ជុំវិញបញ្ហារ៉ាំរ៉ៃនេះ ក្រុមអ្នកជំនាញសង្គម និងអភិបាលកិច្ចល្អ បានជំរុញឱ្យមានការកែទម្រង់ និងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានឱ្យបានស៊ីជម្រៅ តាមរយៈការជំរុញសេវាច្រកចេញចូលតែមួយ និងលើកកម្ពស់ការទទួលខុសត្រូវរបស់មន្ត្រី ដើម្បីជួយសម្រាលបន្ទុកពលរដ្ឋពីការខាតបង់ពេលវេលា និងថវិកា។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានលើកឡើងថា បញ្ហាសរសេរព័ត៌មានពលរដ្ឋខុសនៅក្នុងឯកសារផ្លូវការដូចជាសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណជាដើម គឺជាបញ្ហាដ៏រាំរ៉ៃដែលបានកើតឡើងជាយូរមកហើយ ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ។ ទោះបីជាលោកយល់ថា ការផ្ទៀងផ្ទាត់ព័ត៌មានទាមទារការចូលរួមពីទាំងសងខាងទាំងអាជ្ញាធរ និងពលរដ្ឋក៏ដោយ ប៉ុន្តែការផ្តល់សេវាត្រឹមត្រូវ គឺជាទំនួលខុសត្រូវស្នូលរបស់អាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់អ្នកជំនាញរូបនេះមានតែការងាកប្រើប្រាស់ប្រព័ន្ធឌីជីថលនោះទេ ទើបអាចលុបបំបាត់កំហុងឆ្គងដ៏រ៉ាំរ៉ៃនេះបាន។
ជាមួយគ្នានេះ លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អ កត់សម្គាល់ឃើញថា ដំណើរការផ្តល់សេវាសាធារណៈនៅកម្ពុជា នៅតែមានភាពស្មុគស្មាញ ដែលអាចបង្កការរំខានដល់ការបំពេញការងារ និងកិច្ចការផ្សេងៗរបស់ប្រជាពលរដ្ឋ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនជាកំហុសរបស់អាជ្ញាធរតែមួយភាគីនោះទេ ពោលគឺប្រជាពលរដ្ឋក៏គួរចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់ មុននឹងទទួលយកឯកសារផ្លូវការផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋាភិបាលគួរពង្រឹង និងពង្រីកសេវាច្រកចេញចូលតែមួយឱ្យបានទូលំទូលាយ និងមានទីតាំងកាន់តែច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងពន្លឿននីតិវិធីផ្តល់សេវាឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយពេលវេលា និងថវិកា។
ដោយឡែក លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា អាជ្ញាធរបច្ចេកទេសជាអ្នកមានការទទួលខុសត្រូវចម្បងចំពោះភាពត្រឹមត្រូវ នៃការកត់ត្រា និងការរៀបចំឯកសារផ្លូវការជូនប្រជាពលរដ្ឋ ព្រោះការចេញឯកសារទាំងនេះជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច។ លោកបានបញ្ជាក់ថា ការកត់ត្រាឈ្មោះ និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទាមទារឱ្យមន្ត្រីពាក់ព័ន្ធមានការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋត្រូវចំណាយពេលវេលា និងថវិកាបន្ថែម ដើម្បីកែតម្រូវឯកសារឡើងវិញ។ អ្នកជំនាញរូបនេះកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរមួយចំនួននៅមានកម្រិតនៃការយល់ដឹងអំពីការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានក្នុងឯកសារផ្លូវការ ដូច្នេះលោកយល់ថា អ្នកផ្តល់សេវាសាធារណៈត្រូវមានការទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់លើភាពត្រឹមត្រូវនៃឯកសារ ដែលខ្លួនបានចេញជូនប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា កំហុសទិន្នន័យក្នុងឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋមួយចំនួន មានប្រភពពីការចុះបញ្ជីអត្រានុកូលដ្ឋានដោយដៃតាំងពីឆ្នាំ២០០២ ជាពិសេសក្នុងយុទ្ធនាការចុះបញ្ជីចល័តឆ្នាំ២០០៤-២០០៦ ជាក់ស្ដែងការអង្កេតក្នុងឆ្នាំ២០១៤ ក៏បានរកឃើញថា មានឯកសារអត្តសញ្ញាណប្រមាណ១/៣ មានទិន្នន័យមិនស៊ីគ្នា។ ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៅទូទាំងរាជធានីភ្នំពេញនៅដើមឆ្នាំ២០២៧ និងពង្រីកទៅគ្រប់ខេត្តនៅឆមាសទី២ ឆ្នាំ២០២៧ ដើម្បីធ្វើឱ្យសេវាផ្តល់ឯកសារអត្តសញ្ញាណកាន់តែងាយស្រួល និងឆាប់រហ័ស។ ទន្ទឹមនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពាវនាវឱ្យប្រជាពលរដ្ឋពិនិត្យ និងផ្ទៀងផ្ទាត់ឯកសាររបស់ខ្លួនជាមុន ហើយប្រសិនបើរកឃើញកំហុសឆ្គងអាចដាក់ពាក្យស្នើសុំកែតម្រូវនៅរដ្ឋបាលឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ ឬនាយកដ្ឋានអត្រានុកូលដ្ឋាន៕
អត្ថបទ ៖ ជា ម៉ារ៉ា