ផលិតផល​ទឹកដោះគោ​ស្រស់​នៅកម្ពុជា​កំពុង​មានតម្រូវការ

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ តម្លៃ១០លានដុល្លារ នៅខេត្តតាកែវ ត្រូវបាន CDC អនុម័ត


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC កាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ ដែលមានតម្លៃវិនិយោគប្រមាណ ១០ លានដុល្លារអាមេរិក។ គម្រោងនេះ ត្រូវបានអ្នកជំនាញមើលឃើញថា គឺធ្វើឡើងស្របទៅតាមតម្រូវការទីផ្សារទឹកដោះគោស្រស់នៅកម្ពុជានាពេលបច្ចុប្បន្នកំពុងមានសន្ទុះកើនឡើង។
កសិដ្ឋាន​គោទឹកដោះ Momo
ដោយ

បើតាម ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ យកទឹកដោះ និងរោងចក្រ​កែច្នៃ ដែល​ត្រូវបាន​អនុម័តនេះ គឺជារបស់​ KHMER FRESH MILK CO.,LTD. ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅភូមិ​ឧកាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុន​វិនិយោគ ១០លានដុល្លារអាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ៣៧កន្លែង។

ខេមបូណូមីស នៅមិនទាន់​អាច​ទំនាក់​ទំនង​ជាមួយនឹង ​អ្នកគ្រប់គ្រង​កសិដ្ឋាន​នេះ​បាននៅ​ឡើយទេ។

លោក បណ្ឌិត សំ ហេង អគ្គនាយក​ក្រុមហ៊ុន​នាំចូល​ម្សៅ​ទឹកដោះគោ​កូនក្មេង Hero Baby ពីប្រទេស​ស្វីស បាន​ប្រាប់​ខេមបូណូមីសថា ក្នុងនាម​លោក​ជា​ពាណិជ្ជករ​រកស៊ី​ក្នុង​វិស័យ​នេះ លោកពិត​ជា​រីករាយ និងស្វាគមន៍​ចំពោះ​វត្តមាន​របស់​កសិដ្ឋាន​ចិញ្ចឹម​គោយកទឹកដោះ និង​រោងចក្រ​កែច្នៃ​ដែលមាន​បច្ចេកទេស​ខ្ពស់​នៅកម្ពុជា។ លោកបន្ថែមថា បច្ចុប្បន្ន ទីផ្សារ​ទឹកដោះគោស្រស់​កំពុង​មានតម្រូវការ​ច្រើន​គួរឲ្យកត់​សម្គាល់ ហើយកម្ពុជា​ក៏ត្រូវការ​ផលិតផលនេះ កាន់តែច្រើន​ថែមទៀត ព្រោះវា​ជាប្រភេទ​អាហារ​មួយ​ជួយ​បំប៉ន​សុខភាព​មនុស្ស ពិសេស គឺការលូតលាស់​ឆ្អឹងរឹងមាំតែម្ដង។ 

បច្ចុប្បន្ន ការចិញ្ចឹមគោ​យកទឹកដោះ ក៏មាន​កសិដ្ឋាន​មួយកន្លែង​នៅកម្ពុជា​កំពុង​ប្រតិបត្តិការអាជីវកម្ម​របស់ខ្លួន ដែលមានសត្វគោ​ប្រមាណ ២០០ ក្បាល និងគ្រោងពង្រីកការ​ចិញ្ចឹម​រហូតដល់ ជាង ១ពាន់​ក្បាល​នៅពេលអនាគត។ មានចំងាយ​​ប្រមាណ​​ជិត៤​គីឡូម៉ែត​ពីរាជធានីភ្នំពេញ ដោយត្រូវធ្វើ​ឆ្លងកាត់​កំពង់​ចម្លង​ភ្នំពេញ-អរិយក្សត្រ កសិដ្ឋាន​ផលិត​ទឹកដោះគោ​ស្រស់​ម៉ូម៉ូហ្វាម (MOMO FARM) មានទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អរិយក្សត្រ ឃុំអរិយក្សត្រ​ ស្រុកល្វាឯម ខេត្តកណ្តាល។ កសិដ្ឋាននេះ បាន​បង្កើតឡើង​៣ឆ្នាំមកហើយ ដោយចាប់ផ្ដើមឡើង​ជាមួយការចិញ្ចឹម​សត្វគោទឹកដោះ​ចំនួន តែ១០ក្បាល ប៉ុណ្ណោះ។ 

លោក បណ្ឌិត សំ ហេង អគ្គនាយកក្រុមហ៊ុននាំចូលម្សៅទឹកដោះគោកូនក្មេង Hero Baby ពីប្រទេសស្វីស

លោកបណ្ឌិត សំ ហេង បាន​គូសបញ្ជាក់ថា ជាទូទៅ​ផលិត​ទឹកដោះ​គោស្រស់ គឺពុំសូវជា​ទាមទារ​បច្ចេកទេស​ខ្ពស់ ដូចការ​ផលិត​ម្សៅទឹកដោះគោ​សម្រាប់​កូនក្មេង​នោះទេ ពោលគឺ ការផលិត​ទឹកដោះគោ​ស្រស់ គឺគ្រាន់តែ​យកទឹកដោះ​ចេញ​ពីសត្វគោ​រួចយកមក​សម្លាប់មេរោគ និងមានការឆ្លង​កាត់​ការត្រួតពិនិត្យ​គុណភាព និងអនាម័យ​ពីក្រសួង​សុខាភិបាល​ត្រឹមត្រូវ គឺអាច​លក់បាន​នៅលើទីផ្សារ​ហើយ។

បើនិយាយពី ទីផ្សារ​ទឹកដោះគោ គេសង្កេតឃើញថា ម្យៅទឹកដោះគោ កូនក្មេង គឺមាន​ទីផ្សារធំជាង​ទឹកដោះគោ​ស្រស់​ទៅទៀត ខណៈដែល​ផលិតផលនេះ គឺ​ត្រូវបាននាំចូល​ទាំងស្រុង​ពីក្រៅប្រទេស។ 

តើវត្តមានកសិដ្ឋាន​ចិញ្ចឹមគោ​យកទឹកដោះ និងរោងចក្រ​កែច្នៃ នឹងអាច​ជំរុញឲ្យមានការ​វិនិយោគ​រោងចក្រ​កែច្នៃ ម្សៅទឹកដោះគោ​កូនក្មេងដែរ ឬទេ?

ឆ្លើយតបទៅ​នឹងសំណួរ​ខាងលើ លោកបណ្ឌិត សំ ហេង បានលើកឡើងថា ជាទូទៅ ការផលិត​ម្សៅទឹកដោះគោ​កូនក្មេង គឺទាមទារ​នូវ​ស្ដង់ដារគុណភាព​ខ្ពស់បំផុត ហើយសូម្បី​តែប្រទេស​ជឿន​លឿន​មួយចំនួន​នៅមិនទាន់​អាច​ផលិត​ម្យៅទឹកដោះគោ​កូនក្មេង​បាន​ដោយខ្លួនឯង​នៅឡើយទេ។ លោកបណ្ឌិត សំ ហេង​បាន​ឲ្យដឹងទៀតថា សូម្បីតែប្រទេស​ចិន ដែលអាច​ផលិតបាន​រហូតដល់​យន្ដហោះ និងបច្ចេកវិទ្យា​ជឿនលឿន​ក៏នៅតែមិនអាច​ផលិតម្សៅទឹកដោះគោ​សម្រាប់​កូនក្មេង​នេះបាន​នៅឡើយទេ ពោលគឺចិន បាន​នាំចូល​ម្សៅទឹកដោះគោ​យ៉ាងច្រើន​ពីបរទេស។ ដូច្នេះ ចម្លើយ​សម្រាប់​សំណួរខាងលើនេះ លោកបណ្ឌិត សំ ហេង បញ្ជាក់ថា កម្ពុជា​អាចនឹងត្រូវការ​ពេលវេលា​យូរទៀត ទើបអាច​គិតដល់​ការផលិត​ម្សៅទឹកដោះ​ដោយខ្លួនឯងបាន ដើម្បីជំនួស​ឲ្យការនាំចូលពីបរទេស។ 

ប្លង់ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹកដោះ និងរោងចក្រ​កែច្នៃ នៅខេត្ត​តាកែវ (រូបភាព៖ ហ្វេកប៊ុក CDC)

អ្នកជំនាញ​រូបនេះ បាន​ពន្យល់ថា ម្យៅទឹកដោះគោ​កូនក្មេង មិនមែន​ផលិតចេញ​ពីទឹកដោះគោ​តែមួយមុខនោះទេ វាត្រូវការ​បន្ថែម​នូវធាតុផ្សំ​ជាច្រើន ដូចជា វីតាមីន​រាប់សិបមុខ និងជាតិរ៉ែជាដើម ដើម្បីឲ្យវា​មានគុណភាព​ និងរសជាតិ​ ដូច ឬប្រហាក់​ប្រហែល​នឹងទឹក​ដោះម្ដាយ។ ដូច្នេះ កាលណា ការផលិត​មិនមាន​រូបមន្ដ​ និងស្ដង់ដារ​បច្ចេកទេស​​ច្បាស់លាស់ ម្សៅទឹកដោះគោនោះ អាចនឹង​ធ្វើឲ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ក្មេង។ ដូចជាបញ្ហា​តម្រង់នោម និងក្រលៀនជាដើម។

លោក បណ្ឌិត សំ ហេង បាន​គូសបញ្ជាក់​ទៀតថា ដ្បិតតែ​មានប្រទេស​ជាច្រើន​មិនអាច​ផលិត​ម្សៅទឹកដោះគោ​កូនក្មេង​បាន​ដោយខ្លួនឯង​ក៏ដោយ ប៉ុន្ដែ ពួកគេ​អាច​នាំយក​ម្សៅទឹកដោះគោ​ដែលលាយ​ស្រាប់ ពីប្រទេសបារាំង ញ៉ូស័រឡែន ស្វីស អូស្ត្រាលី និងសហរដ្ឋអាមេរិក​ជាដើម យកមកវេចខ្ចប់​ធ្វើជាម៉ាក​របស់ខ្លួនឯង ដើម្បីលក់ក្នុងស្រុក និងនាំចេញ តួយ៉ាង នៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី​ជាដើម៕ 

None



អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី៖ ចាប់​ពី​ថ្ងៃ​នេះ​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចុះ​ចាប់​ត្រង់ៗ​ក្នុង​ការ​វះកាត់​មន្រ្តី​អាក្រក់

នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី២៩ ខែ​កក្កដា ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​​នៅ…

Huawei ប្រកាសក្ដែងៗថា ការលក់នៅឆមាសទី១នេះ នៅតែកើនខ្ពស់ ទោះបីអាមេរិកធ្វើទុក្ខបុកម្នេញក៏ដោយ

ពីទីក្រុងស៊ិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានប្រកាសក្ដែងៗថា ការលក់របស់ខ្លួននៅឆមាសទី១ ឆ្នាំ២០១៩នេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ