វិស័យសេដ្ឋកិច្ច

IMF ព្យាករ​ថា ប្រាក់ចំណូលពលរដ្ឋម្នាក់ៗនៅវៀតណាមនឹងកើនដល់ជាង៥,២០០ដុល្លារ ដែលអាចវ៉ាដាច់ឥណ្ឌូនេស៊ី នៅឆ្នាំនេះ


វៀតណាម កំពុងខិតជិតដល់ការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រហើយ ដោយមូលនិធិរួបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា វៀតណាមនឹងវ៉ាដាច់ឥណ្ឌូនេស៊ី ជាលើកដំបូង ក្នុងប្រាក់ចំណូលពលរដ្ឋម្នាក់ៗ ឬ GDP Per Capita នៅឆ្នាំ២០២៦ នេះ។ ការនាំចេញកើនឡើង ការវិនិយោគ​ផ្ទាល់ពីបរទេសហូរចូល និងការរីកចម្រើននៃឧស្សាហកម្មបច្ចេកវិទ្យាកម្រិងខ្ពស់ កំពុងជួយរុញច្រានសេដ្ឋកិច្ចវៀតណាម ឱ្យកាន់តែខ្លាំងក្លានៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia នៅថ្ងៃទី៣០ ខែតុលា នេះ។
IMF_ព្យាករថា_ប្រាក់ចំណូលពលរដ្ឋម្នាក់ៗ
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា ប្រាក់ចំណូលពលរដ្ឋម្នាក់ៗនៅ​ប្រទេសវៀតណាមនឹងកើនដល់៥,២៥៩ដុល្លារអាម៉េរិក នៅឆ្នាំ២០២៦ កើនឡើងជិត៩% បើធៀបឆ្នាំមុន និងខ្ពស់ជាងឥណ្ឌូនេស៊ី ដែលត្រូវបានព្យាករថា មានត្រឹម៥,១៥៣ដុល្លារ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ប្រាក់ចំណូលពលរដ្ឋម្នាក់ៗនៅវៀតណាម បាន​កើនឡើងជិតទ្វេដង ដែលធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី៥ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន។

កំណើននេះត្រូវបានជំរុញដោយការវិនិយោគ​ផ្ទាល់ពីបរទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកវិស័យផលិតកម្ម។ ជាក់ស្តែងនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦ ការវិនិយោគផ្ទាល់ពីបរទេសមានចំនួនជាង២១ពាន់លានដុល្លារ កើនឡើង១២% ខណៈការនាំចេញកើនឡើង២៥% ដល់ ជាង៤៣៤ពាន់លានដុល្លារ។ ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ជាដើម ក៏កំពុងពង្រីកខ្សែច្រវាក់ផលិតកម្មនៅវៀតណាមដែរ ជាពិសេសក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាខ្ពស់។

ចំណែកឯឥណ្ឌូនេស៊ីវិញ សេដ្ឋកិច្ចសម្រេចបានកំណើនប្រមាណ៥% ប៉ុណ្ណោះ ហើយការធ្លាក់ថ្លៃប្រាក់រូពី ក៏បានប៉ះពាល់ដល់កំណើនផលិត​ផលក្នុងស្រុកសរុបផងដែរ។ សូមបញ្ជាក់​ថា វៀតណាម មានមហិច្ឆតាបង្កើនប្រាក់ចំណូលពលរដ្ឋម្នាក់ៗឱ្យ​ឈាន​ដល់៨,៥០០ដុល្លារនៅឆ្នាំ២០៣០។ ប៉ុន្តែអ្នកជំនាញព្រមានថា ដើម្បីសម្រេចគោលដៅនេះ វៀតណាម ត្រូវបន្តវិនិយោគលើវិស័យអប់រំ ការបណ្តុះបណ្តាលជំនាញកម្លាំងពលកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យា គឺមិនមែនពឹងផ្អែកតែលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ៕




អត្ថបទបន្ទាប់


តម្លៃដំឡូងមីស្រស់ស្ទុះងើបឡើងវិញខ្លាំងនៅដើមរដូវនេះ តើមានកត្តាអ្វីនៅពីក្រោយ?

តម្លៃដំឡូងមីស្រស់នៅកម្ពុជា ដែលធ្លាប់តែដាំក្បាលចុះហៅស្ទើរមិនលឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានរើបឡើងវិញគួរឱ្យកត់សម្គាល់នៅដើមរដូវប្រមូលផលឆ្នា…

អាម៉េរិក បោះទុន៦០០លានដុល្លារបង្កើតរោងចក្រចម្រាញ់រ៉ែកម្រនៅម៉ាឡេស៊ី ដើម្បីវាយបំបាក់ការក្តោប​ក្តាប់ទីផ្សាររបស់ចិន

ខណៈដែលពិភពលោក កំពុងពឹងផ្អែកយ៉ាងខ្លាំងលើចិន ក្នុងការផ្គត់ផ្គង់រ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ នៃឧស្សាហកម្មបច្ចេកវិទ្យាជឿនលឿន និងយោធា ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ