបានធ្លាក់ចុះជាង១,៦% មកនៅត្រឹមប្រមាណ៦៩ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅនៅទីផ្សារអង់គ្លេសបានធ្លាក់ចុះជាង១,៧% មកនៅត្រឹមក្រោម៧៣ដុល្លារក្នុងមួយបារ៉ែល។

ជាមួយគ្នានេះធនាគារលំដាប់ពិភពលោក Citi បានវិភាគថា វិបត្តិថាមពលសកលលោកដែលបានអង្រួនចិត្តវិនិយោគិនតាំងពីចុងខែកុម្ភៈ មកនោះ នឹងចាប់ផ្តើមស្ងប់ស្ងាត់មួយរយៈ។ ធនាគារដដែលនេះបានព្យាករថា តម្លៃប្រេងឆៅប្រភេទ Brent អាចនឹងបន្តធ្លាក់ចុះមកនៅត្រឹមចន្លោះពី៦០ទៅ៦៥ដុល្លារក្នុងមួយបារ៉ែល នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៦ នេះ។

ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយនៅមិនទាន់មានភាពធូរស្បើយទាំងស្រុងនៅឡើយទេ។ អ៊ីរ៉ង់ទោះបីជាមិនបិទច្រកសមុទ្រនេះជាថ្មី ប៉ុន្តែបានព្រមាន និងព្យាយាមបង្ហាញឥទ្ធិពលគំរាមកំហែងថា រាល់ការបង្កើតច្រករបៀងដឹកជញ្ជូនថ្មីណាមួយនៅហ័រម៉ូស ដោយគ្មានការសម្របសម្រួលជាមួយអ៊ីរ៉ង់ គឺមិនអាចទទួលយកបាន និងអាចបង្កជាគ្រោះថ្នាក់។ ការគំរាមនេះកើតឡើងក្រោយពេលដែលកប៉ាល់ដឹកប្រេងត្រូវបានណែនាំឱ្យងាកទៅប្រើប្រាស់ច្រករបៀងថ្មីមួយក្បែរប្រទេសអូម៉ង់ ដើម្បីគេចចេញពីច្រកចាស់ ដែលពោរពេញទៅដោយគ្រាប់មីនក្រោមបាតសមុទ្រ។

ប៉ុន្តែទោះជាអ៊ីរ៉ង់ចេញមុខមកឡាំប៉ាយ៉ាងណាក៏ដោយ អ្នកវិភាគ បានអះអាងដូចៗគ្នាថា ទីក្រុងតេអេរ៉ង់លែងមានឥទ្ធិពល ឬអំណាចក្នុងការបិទច្រកសមុទ្រនេះទាំងស្រុងដូចមុនទៀតហើយ ពីព្រោះសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ខ្លួនឯង ក៏កំពុងរងគ្រោះ និងត្រូវការបើកច្រកនេះឡើងវិញ ដើម្បីបង្ហូរប្រេងដូរយកលុយមកស្តារ និងស្រោចស្រង់ប្រទេសឡើងវិញដូចគ្នា។

ត្រឡប់មកមើលកម្ពុជា​ឯណេះវិញ ភាពធូរស្រាលនៃតម្លៃប្រេងនៅលើទិផ្សារសកល វាក៏បានជួយបន្ធូរបន្ថយសម្ពាធតម្លៃប្រេងនៅកម្ពុជាផងដែរ ដោយបច្ចុប្បន្នតម្លៃប្រេងលក់រាយនៅតាមស្ថានីយភាគច្រើនក្នុងស្រុកសម្រាប់សាំងធម្មតាមានតម្លៃ៤,៣៥០រៀល ខណៈប្រេងម៉ាស៊ូត៤,២៥០រៀលក្នុង១លីត្រ។ ទោះបីជាការកែសម្រួលតម្លៃលក់រាយនៅក្នុងស្រុកហាក់ដើរយឺតជាងទីផ្សារអន្តរជាតិបន្តិច ដោយសារយន្តការគណនាតម្លៃមធ្យមភាគដែលធ្វើឡើងរៀងរាល់១០ថ្ងៃម្តងក៏ដោយ ប៉ុន្តែការធ្លាក់ចុះ នៃតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកនៅពេលនេះ វានឹងជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរស់រវើកឡើងវិញជាក់ជាមិនខាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនបង្កើនសកម្មភាពល្បាតនៅក្បែរកោះតៃវ៉ាន់ធ្វើឱ្យភាពតានតឹងនៅតំបន់នោះឡើងកម្តៅជាថ្មី

សញ្ញាគ្រោះថ្នាក់ថ្មីមួយកំពុងលេចឡើងគួរឱ្យព្រួយបារម្ភនៅជុំវិញកោះតៃវ៉ាន់ ក្រោយចិនបានបង្កើនសកម្មភាពយោធាល្បាតក្នុងសមុទ្រ នៅឆ្នេរភាគខាងកើត នៃកោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ