ប្រជាជនឥណ្ឌូនេស៊ី ប្រមាណ១៣៧លាននាក់ ឫស្មើនឹងជិត២ភាគ៣ នៃចំនួនប្រជាជនដែលមានអាយុលើសពី១៥ឆ្នាំ កំពុងជាប់អន្ទាក់បំណុលតាមប្រព័ន្ធអនឡាញ ដែលមានទំហំដ៏ច្រើនរហូតដល់ជាង៤ពាន់លានដុល្លារ។ អាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានអះអាងថា ចំនួនពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងរស់ក្នុងអន្ទាក់បំណុលអនឡាញនេះ មានការកើនឡើងខ្លាំងមែនទែនបើធៀបនឹងឆ្នាំ២០១៩។ ស្ថាប័ននេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ចំនួនពលរដ្ឋដែលប្រើប្រាស់កម្ចីតាមអនឡាញមានត្រឹមជិត១៩លាននាក់ប៉ុណ្ណោះជាមួយទំហំបំណុលជាង៨២៧លានដុល្លារ។
លោក អ៊ីហ្សូឌីន អាល ហ្វារ៉ាស (Izzudin Al Farras) អ្នកស្រាវជ្រាវសេដ្ឋកិច្ចឌីជីថលនៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចបាននិយាយថា ការកើនឡើងបំណុលតាមប្រព័ន្ធអនឡាញយ៉ាងខ្លាំងនេះបានកើតឡើងក្នុងអំឡុងពេលដែលមនុស្សជាច្រើន ជាពិសេសនៅក្នុងវណ្ណៈកណ្តាលបានតស៊ូនឹងការធ្លាក់ចុះសេដ្ឋកិច្ចក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។
មកទល់ពេលនេះចំនួនកម្ចីតាមប្រព័ន្ធអនឡាញមានកើនឡើងខ្លាំងនៅកោះជ្វា ដែលជាកោះមានប្រជាជនរស់នៅច្រើនបំផុត។ ស្ថិតិបំណុលសរុបនៅលើកោះនេះមានរហូតដល់ទៅ៨០%ឯណោះ នៅក្នុងចំណោមពលរដ្ឋទាំងអស់នៅលើកោះ៕
ដោយៈ សរ សុជាតិ